យោងតាមការចេញផ្សាយដោយក្រសួងធនធាតុទឹក និងឧតុនិយម បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ កម្ពុជាបានទទួលនូវព័ត៌មានបឋមពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ជម្រាបមកប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ អំពីឧបទ្ទហេតុនៃការលេចធ្លាយអាស៊ីដស៊ុលផួរិចូលក្នុងស្ទឹងណា ខាន់ (Nam Khan River) ស្ថិតនៅក្នុងក្រុងហ្លួងប្រាបាង នៃខេត្តហ្លួងប្រាបាង ប្រទេសឡាវ។
តាមការជូនដំណឹងពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សារធាតុគីមីដែលកំពប់នោះ គឺអាស៊ីដស៊ុលផួរិច ដែលមានបរិមាណសរុបប្រហែល ៣០តោន តហូរចូលក្នុងទឹកមិនទាំងអស់ទេ។ ករណីនេះ នាយកដ្ឋានបរិស្ថានឡាវ បាន សហការជាមួយការិយាល័យក្រុងហ្លួងប្រាបាង អនុវត្តវិធានការត្រួតពិនិត្យដើម្បីឆ្លើយតបទៅនឹងស្ថានភាពខាងលើនេះ។
ដោយសារការចាត់វិធានការរបស់អាជ្ញាធរ និងផ្នែកជំនាញពាក់ព័ន្ធរបស់ឡាវ និងដោយផ្អែកលើលទ្ធផលនៃការចុះ ពិនិត្យអង្កេតជាក់ស្តែងដោយលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងស្ថាប័នជំនាញពាក់ព័ន្ធរបស់ឡាវ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បង្ហាញថា ពុំមានផលប៉ះពាល់ដល់គុណភាពនៃស្ទឹងណាម ខាន់ និងទន្លេមេគង្គ ដែលបង្កឡើងដោយឧបទ្ទហេតុ នៃការក្រឡាប់រថយន្តដឹកសារធាតុគីមីនោះទេ។ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បាននិងកំពុងសហការជាមួយ ភាគីពាក់ព័ន្ធ ដើម្បីពិនិត្យតាមដានវាយតម្លៃជាបន្ត ដើម្បីធានាដល់កិច្ចការពារបរិស្ថាន និងសុខភាពសាធារណៈរបស់។
ករណីនេះគឺបណ្តាលមកពីឧបទ្ទហេតុនៃការក្រឡាប់ រថយន្តដឹកសារធាតុគីមី នៅភូមិភូសាងខាំ ក្នុងខេត្តហ្លួងប្រាបាង កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ ស្ទឹងណាម ខាន់ ជាដ ទន្លេមេគង្គ ហូរចាក់ចូលទន្លេមេគង្គ ត្រង់ចំណុចទីក្រុងហ្លួងប្រាបាង ហើយមានចម្ងាយពីព្រំប្រទល់កម្ពុជា-ឡាវ ដល់ទីនោះ ប្រមាណ ១ ៣៧០គម ខាងលើក្រុងប៉ាក់សេ ប្រមាណ ១ ២២០គម និងខាងលើរដ្ឋធានីវៀងចន្ទន៍ ប្រមាណ ៥០០គម។ នៅ ខាងក្រោមទីក្រុងហ្លួងប្រាបាង ចម្ងាយប្រមាណ ១២០គម មានទំនប់វារីអគ្គិសនី សាយ៉ាបូរី នៅលើដងទន្លេមេគង្គ។
គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ អំពីផលប៉ះពាល់ដែលអាចកើតមានពីករណីឧបទ្ទហេតុខាងលើ មកលើគុណភាពទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជា និងធ្វើ ការជូនដំណឹងបន្ថែម ក្នុងករណីចំបាច់៕