យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់ឱ្យដឹងថា ពាណិជ្ជករ អាជីវករ សេវាករទាំងអស់ ដែលកំពុងរកស៊ីនៅក្នុងប្រទេសកម្ពុជា ត្រូវតែបិទស្លាកថ្លៃលើគ្រប់មុខទំនិញ និងសេវាកម្មតាំងលក់ក្នុងហាង ឬអគារលក់ទំនិញរបស់ខ្លួនជាប្រាក់រៀល លើកលែងតែហាង ឬបញ្ជរលក់ទំនិញបន្ទាប់បន្សំ។
ក្នុងករណីទីតាំងពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្ម មិនជាប់ពន្ធដែលអនុញ្ញាតដោយរដ្ឋាភិបាល ចាំបាច់ត្រូវតែបិទស្លាកថ្លៃជារូបិយប័ណ្ណបរទេស ម្ចាស់ទីតាំងទាំងនោះត្រូវទៅសុំការអនុញ្ញាតពីអង្គភាពច្រកចេញ-ចូលតែមួយរដ្ឋបាលខេត្ត។
ចំពោះលិខិតអនុញ្ញាតបិទស្លាកថ្លៃជារូបិយប័ណ្ណបរទេសនេះដែរ មានសុពលភាពរយៈពេល ១ឆ្នាំ ហើយក្រោយពេលដែលហួសសុពលភាព ម្ចាស់ទីតាំងចាំបាច់ត្រូវសុំការអនុញ្ញាតសារជាថ្មី ពីអង្គភាពច្រកចេញ-ចូលតែមួយរដ្ឋបាលខេត្ត។
ដោយឡែកសម្រាប់ ពាណិជ្ជករ អាជីវករ និងសេវាករ ជាម្ចាស់ហាងលក់ទំនិញរួចពន្ធដែលសុំលិខិតអនុញ្ញាតបិទស្លាកថ្លៃជារូបិយប័ណ្ណបរទេស ត្រូវមានកាតព្វកិច្ចបង់កម្រៃសេវាជាសាធារណៈជូនរដ្ឋ។
ចំណុចសំខាន់ដែលលោកអ្នកត្រូវកំណត់ចំណាំរួមមាន៖
-ការបិទស្លាកថ្លៃ ត្រូវសរសេរជាភាសាខ្មែរនៅខាងមុខ ឬនៅពីលើ និងអក្សរអង់គ្លេសនៅបន្ទាប់ ឬបន្ទាត់ខាងក្រោម និងភាសាបរទេសទី៣នៅបន្ទាប់ទៀត អាស្រ័យតាមស្ថានភាពជាក់ស្ដែងនៃអតិថិជនរបស់អាជីវកម្ម។
-ស្ថានីយ៍/ដេប៉ូ លក់រាយប្រេងឥន្ធនៈទាំងអស់ ត្រូវមានដាក់តាំងបង្ហាញនៅបរិវេណខាងមុខទីតាំង អាជីវកម្ម ឬកន្លែងងាយមើលឃើញចម្ងាយប្រមាណជា ២០០ម៉ែត្រ។
-នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន អគញកនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំងអស់ ត្រូវរួមសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច ចុះត្រួតពិនិត្យ និងណែនាំអំពីការបិទស្លាកថ្លៃ ជារៀងរាល់ខែ។
យ៉ាងណាមិញ បើនៅក្នុងករណី អាជីវករ សេវាករ ពាណិជ្ជករទាំងឡាយណា ដែលមិនបានអនុវត្តតាមការណែរបស់ក្រសួងពាណិជ្ជកម្មខាងលើនេះ នឹងត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាន៕
អត្ថបទដោយ៖ សូ សុខលី


