ធ្លាប់ត្រូវគេបង្អាប់លើរូបរាងខាងក្រៅមិនសមធ្វើជាគ្រូពេទ្យ គ្រួសារមិនឲ្យរៀនត មិត្តភក្តិចំអកថារៀនច្រើនម្ល៉េះ នេះគឺជាដំណើរជីវិតរបស់ ទន្តបណ្ឌិត ណម ចំណាន មុនអាចបោះជំហានក្លាយជាម្ចាស់មន្ទីរព្យាបាលធ្មេញ Melvin Dental Care មានឈ្មោះបោះសំឡេងមួយលើទឹកដីរាជធានីភ្នំពេញ។
ក្នុងបទសម្ភាន៍ជាមួយក្រុមការងារ Business Cambodia ទន្តបណ្ឌិត ណម ចំណាន បានរៀបរាប់ដំណើរដើមទង់ខ្សែជីវិត ដោយចាប់ផ្តើមឡើងក្នុងនាមជាកូនស្រីម្នាក់នៃគ្រួសារជីវភាពមធ្យមមួយ លើដែនសីមាខេត្តបាត់ដំបង។ លុះចម្រើនវ័យរៀនដល់ថ្នាក់ទី៩ ម្តាយចំណានបានបង្ខំនាងឲ្យឈប់រៀនដើម្បីមកជួយលក់ត្រីនៅឯផ្សារ ត្បិតកម្លាំងកាន់តែចុះខ្សោយ ជីវភាពក៏លំបាកទៀត។ ប៉ុន្តែកុមារីតូចច្រម៉ក់ពោរពេញដោយមហិច្ឆតារូបនេះមិនព្រមឡើយដោយបានលើកឡើងថា៖ «អត់ទេ! ខ្ញុំត្រូវតែទៅរៀនដល់ភ្នំពេញ។ ខ្ញុំទៅលត់ជង្គង់សំពះបងស្រីទីបួន បើជួយខ្ញុំរហូតដល់ប្រឡងជាប់បាក់ឌុប ពេលខ្ញុំទៅដល់ភ្នំពេញខ្ញុំចេះរស់ដោយខ្លួនឯងហើយ។ ទោះមិនចិញ្ចឹមខ្ញុំក៏ខ្ញុំអាចសុំខ្ទមយាយជីនៅបានដែរ»។
ក្រោយជួបព្យុះភ្លៀងមួយរយៈធំ យុវតី ចំណាន ប្រឹងបន្តដំណើរលើវិថីសិក្សាយ៉ាងត្រដាបត្រដួលរហូតបានបញ្ចប់ការសិក្សាផ្នែកទន្តសាស្រ្តក្នុងឆ្នាំ២០០៧ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាល និងបានបន្តយកឯកទេសខាងពត់ធ្មេញ នៅប្រទេសថៃឆ្នាំ២០១៣។ ក្រៅពីទទួលបានបរិញ្ញាបត្រខាងពេទ្យធ្មេញ លោកស្រីក៏បានទទួលសញ្ញាបត្រមួយទៀតខាងសិល្បៈសាស្រ្ត នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាឆ្នាំ២០០៩។ ក្រោយមកបានបើកគ្លីនិកតូចមួយខ្លួនឯង និងបានចូលបម្រើការងារនៅមន្ទីរពេទ្យស្តង់ដារមួយក្នុងប្រទេសកម្ពុជា។
អង្គុយក្នុងបន្ទប់ការិយាល័យបិទជិតក្រោមខ្យល់ម៉ាស៊ីនត្រជាក់ លោកស្រី ទន្តបណ្ឌិត ណម ចំណាន បានលើកឡើងយ៉ាងដូច្នេះថា៖ «រឿងដែលធ្វើឲ្យខ្ញុំចងចាំបំផុត និងឈឺចាប់បំផុតគឺការមើលងាយពីរូបរាងខាងក្រៅរបស់ខ្ញុំពីសំណាក់ដុកទ័រម្នាក់ដែលធ្លាប់ចំអកថា ខ្ញុំមានមាឌល្អិតតូចអ៊ីចឹង មិនគួរជ្រើសរើសជំនាញជាគ្រូពេទ្យធ្មេញទេ គាត់ថាខ្ញុំជ្រើសរើសអាជីពប្រចាំជីវិតខុស ដោយសារគាត់ឃើញខ្ញុំជាមនុស្សស្រីហើយមាឌល្អិតតូចថែមទៀត»។ លោកស្រីបានបន្តទៀតថា៖ «តែឥឡូវខ្ញុំមិនខឹងនឹងពាក្យសម្តីមើលងាយទាំងអស់នោះទៀតទេ ខ្ញុំផ្តោតតែលើការកសាងគ្លីនិកខ្ញុំឲ្យរីកចម្រើនទៅមុខ ពេលវេលានឹងប្រាប់គាត់ហើយថាខ្ញុំជ្រើសរើសអាជីពជាពេទ្យធ្មេញនេះខុសដោយសារមាឌតូចឬយ៉ាងណា? មកដល់ពេលឥឡូវ អ្នកទាំងអស់គ្នាហ្នឹងលែងហ៊ានមើលងាយខ្ញុំទៀតហើយ ដោយសារខ្ញុំបានបង្ហាញទៅឲ្យពួកគាត់ឃើញថា វាពុំមែនដោយសារតែមាឌល្អិតតូច ពុំមែនដោយសារជាស្ត្រី ហើយក៏ពុំមែនដោយសារតែដុកទ័រចំណានហ្នឹង ជាកូនអ្នកក្រមិនអាចចាប់ផ្តើមក្តីស្រមៃរបស់គាត់បានដែរ។ ពុំមានអី្វដែលថាធ្វើមិនបានទេ តែសំខាន់គេមិនដឹងថាយើងកំពុងគិតអ្វី»។
បន្ទាប់ពីទទួលទានទឹកបន្តិច ជាចុងក្រោយ លោកស្រីទន្តបណ្ឌិត ណម ចំណាន នាយកប្រតិបត្តិមន្ទីរព្យាបាលធ្មេញ Melvin Dental Care បានផ្តាំផ្ញើទៅកាន់យុវជន និងប្រជាជនកម្ពុជាយ៉ាងដូច្នេះថា៖ «បើយើងចង់ឲ្យប្រទេសកម្ពុជាយើងរីកចម្រើនឆាប់រហ័ស យើងគួរតែកសាងខ្លួនឲ្យមានសមត្ថភាពខ្លាំងជាមុនសិន ហើយត្រូវរៀនធ្វើការងារជាក្រុម មានចិត្តផ្តល់ការគោរព និងផ្សាយមេត្តាធម៌ឲ្យបានច្រើន ទើបយើងរស់ក្នុងសន្តិភាពទាំងខាងក្រៅ និងខាងក្នុង»។
គួរជម្រាបផងដែរថា មន្ទីរព្យាបាលធ្មេញ Melvin Dental Care មានសេវាកម្មព្យាបាលដូចជា ១/. ការពត់តម្រង់ធ្មេញដោយប្រភេទលោហៈ និងជ័រថ្លាអ៊ីនវីសាឡាញ ២/.ទន្តសាស្ត្រផ្នែកកុមារ និងការការពារ ៣/. ការកែលម្អសោភ័ណ្ឌភាពធ្មេញ ៤/.ការព្យាបាលជំងឺជាលិកាអញ្ចាញធ្មេញ ៥/. ការដាក់ធ្មេញសិប្បនិម្មិត១គ្រាប់ឬច្រើនគ្រាប់ និងធ្មេញស្និត ៦/. ការដាំបង្គោលអ៊ីមផ្លេន សម្រាប់ទ្រធ្មេញមួយគ្រាប់ឬពេញមាត់។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍អាចធ្វើការទំនាក់ទំងតាមរយៈទំព័រហ្វេកបុកផ្លូវការ Melvin Dental Care ឬតាមរយៈទូរស័ព្ទលេខ ០២៣ ៩៣៨ ៣៣៨, ០៧៧ ៧៨៩ ៣៣៨, ០៩៣ ៧៨៩ ១៣៨ ឬអាចទៅកាន់ទីតាំងដោយផ្ទាល់ដែលស្ថិតនៅ ផ្ទះលេខ២១ ផ្លូវ២៨២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)
- សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
- ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
- យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



