បើកម៉ាតដូចគេដែរ តែលក់មិនដាច់សោះ! អ្នកអាចសាកល្បងវិធីទាញចិត្តភ្ញៀវទាំង១០នេះបាន
នារី AUTODECEMBER 15 2023119 views

បច្ចុប្បន្នផ្សារម៉ាតកំពុងតែរីកដូចផ្សិតនៅក្នុងប្រទេសកម្ពុជាទាំងនៅក្នុងទីក្រុងនិងនៅតាមបណ្តាខេត្តនានា ម៉ាតខ្លះបើកទៅក៏លក់ដាច់ ចំណែកឯម៉ាតមួយចំនួនទៀតបើលក់ដាច់តែដំបូងៗ យូរៗទៅក៏ស្ងាត់ភ្ញៀវអស់គេមិនសូវចូលទិញឡើយ ។ ហើយថ្ងៃនេះក្រុមការងាររបស់ Business Cambodia នឹងលើកយកនៅចំណុចមួយចំនួនប្រសិនបើ ម្ចាស់ម៉ាតទាំងឡាយកំពុងជួបបញ្ហាដូចដែលបានលើកឡើងខាងលើ អាចសាកល្បងនៅវិធីសាស្រ្តដូចខាងក្រោមនេះ ៖

១ សាកល្បងដេគ័រហាង ៖ ម៉ាតមួយចំនួននៅមិនទាន់រៀបចំបានស្អាតនៅឡើយ ចូលទៅដល់គ្មានអ្វី គួរឱ្យទាក់ភ្នែក ត្រង់ចំណុចនេះទាំងអស់គ្នាត្រូវដេគ័រហាងឱ្យបានស្អាតទាំងថ្នាំពណ៌លាប គំនូរ កន្លែង ថតរូប អមជាមួយដើមឈើម្លប់ត្រជាក់ សួនផ្កា ធ្វើអោយអ្នកអង្គុយក្នុងហាងមានអារម្មណ៍ថា ស្រស់ស្រាយ ។

២ រៀបចំទំនិញ ៖ ការរៀបចំទំនិញក៏ជាផ្នែកមួយដែលអាចទាញមនុស្សចូលចិត្តមកទិញដែរ ពោលគឺ ទំនិញត្រូវដាក់ដោយឡែកៗ នំចំណីដាក់កន្លែងផ្សេង របស់ប្រើប្រាស់ដាក់កន្លែងផ្សេង កុំដាក់ឡូកឡំ គ្នាច្រើនពេក ធ្វើឱ្យភ្ញៀងាយស្រួលស្វែងរក មិនពិបាកដើររកច្រើនត្រឡប់ឡើយ ។

៣ ពហុទំនិញ ៖ ទំនិញច្រើនជម្រើសក៏ជាឱកាសទាក់ភ្ញៀវដែរ មានន័យថារកអ្វីក៏មានដែរ តួយ៉ាងបើទាំង អស់គ្នាធ្លាប់ចូលទៅកាន់ម៉ាត 7 Eleven នឹងបានឃើញទំនិញរាប់សិបមុខ រកអ្វីក៏មានដែរឱ្យតែគ្រឿងញ៉ាំ ជាពិសេសនោះ Fast Food តែម្តង ។​

៤ ល្បឿន Wi-Fi ៖ រឿងខ្លះតូចៗទេ ប៉ុន្តែទាំងអស់គ្នាដែលជាអ្នកលក់ត្រូវគិត តួយ៉ាងមានម៉ាតជាច្រើន ចូលទៅដល់គ្មាន Wi-Fi គ្មានម៉ាស៊ីនត្រជាក់ទៀត ទាំងគេទាំងយើងប្រហែលជាមិនអាចចូលទៅអង្គុយ ធ្វើការនៅក្នុងនោះឡើយ ។

៥ បើកលឿនបិទយូរ៖ វាជាចំណុចមួយដែលទាំងអស់គ្នាអាចទាក់ចិត្តភ្ញៀវបានច្រើនមែនទែន ហើយ ឃើញមានយីហោម៉ាតជាច្រើនធ្វើក៏បានផលដែរ មានន័យថាយើងមានឱកាសលក់បានច្រើនជាងគេ ។

៦ ទំនិញមានតម្រូវការច្រើន ៖ លក់មិនដាច់ ហើយមនុស្សមិនចូលទិញ ជួនកាលអាចមកពីទំនិញដែល ទាំងអស់គ្នាដាក់លក់នៅក្នុងម៉ាត មិនត្រូវនឹងតម្រូវការដែលគេចង់បាន ដូច្នេះទាំងអស់គ្នាត្រូវរៀនសង្កេត មើលទំនិញនៅក្នុងម៉ាតផ្សេងៗដែលគេលក់ដាច់ ។

៧ ​​រៀនលក់ស្នាមញញឹម ៖ ដាក់អ្នកលក់រៀងស្អាតបន្តិច រួសរាយរាក់ទាក់ចំពោះភ្ញៀវ ដែលនេះ ជាចំណុចល្អមួយដែលអ្នកលក់គួរតែយកចិត្តទុកដាក់ មិនអាចខ្វះបានទេ នៅក្នុងការលក់គេនិយាយថា មនុស្សទិញមនុស្ស មុនទិញផលិតផល ។

៨ ទីតាំងសំណាង ៖ ទាំងអស់គ្នាមានចំណុចខាងលើទាំងអស់ហើយ តែបើខ្វះចំណុចមួយនេះក៏មិនបាន ដែរ ទីតាំងក៏ជាចំណុចស្លាប់រស់របស់អាជីវកម្ម ហើយទីតាំងដែលអំណោយផលល្អបំផុតនោះគឺតាមផ្សារ សាលារៀន ទីប្រជុំជន់ផ្សេងៗ ។

៩ កម្មវិធីពិសេស ៖ តាមពិតទៅការលក់ទំនិញនៅក្នុងម៉ាត ទាំងអស់គ្នាក៏អាចធ្វើទីផ្សារបានដែរ ដើម្បី ទាក់ទាញភ្ញៀវចូលថែម កម្មវិធីពិសេសនោះគឺចង់សំដៅទៅលើ ការបញ្ចុះតម្លៃពិសេសនៃផលិតផល របស់យើង ដូចជាការបញ្ចុះតម្លៃផលិតផលដែលជិតផលិតកំណត់ ឬមួយលក់លាងឃ្លាំងជាដើម ។

១០ ទំនិញឱកាសនិយម ៖ ត្រង់ចំណុចនេះអ្នកលក់អាចទាញបានភ្ញៀវច្រើនណាស់ ទំនិញឱកាសនិយម នេះគឺសំដៅទៅលើទំនិញទាំងឡាយណាដែលមនុស្សចូលចិត្តប្រើ ឬទទួលទានតាមគ្នា ទំនិញប្រភេទ នេះភាគច្រើនគឺយុវវ័យ ឬក្មេងៗដែលពួកគេនិយម និងចូលចិត្តបំផុត ដូច្នេះជាអ្នកលក់ត្រូវសម្លឹងមើល ឱកាសមួយនេះឱ្យបានច្រើន ។

ខាងលើនេះគ្រាន់តែជាអ្វីដែលយើងបានមើលឃើញនាពេលបច្ចុប្បន្ននៅក្នុងម៉ាតមួយចំនួនប៉ុណ្ណោះ ដើម្បីជាចំណេះដឹងមួយបន្ថែមសម្រាប់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាដែលកំពុងតែជួបបញ្ហា មួយនេះ ឬបងប្អូនដែលត្រៀមចង់រកស៊ីវ័យមួយនេះ សម្រាប់ជាប្រយោជន៍បន្ថែម ជាជាងបើកហើយ បិទទៅវិញ ។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia