ទុនតិចធ្វើម៉េចលក់ឈ្នះគេ? ទាំងនេះជា យុទ្ធសាស្ត្រវាយលុកទីផ្សារ សម្រាប់អាជីវកម្មថ្មីថ្មោង
Chan SophonAUGUST 22 2026133 views

នៅក្នុងពិភពជំនួញ ម្ចាស់អាជីវកម្មថ្មីថ្មោងភាគច្រើន តែងតែមានអារម្មណ៍តូចចិត្ត និងបាក់ទឹកចិត្តនៅពេលឃើញក្រុមហ៊ុនធំៗ ឬហាងចាស់ៗប្រជែងទីផ្សារដោយប្រើ ទុនធំ កញ្ចប់ Ads ក្រាស់ និងទំនិញពេញស្តុកជាដើម។ មនុស្សជាច្រើនយល់ច្រឡំថា គ្មានទុនធំ មិនអាចប្រកួតប្រជែងឈ្នះគេឡើយ។ ប៉ុន្តែការពិតជាក់ស្តែង អាជីវកម្មធំៗតែងតែមានចំណុចខ្សោយធំបំផុតមួយ គឺ ភាពយឺតយ៉ាវ និងភាពរឹងស្តូក។ ក្នុងនាមជាអាជីវកម្មទុនតិច អ្នកមិនត្រូវយកលុយទៅបុកប្រជែងជាមួយគេឡើយ ប៉ុន្តែត្រូវប្រើ ភាពរហ័សរហួន និងយុទ្ធសាស្ត្រដើម្បីវាយលុកទីផ្សារ។ ហើយខាងក្រោមនេះជា យុទ្ធសាស្ត្រ ៤ យ៉ាង ដើម្បីយកឈ្នះគូប្រជែងមានទុនធំៗ៖

 

១.ផ្តោតលើទីផ្សារពិសេស និងចង្អៀតបំផុត៖ ត្រូវចេះសិក្សាទីផ្សារ ដោយជ្រើសរើសយកតែ ក្រុមគោលដៅតូចមួយ ដែលគូប្រជែងធំៗមើលរំលង។ ឧទាហរណ៍៖ ជំនួសឲ្យការលក់ ខោអាវបុរសទូទៅ អ្នកគួរតែផ្តោតលើ ខោអាវបុរសមាឌធំ ឬ ខោអាវសម្រាប់អ្នកជិះម៉ូតូធំផងដែរ។ ការធ្វើបែបនេះ ធ្វើឲ្យអ្នកក្លាយជាលេខ ១ ក្នុងទីផ្សារតូចនោះ ដោយមិនចាំបាច់ចំណាយទុនច្រើន។

 

២.ប្រើប្រាស់សេវាកម្ម និងភាពស្និទ្ធស្នាលជាអាវុធមុខពីរ៖ ក្រុមហ៊ុនធំៗមានអតិថិជនរាប់ម៉ឺននាក់ ដូច្នេះគេមិនអាចមើលថែអតិថិជនម្នាក់ៗបានដិតដល់ឡើយ។ នេះគឺជាឱកាសមាសរបស់អ្នក។ ត្រូវចេះបង្កើតបទពិសោធន៍ដែលធ្វើឲ្យអតិថិជនរំភើបចិត្ត។ ដូចជា សរសេរសារអរគុណដោយដៃ ដាក់ក្នុងប្រអប់ទំនិញ ហើយចាំឈ្មោះ និងចំណង់ចំណូលចិត្តអតិថិជន ឬផ្តល់ការប្រឹក្សាដោយផ្ទាល់ពីម្ចាស់ហាង។ ការធ្វើបែបនេះបង្កើតបានជា ភាពស្មោះត្រង់ និងភាពស្និទ្ធស្នាល ដែលអ្នកមានទុនធំ មិនអាចទិញបានឡើយ។

 

៣.វាយលុកតាម Organic Content លើបណ្ដាញសង្គម៖ អាជីវកម្មទុនធំអាចចំណាយលុយរាប់ពាន់ដុល្លារលើ Facebook Ads ប៉ុន្តែអ្នកអាចយកឈ្នះគេបានដោយប្រើ គំនិតច្នៃប្រឌិត និងការធ្វើ Content ត្រូវចិត្តអតិថិជន ដោយមិនចាំបាច់ដាក់ Ads ធំៗ។ អ្វីដែលត្រូវចេះ គឺការប្រើប្រាស់វីដេអូខ្លីៗ ដើម្បីបង្ហាញពី សកម្មភាពក្រៅឆាក Behind the Scenes ឬអំពីប្រវត្តិ និងការតស៊ូរបស់ម្ចាស់ហាង ឬការដោះស្រាយបញ្ហាផ្ទាល់ជូនអតិថិជនជាដើម។ ព្រោះមនុស្សសម័យនេះ ឈប់ចូលចិត្តមើលផ្ទាំងពាណិជ្ជកម្មលើអេក្រង់ទូរស័ព្ទទៀតហើយ ប៉ុន្តែគេចូលចិត្តមើល រឿងរ៉ាវពិត និងភាពស្មោះត្រង់។

 

៤.បង្កើតបណ្តាញដៃគូសហការ៖ នៅពេលអ្នកគ្មានទុនផ្សព្វផ្សាយ អ្នកត្រូវខ្ចីប្រជាប្រិយភាព និងអតិថិជនរបស់អ្នកដទៃសិន។ ត្រូវស្វែងរកអាជីវកម្មផ្សេងទៀតដែលមាន ក្រុមអតិថិជនដូចគ្នា ប៉ុន្តែមិនមែនជាគូប្រជែងផ្ទាល់ ដើម្បីសហការគ្នាឡើយ។ ឧទាហរណ៍៖ បើអ្នកលក់ កាហ្វេអនឡាញ អ្នកអាចចាប់ដៃគូជាមួយ ហាងលក់សៀវភៅ ឬ ហាងនំ ដោយផ្តល់ប័ណ្ណបញ្ចុះតម្លៃ (Voucher) ឲ្យគ្នាទៅវិញទៅមក។ ការធ្វើបែបនេះជួយឲ្យអ្នកទទួលបានអតិថិជនថ្មីៗ ដោយមិនចំណាយលុយលើការផ្សាយពាណិជ្ជកម្មទាល់តែសោះ។

 

សរុបមក នៅក្នុងពិភពជំនួញបច្ចុប្បន្ន ត្រីលឿន ស៊ីត្រីយឺត មិនមែន ត្រីធំ ស៊ីត្រីតូច រហូតនោះទេ។ ទុនតិច មិនមែនជាឧបសគ្គនៃការជោគជ័យឡើយ ប្រសិនបើអ្នកចេះប្រើប្រាស់ភាពរហ័សរហួន ភាពស្មោះត្រង់ និងយុទ្ធសាស្ត្រត្រូវមុំ។ ចាប់ផ្តើមពីតូច ធ្វើឲ្យជោគជ័យក្នុងតំបន់តូចមួយ រួចចាំពង្រីកខ្លួនឲ្យកាន់តែធំតាមក្រោយ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia