យុវជនភាគច្រើន មិនថានៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោកតែងតែមានបំណងប្រាថ្នាដូចៗគ្នា គឺចង់បានអនាគតល្អប្រសើរ។ ប៉ុន្តែការប៉ងប្រាថ្នា ក្តីស្រមៃ និងការរំពឹងទុកទាំងនោះ ពុំមែនសុទ្ធតែទទួលបានមកដូចបំណងឡើយ ព្រោះវាទាមទារឲ្យពួកគេមានសមត្ថភាពខ្ពស់ រួមទាំងមានភាពឆ្លាតវៃក្នុងការសម្របខ្លួនតាមបរិបថសង្គម។
ជុំវិញរឿងនេះ លោក Marcus Lemonis ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Camping World បានបង្ហើបពីចំណុចអាថ៌កំបាំងមួយដែលអាចជួយឱ្យយុវជនទាំងអស់ អាចមានអនាគតល្អប្រសើរបាន។ លោក Marcus Lemonis ធ្លាប់មានប្រសាសន៍ថា៖ «អាថ៌កំបាំងដែលអាចជួយឲ្យយុវជនទាំងអស់មានអនាគតល្អបាននោះគឺ ត្រូវព្យាយាមរកការងារធ្វើឲ្យបាន មិនត្រូវនៅទំនេរអត់ប្រយោជន៍ឡើយ។ ម៉្យាងទៀតយុវជនទាំងអស់មិនថាកូនអ្នកក្រ ឬកូនអ្នកមានគឺមិនត្រូវផ្តេកផ្តួលខ្លួនទៅលើគ្រួសារ ឬឲ្យគ្រួសាររកស៊ីចិញ្ចឹមទាំងខ្លួនឯងអាចធ្វើការបានតែមិនព្រមចេញធ្វើនោះទេ»។
យ៉ាងណាមិញ សេដ្ឋីវ័យ៥១ឆ្នាំ ដែលមានទ្រព្យសម្បត្តិជិត ៥០០លានដុល្លារក្នុងដៃរូបនេះ ក៏បានបញ្ជាក់ផងដែរថា នៅពេលដែលយុវជនចេញប្រឡូកក្នុងការងារ និងសង្គមខាងក្រៅ ពួកគេនឹងជួបប្រទះរឿងជាច្រើនយ៉ាង ជាមេរៀនផង ជាចំណេះដឹងផង និងជាបទពិសោធន៍ផង។ នៅពេលដែលពួកគេឆ្លងកាត់រឿងទាំងនេះហើយ ពួកគេនិងក្លាយជាយុវជនដែលពូកែ មានចំណេះដឹងខាងការងារ ព្រមទាំងមានបទពិសោធន៍ក្នុងការងារ និងការធ្វើជំនួញផ្សេងៗ ហើយពួកគេអាចប្រកបរបរចិញ្ចឹមជីវិតបានទោះជាគ្មានគ្រួសារជួយទំនុកបម្រុងពួកគេក៏ដោយ។ ជាពិសេសពួកគេមានភាពរឹងមាំ ស្វាហាប់ និងមានទំនួលខុសត្រូវ ខុសស្រឡះពីយុវជនមួយចំនួនដែលខ្ជិល និងដេកចាំតែចាយលុយឪពុកម្តាយដោយមិនព្រមចេញធ្វើការ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)



