សម័យនេះ អ្វីៗក៏ថ្លៃដែរ វាធ្វើឲ្យការចំណាយលើម្ហូបអាហារប្រចាំថ្ងៃកើនឡើងស្ទើរតែមិនដឹងខ្លួន! ប៉ុន្តែ «ការសន្សំសំចៃ» មិនមែនមានន័យថាយើងត្រូវហូបចុកត្បិតត្បៀត ឬហូបរបស់គ្មានជីវជាតិនោះទេ។
គ្រប់គ្នាពិតជាចង់បានម្ហូបឆ្ងាញ់ ស្អាត មានអនាម័យ ហើយសល់លុយក្នុងហោប៉ៅទៀតមែនអត់? មកសាកល្បង ៥ តិចនិច ខាងក្រោមនេះទាំងអស់គ្នា៖
១. ធ្វើតារាងម្ហូបប្រចាំសប្តាហ៍
មុននឹងទៅផ្សារ កុំទៅផ្សារទាំងទទេមិនគិតទុកមុនទៀត គួរគិតជាមុនថា ១សប្តាហ៍នេះចង់ស្លអីខ្លះ រួចកត់បញ្ជីមុខទំនិញដែលត្រូវទិញឲ្យច្បាស់ ដូចជាការទិញបន្លែសាច់ទុកជាគីឡូៗតែម្តង ព្រោះថាធ្វើបែបនេះ វាពិតជាអាចជួយសន្សំសន្សៃជាងការទិញម្ហូបមួយថ្ងៃម្តង ដោយខាតទាំងពេល និង លុយ ម្យ៉ាងទៀតវាអាចជួយការពារមិនឲ្យយើងទិញអីផ្តេសផ្តាសតាមតែចិត្តនឹកឃើញ ព្រោះថាយើងមានផែនការច្បាស់លាស់មុនពេលទិញម្ហូប។
២. ការរៀបចំទុកដាក់ម្ហូប
ប៉ុន្តែត្រូវចេះរក្សាទុក សាច់ បន្លែ ឬគ្រឿងទេសដែលប្រើប្រចាំ គួរទិញក្នុងបរិមាណសមរម្យ ដើម្បីបាន តម្លៃធូរថ្លៃ។ ពេលទិញមកដល់ផ្ទះ ត្រូវលាងសម្អាត រៀបចំច្រកដាក់ប្រអប់ ឬថង់ហ្ស៊ីប ដាក់ទូរទឹកកក ឲ្យមានរបៀប ដើម្បីរក្សាភាពស្រស់បានយូរមិនខូចចោលទទេៗ វិធីមួយទៀតបើអ្នកមានពេលវេលា អ្នកអាចចិត បន្លែឬសាច់ទុកតាមមុខម្ហូបសម្រាប់មួយអាទិត្យម្តងតែម្តង ដើម្បីទុកដាក់ក្នុងប្រអប់ ដើម្បីអាចជួយអោយ អ្នកប្រើពេលតិចក្នក្នុងការធ្វើម្ហូប ហើយអ្នកអាចមានពេលច្រើនក្នុងការ បំពេញ ការងារផ្សេងទៀតបានផងដែរ។
៣. ចម្អិនហូបខ្លួនឯងនៅផ្ទះឲ្យបានច្រើនជាងញ៉ាំក្រៅ
មនុស្សមួយចំនួនតែងរវល់មិនបានរៀបចំបាយ ហើយញ៉ាំបាយក្រៅផ្ទះ ឬកុម្ម៉ង់ Food Delivery ញឹកញាប់ នេះហើយជាដើមហេតុធំបំផុតដែលធ្វើឲ្យលុយចាយមិនចេះគ្រាន់។ ការដាំបាយស្លនៅផ្ទះ មិនត្រឹមតែអស់លុយតិចទេ ថែមទាំងអាចធានាបាននូវអនាម័យថែមទៀតផង។
៤. បង្កើតមុខម្ហូបថ្មី
ពី «បន្លែ-សាច់សល់» ក្នុងទូរទឹកកក សំុកុំអាលបោះចោលសាច់ ឬបន្លែបន្តិចបន្តួចដែលសល់ពីសប្តាហ៍មុន! យើងអាចច្នៃវាធ្វើជាបាយឆា, បន្លែឆាជាមួយស៊ុត ឬស៊ុបបន្លែគ្រប់មុខបានយ៉ាងឆ្ងាញ់។ ចំណុចតូចៗទាំងនេះហើយជាវិធីកាត់បន្ថយការទុកចោលម្ហូបអាហារបានយ៉ាងល្អ។
៥. ជ្រើសរើសទិញបន្លែផ្លែឈើតាមរដូវកាល
បន្លែ ឬផ្លែឈើណាដែលត្រូវរដូវ ហើយសំបូរ នោះតម្លៃក៏ធូរថ្លៃខ្លាំងដែរ។ បន្ថែមពីនេះ វាមានរសជាតិឆ្ងាញ់ជាងបន្លែផ្លែឈើខុសរដូវទៀតផង។
ព្យាយាមអនុវត្តតិចនិចទាំងនេះម្ដងបន្តិចៗ នោះអ្នកនឹងឃើញថាលុយសល់ក្នុងហោប៉ៅកើនឡើង ដោយមិនបាច់បង់បោះរឿងហូបចុកឆ្ងាញ់ៗឡើយ!


