បន្ទាប់ពីបានបញ្ចប់ថ្នាក់ទី១២ ប្អូនៗសិស្សនៅតាមខេត្តត្រូវឡើងមកភ្នំពេញដើម្បីបន្តការសិក្សានៅសកលវិទ្យាល័យដើម្បីចាប់យកមុខជំនាញសម្រាប់អាជីពការងារសម្រាប់ចិញ្ចឹមជីវិត។ យ៉ាងណាមិញនិស្សិតនៅតាមខេត្តឡើងមករៀននៅភ្នំពេញមួយចំនួនធំគឺមានជីវភាពខ្វះខាតដូច្នេះបញ្ហាលុយកាក់គឺជាបញ្ហាធំសម្រាប់ពួកគាត់។
ទាក់ទងនឹងបញ្ហាលុយកាក់នេះដែរ ខាងក្រោមនេះគឺជារបៀបនៃការចាត់ចែងលុយកាក់សម្រាប់និស្សិតដែលមានជីវភាពខ្វះដើម្បីឲ្យពួកគាត់មានឱកាសរៀនចប់ចុងចប់ដើម។
១. ត្រូវចេះសន្សំលុយ
បើមានមានជីវខ្វះខាត អាទិភាពទី១ដែលពួកគាត់ត្រូវធ្វើគឺត្រូវចេះសន្សំលុយនិងរស់នៅត្រូវតែសន្សំសំចៃបំផុត។ បើពិតជាចង់រៀនចប់ពិតមែន អ្វីដែលពួកគាត់ផ្ដោតសំខាន់ទៅលើការចំណាយលើថ្លៃស្នាក់នៅ ថ្លៃអាហារនិងថ្លៃបង់សាលានិងថ្លៃការធ្វើដំណើរ។
ដើម្បីអាចសន្សំលុយនិងរស់នៅសន្សំសំចៃបាន ពេលមកនៅភ្នំពេញ អ្នកត្រូវនៅបន្ទប់ជុំគ្នាមួយមិត្តភក្ដិដើម្បីកាត់បន្ថយចំណាយថ្លៃជួលបន្ទប់ឬជួលផ្ទះ។ ឧទាហរណ៍បើបន្ទប់៨០ដុល្លារក្នុងមួយខែ អ្នកអាចស្វែងរកមិត្តភក្ដិម្នាក់ឬ២នាក់មកនៅជុំគ្នានោះអ្នកកាត់បន្ថយចំណាយថ្លៃស្នាក់នៅបានច្រើន។
ក្រៅពីរស់នៅជុំគ្នា ការធ្វើម្ហូបជុំគ្នាក៏អាចកាត់បន្ថយចំណាយថ្លៃម្ហូបអាហារបានច្រើនផងដែរ។ ដូច្នេះគួរធ្វើម្ហូបញ៉ាំជុំគ្នាដើម្បីកាត់បន្ថយចំណាយថ្លៃអាហារបានមួយកម្រិតទៀតផងដែរ។
២. វិនិយោគលើចំណេះជំនាញ
ដើម្បីឲ្យប្អូនៗមានឱកាសអាចរកលុយបានកាន់តែច្រើនដើម្បីបានលុយផ្គត់ផ្គង់ការសិក្សានិងការរស់នៅ អ្នកគួរចាយលុយនិងពេលវេលារៀនជំនាញថ្មីៗដើម្បីបង្កើតឥទ្ធិពលឲ្យអ្នកអាចរកចំណូលបានអំឡុងពេលសិក្សា។ ឧទាហរណ៍ បើភាសាអង់គ្លេសអ្នកនៅស្ទើរមិនអាចប្រើប្រាស់វាដើម្បីរកចំណូលទេនោះ អ្នកអាចរៀនអង់គ្លេសបន្ថែមដើម្បីដុសខាតជំនាញភាសាអង់គ្លេសឲ្យកាន់តែខ្លាំង ហើយកាលណាអង់គ្លេសអ្នកកាន់តែខ្លាំងនោះ អ្នកនឹងអាចប្រើប្រាស់ភាសាអង់គ្លេសដើម្បីរកចំណូលដូចជាធ្វើជាគ្រូភាសាអង់គ្លេស អ្នកបកប្រែនិងការងារផ្សេងៗទៀត។
៣. រកការងារធ្វើ
បើជីវភាពអ្នកខ្វះខាត ពេលមករៀននៅភ្នំពេញ អ្នកត្រូវតែរៀនផងធ្វើការផងដើម្បីបានលុយផ្គត់ផ្គង់ការរស់នៅនិងមានលុយសម្រាប់បង់ថ្លៃការសិក្សា។ បន្ទាប់ពីអ្នកវិនិយោគលើចំណេះដឹងដូចបានរៀបរាប់ខាងលើហើយ អ្នកអាចប្រើប្រាស់សមត្ថភាពក្នុងការរកប្រាក់ចំណូលតាមរយៈការងារធ្វើអាចជាការងារពេញម៉ោងឬការងារក្រៅម៉ោង។
បច្ចុប្បន្នមានការងារជាច្រើនដែលអ្នកអាចឆ្លៀតធ្វើបានអំឡុងពេលសិក្សានៅមហាវិទ្យាល័យមានដូចជាគ្រូបង្រៀន ធ្វើការនៅហាកហ្វេ អ្នកដឹកជញ្ជូននិងការងារផ្សេងៗជាច្រើនទៀត។ សំខាន់ត្រូវតែរកការងារធ្វើទើបយើងអាចមានលុយផ្គត់ផ្គង់ការសិក្សានិងការរស់នៅឲ្យយើងអាចរៀនចប់ចុងចប់ដើមបាន៕


