បច្ចុប្បន្នមធ្យោបាយក្នុងការរកលុយនៅតាមអនឡាញកំពុងតែមានភាពពេញនិយម ជាពិសេសតាមរយៈការបង្កើតមាតិការថ្មីៗ ប្លែកៗនៅតាមបណ្តាញសង្គមដូចជា Tik Tok ,Facebook , និង YouTube ជាដើម។ហើយតាមរយៈការរកលុយតាមប្រព័ន្ធអនឡាញនេះដែរ ក៏មានវិដេអូខ្លះមានអ្នកមើលច្រើន វីដេអូខ្លះមានអ្នកមើលតិច ហើយកាលណាមានអ្នកមើលតិចចំណូលក៏តិច ហើយបើអ្នកមើលច្រើនចំណូលក៏ច្រើនទៅតាមនោះ។ហើយពាក់ព័ន្ធនឹងការធ្វើវីដេអូនេះផងដែរ ក៏មានអ្នកជំនាញធ្វើវីដេអូ YouTube និង Facebook ពីររូបបានធ្វើការណែនាំមួយចំនួនពាក់ព័ន្ធនឹងការរើសមាតិកាធ្វើដើម្បីអាចទាញអ្នកមើលច្រើនរាប់លានដងផងដែរ។
១.លោក ឃុត សុខា ៖ គឺជាអ្នកបង្កើតមាតិកាដ៏ល្បីល្បាញមួយរូបនៅលើ YouTube ដែលមាន Channel ឈ្មោះថា “Survival Builder” ហើយតាមរយៈវីដេអូជារបស់លោកបានធ្វើឱ្យពិភពលោកបានស្គាល់ប្រទេសកម្ពុជា ធ្វើឱ្យបរទេសបានដឹងពីទេពកោសល្យក៏ដូចជាភាពប៉ិនប្រសប់របស់ Content Creator ខ្មែរកាន់តែច្រើន។ក្នុងនោះដែរ វីដេអូដែលលោកបានធ្វើមានអ្នកមើលរាប់លាននាក់ឯណោះ ក៏មានវីដេអូមួយដែលទាញអ្នកមើលដល់ទៅជាង ៣០០លាននាក់នៅជុំវិញពិភពលោកថែមទៀតផង។
ទន្ទឹមនឹងភាពជោគជ័យដ៏ត្រចះត្រចង់នេះផងដែរ ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia ម្ចាស់ Channel ១០លាន Subscriber រូបនេះបានឱ្យដឹងថា ចំពោះការបង្កើតមាតិកានៅលើ YouTube ប្រសិនបើចង់ឱ្យវីដេអូមានអ្នកមើលច្រើន ត្រូវបង្កើតវីដេអូដែលមានលក្ខណៈ World Wide ជាប្រភេទវីដេអូដែលមានវិសាលភាពទូលំទូលាយ អាចមើលបានជុំវិញពិភពលោក ព្រោះការបង្កើតវីដេអូប្រភេទនេះក្រៅពីមានអ្នកមើលច្រើនហើយ ម្ចាស់វីដេអូក៏អាចរកចំណូលបានច្រើនផងដែរ។
លោកបានបញ្ជាក់ទៀតថា តែទន្ទឹមនឹងការអាចបង្កើតវីដេអូដែលល្អបាន អ្នកដែលជា Content Creator ក៏ត្រូវតែមានជំនាញត្រឹមត្រូវច្បាស់លាស់ទៅលើការ កាត់ត ការកាន់កាំមេរ៉ា រៀបចំប្លង់ ការលេងចំណងជើង និងបច្ចេកទេសផ្សេងៗទៀតឱ្យច្បាស់ផងដែរ ដើម្បីធ្វើឱ្យវីដេអូដែលចេញទៅមានគុណភាព សាកសមនិងឱ្យគេមើលជុំវិញពិភពលោក។
២.កញ្ញា ឆម ស្រីផាច ៖ កញ្ញាគឺជាអ្នកធ្វើវីដេអូក៏ល្បីឈ្មោះមួយរូបនៅលើ Facebook ដែលវីដេអូរបស់កញ្ញាគឺពាក់ព័ន្ធនឹងការធ្វើម្ហូបតាមបែបស្រុកស្រែចំការ ហើយកាលពីថ្មីៗនេះ កញ្ញាក៏ទើបតែនឹងទទួលបានប៊ូតុងប្រាក់ពីក្រុមហ៊ុន YouTube ផងដែរ។ ទន្ទឹមនឹងភាពជោគជ័យក្នុងការធ្វើវីដេអូនេះ កញ្ញាក៏បានបង្ហើបពីតិចនិកក៏ដូចរបៀបនៃការរើស Content មកធ្វើឱ្យបានត្រឹមត្រូវ ហើយមានអ្នកមើលច្រើនដែរថា "សម្រាប់បងប្អូនដែលចង់ក្លាយខ្លួនទៅជាអ្នកផលិតវីដេអូ គួរតែខិតខំប្រឹងប្រែងផលិតវីដេអូល្អៗមានគុណភាព ប្រកបដោយភាពច្នៃប្រឌិត ហើយប្រភេទវីដេអូដែលធ្វើទៅទាញអ្នកមើលបានច្រើននោះគឺប្រភេទវីដេអូធ្វើម្ហូប វីដេអូប្រភេទនេះនៅលើបណ្តាញសង្គមគឺគេចូលចិត្តមើលណាស់”៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង