YouTube បើកឱ្យរកលុយវិញ ដឹងទេថាធ្វើវីដេអូ ១ខេវីយូ អាចរកលុយប៉ុន្មានដុល្លារពីយូធូប?
ធី ស្រីល័ក្ខNOVEMBER 25 20221.8 K views

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះបានឲ្យដឹងថា បន្ទាប់ពីផ្អាកការផ្ដល់សេវារកចំណូល (Monetization) លើថ្នាលវីដេអូ YouTube នៅប្រទេសកម្ពុជា ក្រសួងបានទាក់ទងនិងសហការជាមួយតំណាង YouTube ដើម្បីស្វែងរកដំណោះស្រាយបញ្ហានេះជូនអ្នកផលិតមាតិកា YouTube របស់យើង។

ជាលទ្ធផល ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ នេះតទៅ ក្រុមហ៊ុន YouTube បានដាក់ឱ្យដំណើរការផ្លូវការ “កម្មវិធីភាពជាដៃគូ” (YouTube Partner Program) នៅព្រះរាជាណាចក្រកម្ពុជា ដែលអនុញ្ញាតឱ្យអ្នកផលិតមាតិកា YouTube កម្ពុជាអាចរកចំណូលបាន ព្រមទាំងឱកាសចូលទៅប្រើប្រាស់មុខងារសំខាន់ៗ និងធនធានជាច្រើនរបស់ YouTube ផងដែរ។

ជាមួយគ្នានេះ ស្របពេលដែល YouTube បើកឱ្យអ្នកធ្វើវីដេអូនៅខ្មែរអាចរកលុយបាននេះ មានដឹងទេថាជាទូទៅការធ្វើវីដេអូមានអ្នកមើលប៉ុន្មានទើបអាចរកលុយបាន ហើយចំនួនអ្នកមើលក្នុងមួយវីដេអូៗអាចរកលុយបានប៉ុន្មានពី YouTube?ដូច្នេះក្នុងថ្ងៃនេះ Business Cambodia នឹងធ្វើការលើកយកនូវចំណុចនេះមកចែកបងប្អូនទាំងអស់គ្នាឱ្យបាន។

បើតាមការចុះផ្សាយរបស់សារព័ត៌មានក្រៅស្រុក Business Insider បានឱ្យបង្ហាញថា ប្រាក់ចំណូលដែលលរកបានពីយូធូបជាទូទៅបានតាមរយៈ ការឧបត្ថម ការរកទំនិញ និងមួយផ្នែកធំបានពីស្ពតពាណិជ្ជកម្មដែលដាក់ឱ្យ Google។រីឯលក្ខខណ្ឌដែលអាចរកលុយបានគឺ មានចំនួន Subscribers ១ពាន់នាក់ និងចំនួនមើលមាន ៤ពាន់ម៉ោងក្នុង១ឆ្នាំទើបចាប់ផ្តើមអាចរកលុយបាន។

ប្រភពដដែលបានបន្តថា តាមរបាយការណ៍សម្ភាសន៍របស់ពួកគេជាមួយអ្នកធ្វើយូធូប បាននិយាយថា ជាទូទៅពួកគេអាចរកបាន ២ដុល្លារ ទៅ ១២ដុល្លារ ក្នុងចំនួនអ្នកមើល ១K ឬ ១,០០០ដង។ដែលចំនួននេះជាទិន្នន័យដែលស្រង់ពីបរទេសដោយឡែកសម្រាប់នៅស្រុកខ្មែរ យ៉ាងណានោះក៏មិនទាន់បង្ហាញជាក់លាក់នៅឡើយនោះទេ។

គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនដែលមានបំណងចង់ស្វែងរកប្រភពចំណូលបន្ថែមក្រៅពីការងារ អាចសាកល្បងធ្វើវីដេអូចែករំលែកនៅលើ YouTube បានតាមរយៈការធ្វើវីដេអូចំណេះដឹងទូទៅ ឬក៏គំនិតថ្មីៗល្អផ្សេងៗទៀតជាដើម ព្រោះក្រៅពីបានចំណូលហើយយើងជាអ្នកធ្វើក៏អាចចែករំលែកអ្វីៗល្អៗដល់អ្នកមើលបានផងដែរ៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia