ជាការពិតណាស់ បើទោះបីជាយើងនៅផ្ទះក៏អាចរកចំណូលបានដែរឱ្យតែឧស្សាហ៍ និងចេះឆ្លៀត ជាពិសេសសម្រាប់ស្រ្តីមេផ្ទះដែលរៀបការមានគ្រួសារដែលត្រូវមើលថែកូននៅផ្ទះ ខណៈនេះជារបរ៣ប្រភេទដែលស្រ្តីមេផ្ទះសុទ្ធតែអាចធ្វើការបាន ចំណូលវិញមិនចាញ់អ្នកធ្វើការនៅក្រុមហ៊ុន ដោយរបរទាំងនោះមានដូចជា ៖
១.កាត់ដេរសម្លៀកបំពាក់៖ ការងារកាត់ដេរនេះជាការងារដ៏ល្អមួយសម្រាប់ស្រ្តីមេផ្ទះ ខណៈបច្ចុប្បន្នរបរនេះកំពុងមានការចាប់អារម្មណ៍រៀនជាច្រើន ព្រោះតែការងារនេះងាយស្រួលមិនសូវប្រើកម្លាំងច្រើនហើយអាចធ្វើបាននៅផ្ទះ ទោះបីជារបរនេះមានការពេញនិយមតាមខែតាមវេលាប៉ុន្តែបើស្នាដៃល្អ ពូកែ មិនខ្វះទេភ្ញៀវតិចច្រើនៗនៅតែមានជាបន្តបន្ទាប់ ។ ហើយពេលខ្លះទំនេរពីការកាត់សម្លៀកបំពាក់ឱ្យភ្ញៀវ យើងក៏អាចឆ្លៀតកាត់ជាអាវរាប់ឬខោរាប់លក់បានជាបន្តជាប់បានផងដែរ មួយវិញទៀតបងប្អូន អាចធ្វើរបរផ្សេងទៀតដែលមានដូចជា ជាងសាឡន លក់គ្រឿងទូរស័ព្ទ លក់អនឡាញ និងរបរលក់ដូរផ្សេងៗទៀត។

២.ដាំក្រូចឆ្មាលក់៖ មែនទែមទៅក្រូចឆ្មាក៏ជាដំណាំដែលមានទីផ្សារមួយដែរ ព្រោះសព្វថ្ងៃមានការពេញនិយមទៅលើការធ្វើជ្រក់ជើងមាន់ ជើងទា ទឹកជ្រលក់ ជាដើម។ដែលនេះធ្វើឱ្យតម្រូវការផ្លែក្រូចក្នុងប្រទេសកម្ពុជាយើងក៏មានការកើនឡើងផងដែរ ហេតុនេះសម្រាប់បងប្អូនដែលគាត់មានទុនសមល្មម អាចសាកល្បងលើដំណាំនេះបាន ព្រោះចាយពេលត្រឹម ១ ទៅ ២ឆ្នាំ យើងក៏នឹងអាចទទួលផលបានហើយ រីឯតម្លៃវិញជាមធ្យមក្នុងមួយគីឡូចន្លោះពី ៥ពាន់រៀល ទៅ ៨ពាន់រៀលទៅតាមរដូវការជាក់ស្តែងដូច្នេះបើយើងដាំច្រើន យើងអាចបេះបានវិលជុំ រកប្រាក់កម្រៃបានជាប្រចាំតែម្តង។

៣.ដាំម្ទេស៖ ដំណាំម្ទេសត្រូវបានគេចាត់ទុកជាគ្រឿងទេសដ៏សំខាន់មួយសម្រាប់អ្នកធ្វើម្ហូបអាហារមិនថានៅតាមផ្ទះ តាមហាង ភោជនីដ្ឋានតូចធំ ក្នុងមួយថ្ងៃគ្រាន់តែម្ទេសអាចនឹងប្រើរាប់តោនដើម្បីធ្វើជាគ្រឿងទេស ហើយបច្ចុប្បន្នបើយើងងាកទៅមើលពីការដាំដុះវិញមិនសូវជាមានច្រើននោះទេ ហេតុនេះលើកទឹកចិត្តឱ្យបងប្អូនដែលគាត់មានបទពិសោធន៍ និងគ្មានបទពិសោធន៍អាចធ្វើការសិក្សាបន្ថែមទៅលើបច្ចេកទេសដាំដុះ ដើម្បីមានលទ្ធភាពអាចដាំជាចំការលក្ខណៈទ្រង់ទ្រាយធំ និងអាចធ្វើការផ្គត់ផ្គង់បានកាន់តែច្រើនបន្ថែមទៀត។
គួរជម្រាបជូនបងប្អូនបន្ថែមថា ក្រៅពីរបរទាំង៣ ខាងលើនៅមានដំណាំជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែបងប្អូនអាចធ្វើការដាំដុះបាន ហើយសុទ្ធតែអាចរកចំណូលបានប្រចាំថ្ងៃ ប្រចាំខែបាន ដូចជាប្រភេទបន្លែ ស្ពៃ ប៉េងបោះ ជាដើម បងប្អូនអាចដាំជាលក្ខណៈជាផ្ទះសំណាញ់ និងជាដំណាំលើទឹកបាន ព្រោះវាងាយស្រួលថែទាំ ដែលធ្វើឱ្យគុណភាពបន្លែក៏ល្អលក់ក៏បានថ្លៃទៅតាមនោះផងដែរ៕


