បច្ចុប្បន្ននេះមិនថាស្រ្តីឬបុរសសុទ្ធតែអាចរកចំណូលបានដូចគ្នា ថ្វីបើពេលខ្លះស្រ្តីត្រូវសម្រាកពីការងារក្រោយពីរៀបការមានគ្រួសារមានកូនក៏ដោយ ក៏ពួកគាត់នៅតែអាចឆ្លៀតពេលពីការមើលថែកូនមកបង្កើតមុខរបរមួយសម្រាប់ខ្លួនឯងដើម្បីបង្កើតចំណូលជួយទំនុកបម្រុងគ្រួសារគាត់បានដែរ។ ជាក់ស្តែងដូចស្រ្តីជនជាតិសឹង្ហបុរី ៣ រូបនេះ ឆ្លៀតពេលពីការមើលថែកូននិងគ្រួសារខ្លះមកបង្កើតមុខរបរអាចរកចំណូលបានមួយខែៗរាប់ពាន់ដុល្លារ ៖
១.កាត់ដេរសម្លៀកបំពាក់
អ្នកស្រី Salinah Salim ត្រូវបានគេដឹងថាជាស្រ្តីម្នាក់ដែលកំពុងតែរកចំណូលជួយខ្លួនឯងនិងគ្រួសារដោយការបង្កើតមុខរបរជាអ្នកកាត់ដេរនៅផ្ទះ ហើយគាត់បានចាប់យករបរនេះតាំងតែពីឆ្នាំ ២០១២ មកម្ល៉េះ ពោលគឺចាប់តាំងតែពីគាត់រៀបការមានគ្រួសារមក។ អ្នកស្រី Salinah Salim បានបន្តថាជាមធ្យមក្នុងមួយខែគាត់អាចរកចំណូលបានចន្លោះពី ១,០០០ដុល្លារ ទៅ ២,០០០ដុល្លារពីមុខរបរកាត់ដេររបស់គាត់ ប៉ុន្តែចំណូលនេះមិនសល់អ្វីច្រើនសម្រាប់គាត់នោះទេ ព្រោះគាត់ត្រូវចំណាយច្រើនលើការចាយវាយប្រចាំថ្ងៃសម្រាប់កូនៗរបស់គាត់។
២.ធ្វើនំលក់
មុខរបរធ្វើនំបានកំពុងរកចំណូលឱ្យស្រ្តីម្នាក់ក្នុងមួយខែចន្លោះពី ៨០០ដុល្លារទៅ ១,០០០ដុល្លារ ដោយគ្រាន់តែធ្វើនំលក់នៅផ្ទះធម្មតាៗ ។ ជាក់ស្តែង អ្នកស្រី Madam Azurah ជាស្រ្តីមេផ្ទះមួយរូបដែលកំពុងពឹងផ្អែកចំណូលពីការធ្វើនំលក់ ដើម្បីចិញ្ចឹមកូន ៥នាក់នៅក្នុងបន្ទុក និងសម្រាប់ការចំណាយផ្សេងៗទៀតនៅក្នុងផ្ទះ។ បើតាមការលើកឡើងរបស់អ្នកស្រី Madam Azurah បានឱ្យដឹងថា បើទោះបីជាចំណូលនេះតិចមិនពិតមែនតែចំណូលនេះក៏ក្លាយជាចំណែកមួយផ្នែកជួយកាត់បន្ថយការលំបាកខ្លះដែរ ម្យ៉ាងការងារនេះល្អសម្រាប់ស្រ្តីដែលជាមេផ្ទះអាចរកចំណូលបានសម្រាប់ខ្លួនឯងហើយ សល់ទាំងពេលមើលថែទាំងគ្រួសារថែមទៀត។
៣.បើកសាឡន
ការបើកហាងសាឡនត្រូវបានក្លាយជារបរដល់ពេញនិយមមួយសម្រាប់ស្រ្តីនៅអាស៊ីយើងនេះ ព្រោះវាជួយឱ្យស្រ្តីដែលមានគ្រួសារនៅផ្ទះអាចធ្វើបានងាយស្រួល ទោះជាមានកូនតូចត្រូវមើលថែក៏ដោយ ក៏ពួកគាត់អាចឆ្លៀតពេលធ្វើបានសម្រាប់បង្កើតប្រាក់ចំណូលបន្ទាប់បន្សំផ្គត់ផ្គង់គ្រួសារបាន។ ជាក់ស្តែង សម្រាប់អ្នកស្រី Erica Goh បាននឹងកំពុងពឹងផ្អែកទៅរបរមួយនេះដើម្បីរកចំណូលចិញ្ចឹមកូនក្នុងបន្ទុកនិងសម្រាប់ចាត់ចែងការចំណាយប្រចាំរបស់គាត់ ក្រៅពីទទួលបានកម្រៃពីភ្ញៀវដែលមកបម្រើសេវាកម្មនៅហាង អ្នកស្រី Erica Goh ក៏អាចរកចំណូលបានមួយផ្នែកទៀតពីការបង្រៀនសិស្សផងដែរ ដោយក្នុងមួយវគ្គក្នុងម្នាក់តម្លៃចន្លោះពី ៥០ដុល្លារ ទៅ ៧០ដុល្លារ។
គួរបញ្ជាក់ផងដែរថា នេះជាគំនិតអាជីវកម្មដែលក្រុមការងារចង់ធ្វើការចែករំលែកសម្រាប់ស្រ្តីដែលជាមេផ្ទះអាចធ្វើការពិចារណាធ្វើសម្រាប់បង្កើតជាចំណូលបន្ថែមផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ និងបន្ថែមជាគំនិតខ្លះដើម្បីឱ្យបងៗស្រ្តីមើលឃើញថាទោះបីជានៅផ្ទះក៏ពួកគាត់អាចឆ្លៀតពេលបង្កើតចំណូលបានដោយខ្លួនឯងដែរទោះតិចឬច្រើនក៏ជាកម្លាំងញើសឈាមរបស់គាត់ជាអ្នករក៕


