ប្រា.ក់ខែចាយមិនគ្រប់? អ្នកជំនាញ ប្រាប់ឲ្យប្រញាប់ធ្វើរឿងធំៗ ២ នេះទោះចំណូ.លទាប ក៏អាចសល់ទ្រព្យ
Kan DaraMAY 16 202613 views

ចំណូល ៥០០ដុល្លារ ក៏ចាយមិនគ្រប់ លុះឡើងបាន ១,០០០ដុល្លារ ក៏ចាយមិនដែលគ្រាន់ រកបានប៉ុន្មានក៏មិនសល់ ពេលមានបញ្ហាត្រូវការលុយបន្ទាន់ដើម្បីដោះទាល់។ នេះគឺជាស្ថានភាពជីវិតរបស់យុវជនមួយចំនួនសព្វថ្ងៃ។

 

ជុំវិញបញ្ហាចាក់ស្រេះខាងលើនេះ នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក នី លីហួង នាយកនៅក្រុមហ៊ុន ធានារ៉ាប់រង Forte Insurance (Cambodia) បានថ្លែងយ៉ាងដូច្នេះថា «បើចង់សល់លុយ សល់ទ្រព្យ គឺចៀសមិនផុតពីដើរផ្លូវសាមញ្ញបំផុត២ឡើយ គឺការបន្ថយចំណាយ និងបង្កើនចំណូល»។ លោកបញ្ជាក់ថែមទៀតថា ផ្លូវនេះសាមញ្ញតែមិនសូវមានអ្នកធ្វើបានជោគជ័យឡើយ ដូច្នេះលោកបានពន្យល់លម្អិតដូចតទៅ៖

 

ទី១/. កាត់បន្ថយចំណាយ៖ បើអ្នកជាមនុស្សមានចំណូលតិច អ្វីដែលត្រូវធ្វើគឺតាំងចិត្តបន្ថយចំណាយឱ្យនៅទាបបំផុតតាមដែលអាចធ្វើទៅបាន។ លោក លីហួង លើកឡើងថា «បើគ្រាន់តែនិយាយនឹងសំដី ចំណាយប្រចាំខែប្រចាំថ្ងៃរបស់អ្នកច្បាស់ជាគ្មានថ្ងៃថមថយឡើយ ហេតុនេះត្រូវតែចេញសកម្មភាពទើបបានផល»

អ្នកជំនាញរូបនេះបានលើកជាឧទាហរណ៍ថា បើចំណូលកំពុងទាប អ្នកគួរតែកាត់បន្ថយចំណាយដូចជាការហូបចុក។ កាត់បន្ថយលើការហូបចុកមិនមែនមានន័យថា បង្អត់អាហារខ្លួនឯងដើម្បីសល់លុយនោះទេ ប៉ុន្តែលោកចង់សំដៅទៅលើការច្នៃការចំណាយលើបាយមួយពេលឱ្យនៅទាបបំផុត។ បើសិនជាធ្លាប់ចូលហាងខាងក្រៅគួរតែប្ដូរមកធ្វើហូបខ្លួនឯងមកពីផ្ទះវិញ បើធ្លាប់តែចំណាយលើសាច់ច្រើនជាងបន្លែ គួរប្ដូរមកជាបន្លែច្រើនជាងសាច់វិញ។ ធ្វើបែបនេះមិនត្រឹមតែសល់លុយទេ វាបានទាំងសុខភាពល្អ។

 

ទី២/. បង្កើនចំណូល៖ ត្រង់ចំណុចនេះលោកលីហួងបានពន្យល់ថា បើអ្នកមិនទាន់មានការងារច្បាស់លាស់ គួរតែរកការងារគោលច្បាស់លាស់មួយធ្វើ បើការងារមួយបានលុយតិចពេក គួររកការងារបន្ថែមធ្វើ។ ទន្ទឹមនឹងនោះ បើអ្នកមិនអាចជួយខ្លួនឯងបានលើការបង្កើនចំណូល អ្នកគួរតែសួរនាំអ្នកដែលមានបទពិសោធន៍ អ្នកដែលធ្លាប់ឆ្លងកាត់ជីវិតស្រដៀងអ្នកដើម្បីបង្កើនចំណេះជំនាញ។

 

អ្នកជំនាញរូបនេះបានគូសបញ្ជាក់ផងដែរថា មែនទែនទៅចង់សល់លុយកើនទ្រព្យ គឺច្បាស់ជាចៀសមិនផុតពីការដើរតាមផ្លូវទាំងពីរខាងលើ និងខិតខំសន្សំលុយនោះទេ។ ហើយរឿងដ៏សាមញ្ញទាំងនេះ គឺវាពិបាកណាស់មិនងាយដូចនិយាយទេ វាទាមទារឱ្យយើងមានការតាំងចិត្តខ្ពស់។ ទន្ទឹមនឹងនោះក៏ត្រូវហ៊ានលះបង់នូវទម្លាប់មិនល្អកន្លងមក បង្កើតវិន័យថ្មីៗឱ្យខ្លួនឯង ហើយព្យាយាមអនុវត្តន៍ និងជឿលើអ្វីមួយប្រកបដោយសតិ និងការពិចារណា មិនយូរទេអ្នកនឹងលែងមានបញ្ហាលុយ លែងចាយសល់ខែ ទោះបីចំណូលតិចឬច្រើនក៏ដោយ៕

 

  • សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
  • ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
  • យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃត្រឹមតែ ១២$ ប៉ុណ្ណោះ។  👇 បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia