អារម្មណ៍ធុញទ្រាន់ ឬមិនចង់ធ្វើការ គឺជាបញ្ហាប្រឈមធម្មតាមួយក្នុងជីវិតការងារ។ ដើម្បីជួយឱ្យអ្នកអាចទាញយកថាមពលត្រឡប់មកវិញ និងបង្កើនប្រសិទ្ធភាពការងារបានទ្វេដង នេះគឺជាក្បាច់ពិសេសចំនួន ៣ ដែលណែនាំដោយអ្នកជំនាញផ្នែកផលិតភាពផ្ទាល់៖
១/. ប្រើប្រាស់បច្ចេកទេស Pomodoro៖ នៅពេលដែលអ្នកមានអារម្មណ៍ថាការងារនៅពីមុខច្រើនពេក រហូតដល់មិនដឹងចាប់ផ្តើមពីណា ការបែងចែកពេលវេលាជាចំណែកតូចៗគឺជាដំណោះស្រាយដ៏ល្អបំផុត។ ចូរកំណត់ម៉ោងធ្វើការឱ្យហ្មត់ចត់បំផុតរយៈពេល ២៥ នាទី រួចឈប់សម្រាក ៥ នាទី។ បន្ទាប់ពីធ្វើបែបនេះបាន ៤ ជុំ អ្នកអាចសម្រាកក្នុងរយៈពេលវែងពី ១៥ ទៅ ៣០នាទី។ វាកាត់បន្ថយភាពហត់នឿយខួរក្បាល និងជួយឱ្យអ្នកមានអារម្មណ៍ថា ការងារធំៗក្លាយជាការងារងាយស្រួលសម្រេច។
២/. ច្បាប់ ២ នាទី៖ ជារឿយៗ យើងបាត់បង់អារម្មណ៍ធ្វើការដោយសារតែគំនរការងារតូចតាច ដែលយើងចេះតែពន្យារពេល។ ប្រសិនបើកិច្ចការណាមួយ ដូចជាការតបអ៊ីមែលខ្លី ការរៀបចំតុ ឬការហៅទូរស័ព្ទ ចំណាយពេលតិចជាង ២ នាទី ចូរធ្វើវាភ្លាម ដោយមិនបាច់គិត ឬដាក់ក្នុងតារាងការងារដែលត្រូវធ្វើនោះទេ។ ការសម្រេចកិច្ចការតូចៗភ្លាមៗ នឹងបង្កើត "Momentum" ឬសន្ទុះចិត្តសាស្ត្រ ដែលជួយឱ្យអ្នកមានកម្លាំងចិត្តចង់បន្តទៅធ្វើការងារធំៗទៀត។
៣/. រៀបចំការងារតាមតារាង Eisenhower Matrix៖ ការបែងចែកអាទិភាពការងារឱ្យបានច្បាស់លាស់ ដោយប្រើប្រាស់គោលការណ៍ Eisenhower Matrix។ ជាញឹកញាប់ អារម្មណ៍ធុញថប់ក្នុងការធ្វើការ កើតឡើងដោយសារយើងមិនដឹងថាត្រូវចាប់កាន់ការងារណាមុន ឬចំណាយពេលទៅលើកិច្ចការដែលមិនសូវសំខាន់ច្រើនពេក។ តាមរយៈវិធីសាស្ត្រនេះ អ្នកត្រូវបែងចែកកិច្ចការជា ៤ ផ្នែក៖
១. កិច្ចការសំខាន់ ហើយបន្ទាន់ ដែលត្រូវដោះស្រាយភ្លាមៗ ២. កិច្ចការសំខាន់ តែមិនទាន់បន្ទាន់ ដែលអ្នកត្រូវកំណត់កាលវិភាគឱ្យច្បាស់ដើម្បីធ្វើវា ៣. កិច្ចការមិនសំខាន់ តែបន្ទាន់ ដែលអ្នកអាចផ្ទេរឱ្យអ្នកដទៃជួយធ្វើជំនួស និង ៤. កិច្ចការមិនសំខាន់ ហើយក៏មិនបន្ទាន់ ដែលអ្នកគួរកាត់ចោល ដើម្បីកុំឱ្យខាតពេល។ ការធ្វើបែបនេះ មិនត្រឹមតែជួយឱ្យអ្នកមានរបៀបរៀបរយក្នុងការងារប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយកាត់បន្ថយសម្ពាធផ្លូវចិត្ត និងជួយឱ្យអ្នកអាចផ្ដោតទៅលើអ្វីដែលផ្តល់តម្លៃពិតប្រាកដដល់គោលដៅរបស់អ្នក។
យ៉ាងណាមិញ សូមកុំភ្លេចទទួលទានទឹកឱ្យបានគ្រប់គ្រាន់ និងក្រោកឈរពត់ខ្លួនខ្លះ។ ខួរក្បាលដែលខ្វះអុកស៊ីសែន និងជាតិទឹក គឺជាសត្រូវលេខមួយនៃភាពផ្ដោតអារម្មណ៍៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)
- សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
- ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
- យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



