លោកជំទាវ លន ល័យហៀង៖ ស្ដ្រីឆ្នើមដែលរចនាម៉ូតផ្ទះប្រណិតៗរបស់បុរី លន ស៊ីធី
Bunthoeun KoemSEPTEMBER 1 2026238 views

លោកជំទាវ លន ល័យហៀង នាយិកាប្រតិបត្តិ និងជានាយិកាផ្នែកស្ថាបត្យកម្មនៃក្រុមហ៊ុន លន ស៊ីធីគ្រុប ដែលកំពុងបង្ហាញវត្តមានយ៉ាងលេចធ្លោនៅក្នុងវិស័យអចលនទ្រព្យ និងស្ថាបត្យកម្មនៅកម្ពុជា ដោយលោកជំទាវបានដឹកនាំក្រុមហ៊ុនសម្រេចបាននូវលទ្ធផលជាច្រើនក្នុងរយៈពេលជិត ១ ទស្សវត្សរ៍កន្លងមកនេះ។

 

លោកជំទាវ លន ល័យហៀង គឺជាកូនស្រីឆ្នើមទី៤ របស់ អ្នកឧកញ៉ា តុល លន ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លន ស៊ីធីគ្រុប ហើយអ្នកឧកញ៉ាក៏ជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជាផងដែរ។

 

Photo 2026 09 01 17 46 01

 

លោកជំទាវ លន ល័យហៀង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រស្ថាបត្យកម្ម Bachelor Degree of Architecture ក្នុងឆ្នាំ ២០១៩ និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកសិល្បៈផ្សព្វផ្សាយ និងសារគមនាគមន៍ Master of Arts ក្នុងឆ្នាំ ២០២៥ ពីសកលវិទ្យាល័យ Academy of Arts University នៃសហរដ្ឋអាមេរិក។

 

បច្ចុប្បន្ន លោកជំទាវកំពុងដឹកនាំក្រុមហ៊ុន លន ស៊ីធីគ្រុប ប្រកបដោយចក្ខុវិស័យច្បាស់លាស់។ ដោយក្នុងនោះការរចនាប្លង់ម៉ូតលំនៅឋានប្រណិតៗបែបសម័យកាលទំនើបទាំងអស់នៅក្នុង បុរី លន ស៊ីធី គឺជាគំនិតច្នៃប្រឌិតផ្ទាល់របស់លោកជំទាវ។ នៅក្នុងតំណែងខាងលើ លោកជំទាវបានបំពេញកាតព្វកិច្ចដឹកនាំផែនការធំៗរបស់ លន ស៊ីធីគ្រុប សម្រេចបានសមទ្ធផលយ៉ាងត្រចះត្រចង់ជាច្រើនក្នុងរយៈពេលជិត ១០ ឆ្នាំកន្លងមក។

 

Photo 2026 09 01 17 45 20

 

ដោយមានការគាំទ្រយ៉ាងពេញទំហឹងពី អ្នកឧកញ៉ា តុល លន ព្រមទាំងក្រុមគ្រួសារផងនោះ លោកជំទាវបាននាំយកពានរង្វាន់ពិសេសៗជាច្រើនជូនក្រុមហ៊ុនដូចជា៖ PROPERTY AWARD ដែលមាន Best Residential Development in Sihanoukville, Best boutique housing architectural design ឆ្នាំ 2022 និង CAMBODIA REAL ESTATE AWARD, Best Marketing ឆ្នាំ 2023 និង 40 under 40 by Prestige ឆ្នាំ 2024។

 

Photo 2026 09 01 17 45 51

 

លោកជំទាវ លន ល័យហៀង បានបញ្ជាក់ពីទស្សនវិស័យផ្ទាល់ខ្លួនថា៖ "គឺចូលរួមរៀបចំអនាគតនៃវិស័យអចលនទ្រព្យ តាមរយៈការយល់ដឹងឱ្យកាន់តែស៊ីជម្រៅពីសកម្មភាពរស់នៅរបស់មនុស្ស និងរបៀបរស់នៅរបស់ពួកគាត់"។ លោកជំទាវបានបន្ថែមទៀតថា ក្នុងនាមជាស្ថាបត្យករ និងជាអ្នកអភិវឌ្ឍន៍ លោកជំទាវចង់បង្កើតលំនៅដ្ឋានដែលលើសពីភាពស្រស់ស្អាត ពោលគឺត្រូវតែជាផ្ទះដែលផ្តល់នូវអារម្មណ៍កក់ក្តៅ ប្រើប្រាស់បានល្អ មាននិរន្តរភាព និងធ្វើឲ្យជីវិតប្រចាំថ្ងៃមានស្ដង់ដារ នៃការរស់នៅឲ្យកាន់តែប្រសើរ និងរៀបចំការរស់នៅដែលកាន់តែមានគុណភាព។

 

ចំពោះបេសកកម្មទៅអនាគត លោកជំទាវបានប្តេជ្ញាចិត្តថានឹងបន្តអភិវឌ្ឍខ្លួនឯង និងរុញសមត្ថភាពដើម្បីសាងសង់លំនៅដ្ឋានដែលមានការរចនាស្អាតជាងមុន សាងសង់បានល្អជាងមុន និងផ្តល់ជូនបទពិសោធន៍រស់នៅកាន់តែប្រសើរផងដែរ៕  

 

Photo 2026 09 01 17 45 29

Photo 2026 09 01 17 45 42

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia