រង់ចាំតែថ្ងៃបើកការដ្ឋាន! គម្រោងស្ពានវែងៗ ២ ទីតាំងនេះបញ្ចប់ការសិក្សារួចហើយនៅឡើយចាំការសាងសង់
Bunthoeun KoemMAY 28 2026653 views

បច្ចុប្បន្នរាជរដ្ឋាភិបាលបាននិងកំពុងសម្រុកកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាពិសេសផ្លូវ ស្ពាន ដើម្បីតភ្ជាប់សរសៃឈាមសេដ្ឋកិច្ចពីតំបន់មួយទៅតំបន់មួយទៀត។ ជាក់ស្ដែងគម្រោងផ្លូវជាតិលេខ ៧  គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងព្រែកជីកហ្វូណនតេជោ គម្រោងស្ពានឆ្លងទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) និងគម្រោងស្ពានឆ្លងទន្លេបាសាក់ (ព្រែកប្រា-ចាក់អង្រែលើ)ជាដើមសព្វថ្ងៃកំពុងសម្រុកការសាងសង់។

 

យ៉ាងណាក្រៅពីគម្រោងទាំងនេះ ក៏មានគម្រោងមួយចំនួនត្រូវបានសិក្សារួចរាល់រង់ចាំតែថ្ងៃបើកការដ្ឋានសាងសង់តែប៉ុណ្ណោះ។ ដោយក្នុងនោះយើងនឹងលើកយកគម្រោនស្ពានវែងៗចំនួន ២ រួមមាន៖  

 

១. គម្រោងស្ពានមិត្ដភាពកម្ពុជា-កូរ៉េ

 

គម្រោងស្ពានមិត្ដភាពកម្ពុជា-កូរ៉េ ត្រូវបានសិក្សាចប់សព្វគ្រប់ហើយដោយរង់ចាំតែថ្ងៃបើការដ្ឋានសាងសង់តែប៉ុណ្ណោះ។ គម្រោងស្ពានដែលតភ្ជាប់ភូមិសាស្ដ្ររាធានីភ្នំពេញទៅកាន់តំបន់អរិយក្សត្រ នឹងត្រូវសាងសង់ចេញពីមុខផ្សាររាត្រីឆ្លងកាត់ទន្លេសាបទៅកាន់តំបន់ជ្រោយចង្វារ និងតភ្ជាប់ពីតំបន់ជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គទៅអរិយក្សត្រ ពោលគឺមានស្ពានចំនួន ២ ខ្សែ។

 

511c1fb5 B889 4312 Aec4 9b67d7cb0573

 

តាមការ​បញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលកន្លងទៅ គម្រោងស្ពានមិត្ដភាពកម្ពុជា-កូរ៉េ ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ គ្រោងនឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់ក្នុងឆ្នាំ ២០៣០។ ដោយក្នុងនោះការចំណាយលើកការសាងសង់មានតម្លៃប្រមាណជិត ២៥០ លានដុល្លារ។

 

នៅពេលសាងសង់រួចស្ពានខាងលើនឹងជួយសម្រួលឱ្យការធ្វើដំណើរ កាត់បន្ថយការកកស្ទះចេញចូលរាជធានីភ្នំពេញ និងតភ្ជាប់ទៅតំបន់អភិវឌ្ឍន៍អរិយក្សត្រ ស្វាយជ្រុំផងដែរ។

 

Dc39a44b A730 41c9 8f5b 0e8358ad0398

 

២. ស្ពានភ្ជាប់ខេត្ដកំពង់ឆ្នាំង-កំពង់ធំ

 

គម្រោងស្ពាន និងផ្លូវដែលតភ្ជាប់ខេត្ដកំពង់ឆ្នាំង​ និងខេត្ដកំពង់ធំ ត្រូវបានបញ្ចប់ការសិក្សារួចរាល់ហើយ។ គម្រោងនេះមានផ្លូវប្រវែងសរុបជិត ៥៨ គីឡូម៉ែត្រភ្ជាប់ត្រង់ភូមិសាស្ត្រស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយក្នុងគម្រោងនេះក៏មានស្ពានប្រែងជាង ៣ គីឡូម៉ែត្រផងដែរ។

 

សរុបគម្រោងទាំងមូល ការសាងសង់នឹងត្រូវចំណាយទឹកប្រាក់ប្រមាណ២៥០លានដុល្លារអាមេរិក ក្នុងនោះប្រហែល១៥០លានដុល្លារ សម្រាប់ការសាងសង់ផ្លូវកៅស៊ូ និងប្រហែល១០០លានដុល្លារ សម្រាប់សាងសង់ស្ពាន កាត់ទន្លេសាប ដែលមានចម្ងាយ៣.៣០០ម៉ែត្រដែលជាស្ពានវែងជាងគេនៅកម្ពុជា។

 

បច្ចុប្បន្ន បើទោះបីគម្រោងនេះមិនទាន់មានដំណើរការក្តី អាជ្ញាធរតាមរយៈក្រុមហ៊ុនគ្លូ​ប៊ល​គ្រីន បានសាងសង់ផ្លូវដី​ពីឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ប្រវែង ១៧គីឡូម៉ែត្រ។ ការលើកកម្ពស់ផ្លូវដីនេះ ជួយសម្រួលឱ្យប្រជាពលរដ្ឋធ្វើ​ចរាចរណ៍​បានទាំងខែវស្សា និងខែប្រាំង ព្រោះលែងលិចទឹកទន្លេក្នុង​ខែវស្សា​ដូចឆ្នាំមុនៗ​ទៀត​ហើយ៕

 

 

Fn 2026 05 27 03 10 19 56

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia