ភាពជាដៃគូជាមួយ ចំការកំពង់ល្ពៅ (CKL) និងបច្ចេកវិទ្យាផ្ទះសំណាញ់ឆ្លាតវៃធន់នឹងអាកាសធាតុ ដើម្បីជំនួសការនាំចូល និងផ្តល់នូវផលិតផលក្នុងស្រុកប្រកបដោយសុវត្ថិភាព ដល់តុអាហាររបស់អ្នកបរិភោគ។
ក្នុងជំហានជាប្រវត្តិសាស្ត្រសម្រាប់វិស័យកសិកម្ម និងសន្តិសុខស្បៀងកម្ពុជា គម្រោង អិលភី (LOCAL PROUD) ដែលជាគំនិតផ្តួចផ្តើមក្នុងស្រុកមួយផ្តល់នូវដំណោះស្រាយនវានុវត្តន៍ផ្សេងៗក្នុងការធ្វើទីផ្សារផលិតផលកសិកម្ម និងអាហារប្រកបដោយនិរន្តរភាពជាមួយនឹងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ ផលិត ផលក្នុងស្រុក បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងកសិកម្មតាមកិច្ចសន្យាចំនួន ៣០០តោន ជាមួយ ចំការកំពង់ល្ពៅ (CKL) កាលពីថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥។ ពិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាព និងជាសាក្សីដោយ លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង និង លោក ហ៊ុន វិទូ អគ្គនាយកសភាពាណិជ្ជកម្មខេត្តបាត់ដំបង ដែលបានបង្ហាញពីការធ្វើពាណិជ្ជកម្មដំណាំតាសក់ផ្អែមស្រួយ ដំបូងគេបង្អស់របស់កម្ពុជា និងបានដាំដុះដោយជោគជ័យនៅលើទឹកដីខេត្តបាត់ដំបង ហើយក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការកាត់បន្ថយការពឹងផ្អែកលើផលិតផលនាំចូល។
តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាផ្ទះសំណាញ់ឆ្លាតវៃធន់នឹងអាកាសធាតុដ៏ទំនើប ចំការកំពង់ល្ពៅ (CKL) ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ លោក ស្រី សំបាន ជាស្ថាបនិក បានសម្រេចនូវអ្វីដែលធ្លាប់គិតថាមិនអាចទៅរួច – គឺការដាំដុះដំណាំ តាសក់ផ្អែមស្រួយ ដែលមានគុណភាពខ្ពស់ប្រកបដោយភាពជោគជ័យលើទឹកដីប្រទេសកម្ពុជាក្នុងទ្រង់ទ្រាយបែបពាណិជ្ជកម្ម។
"ភាពជាដៃគូជាមួយ LP មានន័យខ្លាំងណាស់សម្រាប់ ចំការកំពង់ល្ពៅ (CKL)។ ក្នុងនាមជាកសិករ ការដែលបានក្លាយជាអ្នកដំបូងគេ ដែលដាំដុះពូជតាសក់ផ្អែមស្រួយនេះដោយជោគជ័យនៅប្រទេសកម្ពុជា ហើយដឹងថាយើងកំពុងជួយដោយផ្ទាល់ក្នុងការកាត់បន្ថយការពឹងផ្អែកលើការនាំចូល ធ្វើឱ្យខ្ញុំមានមោទនភាពយ៉ាងខ្លាំង។ បច្ចេកវិទ្យាផ្ទះសំណាញ់របស់យើង ធានាថាយើងអាចផ្តល់ជូននូវគុណភាព និងបរិមាណ ទោះភ្លៀង ឬរាំង ដែលធ្វើឱ្យការបណ្តាក់ទុននេះមាននិរន្តរភាព និងអាចទុកចិត្តបាន។" នេះជាប្រសាសន៍របស់ លោក ស្រី សំបាន ស្ថាបនិក ចំការកំពង់ល្ពៅ (CKL)។
ការប្តេជ្ញាចិត្តចំនួន ៣០០តោន សម្រាប់ឆ្នាំ២០២៦ បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ អិលភី (LP) ក្នុងការលើកកម្ពស់ឧត្តមភាពកសិកម្មក្នុងស្រុក និងធានាការផ្គត់ផ្គង់ផលិតផលដែលមានសុវត្ថិភាព និងគុណភាពខ្ពស់ សម្រាប់ទាំងទីផ្សារប្រទេសកម្ពុជា និងអន្តរជាតិ។
"LOCAL PROUD (LP) ឥឡូវនេះកំពុងនាំយកផ្លែតាសក់ផ្អែមស្រួយដំបូងគេបង្អស់របស់ប្រទេសកម្ពុជាមកកាន់ទីផ្សារ ហើយភាពជាដៃគូ ៣០០តោននេះ គឺលើសពីកិច្ចសន្យាទៅទៀត ដែលវាតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅមុខសម្រាប់សន្តិសុខស្បៀង និងមោទនភាពជាតិរបស់ប្រទេសកម្ពុជា។ តាមរយៈការវិនិយោគជាមួយកសិដ្ឋានទំនើបដូចជា ចំការកំពង់ល្ពៅ (CKL) ដែលប្រើប្រាស់កសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ យើងមិនត្រឹមតែផ្តល់ស្បៀងអាហារប្រកបដោយសុវត្ថិភាព និងគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកសាងអនាគតមួយប្រកបដោយភាពធន់ និងនវានុវត្តន៍ សម្រាប់វិស័យកសិកម្មរបស់យើងទៀតផង។ នេះគឺជារសជាតិដ៏ផ្អែមល្ហែមនៃភាពជោគជ័យមួយនៅក្នុងស្រុក។" នេះជាប្រសាសន៍របស់ លោកស្រី ប៉ាន់ អម្រឹតធីតា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីជីអេ អ៊ែតវ៉ាយហ្សឺរី ឯ.ក និងជានាយិកាគម្រោង LOCAL PROUD (LP)។
ភាពជាដៃគូយុទ្ធសាស្ត្រនេះ គឺជាតឹកតាងផ្ទាល់នៃបេសកកម្មស្នូលរបស់ LOCAL PROUD គឺ"បង្កើនប្រាក់ចំណូលកសិករ កាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់"។ តាមរយៈការបង្កើតទីផ្សារមានស្ថិរភាព និងបរិមាណខ្ពស់សម្រាប់ដំណាំដែលមានតម្លៃខ្ពស់ LP កំពុងផ្តល់ជូនលោក ស្រី សំបាន កសិករ និងក្រុមការងាររបស់គាត់នូវប្រភពចំណូលដ៏គួរឱ្យទុកចិត្ត។ ព្រមជាមួយគ្នានេះ តាមរយៈការជំរុញការផ្គត់ផ្គង់ផ្លែតាសក់ផ្អែមស្រួយក្នុងស្រុក គម្រោងនេះមានគោលបំណងផ្តល់ជូនអតិថិជនក្នុងស្រុកនូវជម្រើសដែលមានគុណភាពខ្ពស់ សុវត្ថិភាពជាង និងមានតម្លៃសមរម្យជាងការនាំចូល។
បច្ចេកវិទ្យាផ្ទះសំណាញ់ដែលប្រើប្រាស់នៅ ចំការកំពង់ល្ពៅ (CKL) ផ្តល់នូវបរិយាកាសគ្រប់គ្រង ដែលការពារដំណាំពីសត្វល្អិត បម្រែបម្រួលអាកាសធាតុធ្ងន់ធ្ងរ និងកាត់បន្ថយតម្រូវការធាតុចូលរបស់គីមី។ ទាំងនេះគឺស្របគ្នាយ៉ាងល្អឥតខ្ចោះជាមួយនឹងទស្សនវិជ្ជា "ពីកសិកម្មសុវត្ថិភាព ទៅកាន់អាហារសុវត្ថិភាពនៅលើតុ" របស់ LP ដែលធានាដល់អ្នកប្រើប្រាស់នូវផលិតផលដែលមានរសជាតិឆ្ងាញ់ និងដាំដុះប្រកបដោយការទទួលខុសត្រូវ។
ពិធីនេះបានបញ្ចប់ដោយពិធីលាងសាយភោជន៍បែបអាជីវកម្ម កំឡុងពេលដែលព្រះអាទិត្យកំពុងអស្តង្គត ដែលតំណាងឱ្យថ្ងៃរះថ្មីដ៏ភ្លឺស្វាងសម្រាប់កសិកម្មប្រទេសកម្ពុជា ដែលនវានុវត្តន៍ក្នុងស្រុក និងភាពជាដៃគូយុទ្ធសាស្ត្រកំពុងបណ្តុះនូវទិដ្ឋភាពស្បៀងអាហារដែលមានសុខភាពល្អ និងកាន់តែមានភាពគ្រប់គ្រាន់ដោយខ្លួនឯង។
អំពីគម្រោង អិលភី (LOCAL PROUD)
អិលភី (LOCAL PROUD) គឺជាពាក្យកាត់មកពីពាក្យ “ការចែកចាយផលិតផលក្នុងស្រុក” (Local Products Distribution)។ បង្កើតឡើងជាគម្រោងមួយក្រោមក្រុមហ៊ុន ជីជីអេ អ៊ែតវ៉ាយហ្សឺរី ឯ.ក (G.G.A Advisory Co., Ltd.) គម្រោងអិលភី(LP) គឺជាគម្រោងអាជីវកម្មបែប ESG (អាជីវកម្មដែលផ្តោតលើបរិស្ថាន សង្គម និងអភិបាលកិច្ច) ដែលមានចក្ខុវិស័យក្នុងការជំរុញវិសាលភាពវិស័យកសិកម្មរបស់កម្ពុជានៅក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។ បច្ចុប្បន្ននេះ គម្រោងអិលភី(LP) កំពុងដំណើរការជាផ្លូវចូលទីផ្សារដ៏សំខាន់សម្រាប់កសិករ និងអ្នកកែច្នៃកសិផល ហើយមានគោលបំណងនាំយកវិស័យកសិកម្មកម្ពុជាឆ្ពោះទៅកាន់ទីផ្សារពិភពលោកតាមរយៈការកសាងប្រព័ន្ធអេកូឡូស៊ីផ្ទាល់ខ្លួនតែមួយគត់ ការធ្វើទំនើបកម្មបច្ចេកវិទ្យាកសិកម្ម និងបង្កើតវេទិកាឌីជីថលដើម្បីបង្កើនលទ្ធភាពក្នុងការចូលទីផ្សារ។









