ការរស់នៅបែបសាមញ្ញ ឬសន្សំសំចៃ គឺជាទម្លាប់ដ៏ល្អ ប៉ុន្តែជារឿយៗមនុស្សជាច្រើននៅតែជួបវិបត្តិហិរញ្ញវត្ថុ ឬមិនអាចមានបាន ព្រោះតែការយល់ច្រឡំរវាង ការរស់នៅសាមញ្ញ និង ការសន្សំខុសវិធី។ ប្រសិនបើអ្នករស់នៅសាមញ្ញហើយនៅតែក្រ ឬដាច់លុយជាប្រចាំ អ្នកប្រហែលជាកំពុងប្រព្រឹត្ត កំហុសទាំង ៦ យ៉ាងក្នុងការចាយវាយ ដូចខាងក្រោមនេះ៖
១.ទិញតែរបស់ថោក ប៉ុន្តែត្រូវផ្លាស់ប្តូរ ថ្មីញឹកញាប់៖ ការជ្រើសរើសទិញរបស់ដែលថោកបំផុតដើម្បីសន្សំលុយ អាចជារឿងខាតបង់ធំនៅពេលខាងមុខ។ផលិតផលថោកៗភាគច្រើនគ្មានគុណភាព និងឆាប់ខូច ដែលអាចធ្វើឲ្យអ្នកត្រូវចំណាយលុយទិញថ្មីម្ដងហើយម្ដងទៀត។ ដូច្នេះដំណោះស្រាយ ត្រូវផ្តោតលើ តម្លៃនៃការប្រើប្រាស់ ជាជាង តម្លៃទឹកប្រាក់។ ទិញរបស់ដែលមានគុណភាពល្អ ប្រើបានយូរ ទោះថ្លៃបន្តិច ប៉ុន្តែចំណេញក្នុងប្រើប្រាស់។
២.សន្សំរហូតដល់មើលរំលងការវិនិយោគលើខ្លួនឯង៖ ការរស់នៅសាមញ្ញជ្រុល អាចធ្វើឲ្យអ្នកមិនហ៊ានចំណាយលើការរៀនសូត្រ បង្កើនជំនាញ សុខភាព ឬទំនាក់ទំនង ដែលជាប្រភពបង្កើនប្រាក់ចំណូល។ ការសន្សំលុយតែមួយមុខមិនអាចធ្វើឲ្យអ្នកមានបានទេ ប្រសិនបើប្រាក់ចំណូលរបស់អ្នកនៅថេរ។ ដំណោះស្រាយ គឺបែងចែកថវិកាមួយផ្នែកសម្រាប់វិនិយោគលើការអប់រំ ទិញសៀវភៅ វគ្គសិក្សា ឬសុខភាពផ្ទាល់ខ្លួន ដើម្បីបង្កើនសមត្ថភាពរកប្រាក់ចំណូលឲ្យបានច្រើនជាងមុន។
៣. គ្មានការកំណត់ថវិកាច្បាស់លាស់៖ មនុស្សជាច្រើនគិតថា តាមរយៈការរស់នៅសាមញ្ញៗ ពួកគេមិនចាំបាច់ធ្វើបញ្ជីចំណាយនោះទេ។ ប៉ុន្តែការចាយវាយតូចតាចដែលមើលរំលង ដូចជា កាហ្វេប្រចាំថ្ងៃ ការទិញអីវ៉ាន់បន្តិចបន្តួច ឬការជាវសេវាកម្មកម្សាន្តផ្សេងៗ អាចបូកផ្សំទៅជាចំនួនទឹកប្រាក់យ៉ាងច្រើននៅចុងខែ។ ដំណោះស្រាយ គឺត្រូវធ្វើបញ្ជីចំណូល-ចំណាយ និងកំណត់កញ្ចប់ថវិកាច្បាស់លាស់ ដើម្បីដឹងថាប្រាក់របស់អ្នកហូរចេញទៅណាខ្លះ។
៤. កែច្នៃ ឬធ្វើអ្វីៗដោយខ្លួនឯងគ្រប់យ៉ាង៖ ការធ្វើអ្វីៗដោយខ្លួនឯងដើម្បីសន្សំលុយជារឿងល្អ ប៉ុន្តែប្រសិនបើវាស៊ីពេលច្រើនម៉ោង រហូតធ្វើឲ្យអ្នកបាត់បង់ឱកាសរកប្រាក់ ឬសម្រាកកាយ វាគឺជាការខាតបង់ទៅវិញ។ ដូច្នេះ ត្រូវយល់ដឹងពី តម្លៃនៃពេលវេលា របស់អ្នក។ ប្រសិនបើការជួលគេធ្វើ ចំណាយអស់តិចជាងពេលវេលាដែលអ្នកអាចយកទៅរកប្រាក់ចំណូលបាន គួរចាប់យកជម្រើសជួលគេវិញ។
៥. គ្មានមូលនិធិបម្រុងគ្រាអាសន្ន៖ ការរស់នៅសាមញ្ញដោយគ្មានប្រាក់សន្សំសម្រាប់ករណីអាសន្ន ដូចជា ជំងឺ ការបាត់បង់ការងារ នឹងធ្វើឲ្យអ្នកងាយធ្លាក់ចូលក្នុងបំណុល នៅពេលដែលមានហេតុការណ៍មិនប្រក្រតីកើតឡើង។ ដូច្នេះ ចូរបង្កើតប្រាក់ទុនបម្រុងគ្រាអាសន្នឲ្យបានយ៉ាងហោចណាស់ ៣ ទៅ ៦ ខែ នៃចំណាយប្រចាំខែរបស់អ្នក មុននឹងយកលុយទៅធ្វើអ្វីផ្សេង។
៦.សន្សំលុយទុកចោល មិនបានយកទៅវិនិយោគ៖ ប្រាក់សន្សំដែលទុកចោលក្នុងគណនីធនាគារធម្មតា ឬក្រោមខ្នើយ វានឹងត្រូវបាត់បង់តម្លៃបន្តិចម្តងៗដោយសារ អតិផរណា។ ប្រសិនបើអ្នកគ្រាន់តែសន្សំ ប៉ុន្តែមិនដែលយកលុយទៅបង្កើតលុយ នោះទ្រព្យសម្បត្តិរបស់អ្នកនឹងមិនអាចកើនឡើងបានឡើយ។ ជាដំណោះស្រាយ គួរសិក្សាពីការវិនិយោគដែលមានហានិភ័យទាប និងមធ្យម ដូចជា ភាគហ៊ុន ធនធានចលនទ្រព្យ ឬអចលនទ្រព្យ ឬមូលនិធិរួម ដើម្បីឲ្យលុយរបស់អ្នកធ្វើការជំនួសអ្នក។
ប្រសិនបើអ្នក កំពុងធ្វើកំហុសមួយក្នុងចំណោមកំហុសទាំង ៦ ខាងលើ មិនថាអ្នកកាត់បន្ថយបានប៉ុន្មានទេ កាបូបរបស់អ្នកនឹងមិនពេញទេ ។ សូមប្រុងប្រយ័ត្ន និងកែសម្រួលទម្លាប់ចំណាយរបស់អ្នកចាប់ពីថ្ងៃនេះតទៅ បើចង់សល់លុយ និងមិនមានវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួន៕


