មួយរយៈចុងក្រោយនេះមានកករណីឆបោកជាច្រើនបានកើតឡើងតាមរយៈប្រព័ន្ឋ Telegram ដោយការផ្ញើរសារជាលីង ដើម្បីឱ្យអ្នកប្រើប្រាស់ចុចចូលទៅបំពេញព័ត៍មាននៅក្នុងនោះ។ ហើយ តាមរយៈការផ្ញើសារជាលីងនេះផងដែរ វាអាចក្លាយ ទៅជាបញ្ហាដល់អ្នកប្រើប្រាស់ដោយអាចឱ្យជន អនាមិកមកគ្រប់គ្រងគណនីដោយមិនដឹងខ្លួនបាន។ ខាងក្រោមនេះ ជាសារដែលបងប្អូនគួរប្រយ័ត្ន៖
១.បោកប្រាស់តាមរយៈការប្រើប្រាស់និម្មិត្តសញ្ញា៖ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា មានជនខិលខូចមួយចំនួនបានបន្លំប្រើប្រាស់រូប សញ្ញាផ្សេងៗនៅក្នុងតេឡេក្រាមរួចក៏ឆាតមកតេឡេក្រាមយើងដើម្បីឱ្យយើងវិនិយោគនេះ វិនិយោគ នោះដោយបានលុយរាប់ពាន់ផងដែរ។ ជាក់ស្តែង ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញគណនីបណ្តាញសង្គមមួយចំនួនបាន ប្រើប្រាស់និម្មិត្តសញ្ញា និងឈ្មោះធនាគារជាតិនៃកម្ពុជា ដោយមិនមានការអនុញ្ញាតក្នុងចេតនាទុច្ចរិត បង្កើតរូបភាពបំភាន់ភ្នែក ដើម្បីផ្សព្វផ្សាយពីគម្រោងវិនិយោគ ឬប្រតិបត្តិការជួញដូរ ផលិតផលហិរញ្ញវត្ថុក្រៅផ្លូវការ។
ធនាគារជាតិនៃកម្ពុជា ពុំមានក្រុម ឆាណែល ឬគណនី Telegram ឬ បណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀត សម្រាប់ផ្សព្វផ្សាយឱ្យសាធារណជនចូលរួមវិនិយោគលើទី ផ្សារហិរញ្ញវត្ថុ ដូចជា ហាងឆេងមាស អត្រាប្តូរប្រាក់ ឬទ្រព្យឌីជីថលឡើយ។
២.ក្បួនឆបោកបន្លំ Phishing ៖ កាលពីកន្លងទៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឱ្យដឹងថា ពេលនេះមានការឆបោកបន្លំ Phishing នៅក្នុង Telegram ពាក់ព័ន្ធនឹងអ្នកវាយប្រហារក្លែងបន្លំជាគណនីពិតរបស់ Telegram ផ្លូវការ ដោយប្រើផ្លាកសញ្ញាដែលបានផ្ទៀងផ្ទាត់ (Verified Badge) ដើម្បីធ្វើឱ្យ គណនីរបស់ពួកគេមើលទៅគួរឱ្យទុកចិត្ត រួចធ្វើខ្លឹមសារបំភិតបំភ័យ ជាមួយតំណភ្ជាប់ក្លែងក្លាយ ដើម្បីទាញយកព័ត៌មានសម្ងាត់របស់ដើម្បីលួចគណនីយកទៅប្រព្រឹត្តិបទល្មើស។
៣.បន្លំធ្វើជាក្រុមហ៊ុន Telegram៖ ជាក់ស្តែង បើតាមការបង្ហោះលើផេកផ្លូវការរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថាសូមប្រុងប្រយ័ត្ន កុំចុចលើតំណភ្ជាប់ការបន្លំជាក្រុមហ៊ុន Telegram កំពុងកើនឡើងជាបន្តបន្ទាប់ ព្រោះជនខិលខូចបានបន្លំធ្វើជាក្រុមហ៊ុន Telegram ដើម្បីធ្វើឲ្យលោកអ្នកជឿថាជនខិលខូចនោះជាក្រុមហ៊ុនពិត ហើយតម្រូវឱ្យអ្នកចុចតំណភ្ជាប់ (Link) ភ្លាមៗ បើ មិនដូច្នេះគណនី Telegram របស់អ្នកនឹងបាត់ក្នុងរយៈពេលដ៏ខ្លី។
៤.ប្រើលីងបញ្ឆោត៖ យោងតាមការចុះផ្សាយលើផេកផ្លូវការរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសង្កេតឃើញ ករណីមានជនអនាមិកមានការចែកចាយមេរោគក្នុងទម្រង់ជាប្រភេទ .exe (Executable File) ផ្ញើមកកាន់គណនីអ្នកប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមតេលេក្រាម (Telegram) ដែលមេរោគប្រភេទនេះអាចលួចទិន្នន័យអ្នកប្រើប្រាស់ ហើយពេលនេះក៏មានជនអនាមិកផ្សេងទៀតបានវិវឌ្ឍន៍ដោយធ្វើការចែកចាយមេរោគប្រភេទដដែលនេះ ដោយប្រើប្រាស់ឈ្មោះឯកសារផ្សេងៗ ដូចជា រូបភាពអំពីការស្លាប់, សន្ទរកថារបស់ថ្នាក់ដឹកនាំ...ជាដើម ធ្វើឱ្យមានការទាក់ទាញអ្នកប្រើប្រាស់ចាប់អារម្មណ៍ ចង់ដឹង ចង់ឮ ឈានទៅដល់ការចុចមើល និងអាចលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់តែម្តង។
នាយកដ្ឋាន សូមក្រើនរំលឹកដល់អ្នកប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមតេលេក្រាម ទាំងអស់ សូម ពិនិត្យប្រភពនៃការផ្ញើ ឬចែកចាយឯកសារផ្សេងៗ និងសូមកុំចុចបើក ឬទាញយរាល់ឯកសារ ប្លែកៗដែលផ្ញើមកពីអ្នកមិនស្គាល់អត្តសញ្ញាណ ជៀសវាងការបាត់បង់ទិន្នន័យ ឬឯកសារនានា៕


