កាលពីថ្ងៃទី ២៩ ខែកក្កដា កន្លងទៅ មហាសេដ្ឋីមានបំផុតនៅហុងកុង លោក លី កាស៊ីង (Li Ka Shing) បានឈានចូលដល់អាយុ ៩៨ ឆ្នាំ ហើយ។ ហើយបើនិយាយពីសុខភាព និងរាងកាយរបស់លោក ក៏មើលទៅនៅឃើញរឹងមាំនិងមានកម្លាំងផងដែរ ខណៈលោករស់នៅរាប់ទសវត្សរ៍ទៅហើយក្ដី។
ប្រភពបរទេសបានឲ្យដឹងថា វិធីសាស្រ្តថែសុខភាពរបស់គាត់ គឺសាមញ្ញគួរឲ្យភ្ញាក់ផ្អើល។ តាមរយៈការញ៉ាំអាហារតិចតួច រក្សាភាពសកម្ម គ្រប់គ្រងភាពតានតឹង គេងឲ្យបានឆាប់ ទទួលការពិនិត្យសុខភាពជាប្រចាំ និងរក្សាសុខុមាលភាពខាងវិញ្ញាណឲ្យល្អ។ លោក លី តែងតែ ញ៉ាំបន្លែ បាយស និងត្រីតូចៗជាជាងសាច់ក្រហម។ ដែលក្នុងនោះត្រីម៉ាកែលចំហុយ គឺជាអាហារដែលលោកចូលចិត្តជាងគេ។ ត្រីសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣ ដូចជា DHA និង EPA ដែលល្អសម្រាប់សុខភាពបេះដូង និងខួរក្បាល។ លោកក៏បានរក្សាសកម្មភាពរាងកាយជាប្រចាំផងដែរ រួមទាំងវាយកូនហ្គោល ហែលទឹក និងការសម្រួល សាច់ដុំ ជាពិសេសក្នុងវ័យតាំងពីកុមារភាពរបស់លោក។ អាហារសាមញ្ញៗ ការហាត់ប្រាណជាប្រចាំ ការសម្រាកគ្រប់គ្រាន់ ការថែទាំសុខភាពបង្ការ ជាអ្វីដែលយើងត្រូវតែផ្ដោតសំខាន់ ប្រសិនចង់បានអាយុវែង។
ជាពិសេស ពេលមានភាពតានតឹង លោក លី បាននិយាយថា លោកគ្រាន់តែបិទភ្នែក សម្រាកមួយភ្លែត ហើយគ្រប់គ្រងការដកដង្ហើមរបស់លោក ដើម្បីទទួលបានការផ្ចង់អារម្មណ៍ឡើងវិញ។ ទម្លាប់ប្រចាំថ្ងៃដ៏តឹងរ៉ឹងជាមួយខ្លួនឯង ក៏ជាផ្នែកមួយនៃរបៀបរស់នៅរបស់គាត់ផងដែរ។ គាត់មិនចូលគេងយប់ជ្រៅ ចូលគេងពីព្រលប់ ហើយភ្ញាក់ម៉ោង ៥:៥៩ ព្រឹក និងតែងតែពិនិត្យសុខភាពជាប្រចាំដើម្បីព្យាបាលទាន់ពេលវេលា។ ក្រៅពីសុខភាពរាងកាយ លោក លី ក៏មានជំនឿលើខាងវិញ្ញាណដែរ ក្នុងនាមជាពុទ្ធសាសនិកដ៏ស្មោះត្រង់ម្នាក់ ដោយជឿថា «ការជួយអ្នកដទៃអាចនាំមកនូវសុភមង្គល និងសន្តិភាពខាងក្នុងចិត្ត»។
គួរបញ្ជាក់ថា លោក លី នៅតែជាមហាសេដ្ឋីដែលមានជាងគេបំផុតនៅហុងកុង នេះបើយោងតាមទស្សនាវដ្តី Forbes បានប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិរបស់លោកមានចំនួន ៤៩,២ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៦។ ខណៈសព្វថ្ងៃ លោកបានលាលែងពីតំណែងជាអ្នកដឹកនាំអាណាចក្រជំនួញតាំងពីឆ្នាំ ២០១៨ ដោយប្រគល់ការគ្រប់គ្រងទៅឲ្យកូនប្រុសច្បងរបស់លោក គឺលោក Victor Li Tzar-kuoi៕


