ប្រវត្តិមិនធម្មតា! ធ្លាប់ប្រើ App តែមិនស្គាល់អ្នកណាជាម្ចាស់? ទាំងនេះជាមេរៀនជីវិត និងយុទ្ធសាស្ត្រជោគជ័យរបស់ស្ថាបនិក Duolingo
Pen SodalenSEPTEMBER 11 202639 views

តើក្មេងប្រុសម្នាក់ដែលធំដឹងក្តីក្នុងប្រទេសហ្គាតេម៉ាឡា អាចប្រែក្លាយខ្លួនទៅជាមហាសេដ្ឋីប្រាក់ប៊ីលាន និងជាអ្នកបង្កើតកម្មវិធីរៀនភាសាដែលមានមនុស្សប្រើប្រាស់ច្រើនជាងគេលើពិភពលោកដោយរបៀបណា? លោក Luis von Ahn សហស្ថាបនិក និងជាប្រធានប្រតិបត្តិការនៃក្រុមហ៊ុន Duolingo ដែលបានប្រែក្លាយការអប់រំផ្នែកភាសាឱ្យទៅជាមធ្យោបាយផ្លាស់ប្តូរជីវិតមនុស្សរាប់លាននាក់។  ខាងក្រោមនេះជាមេរៀន និង យុទ្ធសាស្ត្ររបស់លោក :

 

១. ការមើលឃើញឱកាស

 

លោក Luis von Ahn ធំដឹងក្តីក្នុងគ្រួសារមធ្យមមួយនៅប្រទេសហ្គាតេម៉ាឡា ហើយកាលនៅក្មេង ម្តាយរបស់លោកបានខិតខំព្យាយាមបញ្ជូនគាត់ឱ្យរៀនភាសាអង់គ្លេស ព្រោះគាត់ជឿជាក់ថា «ភាសា» គឺជាគន្លឹះតែមួយគត់ដែលអាចផ្លាស់ប្តូរជីវិត និងបើកទ្វារឱកាសថ្មីៗបាន។ បន្ទាប់ពីបានទៅសិក្សានៅអាមេរិក រហូតបញ្ចប់ថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ Carnegie Mellon លោក Luis បានសាងឈ្មោះជាអ្នកបច្ចេកវិទ្យាដ៏ល្បីល្បាញរួចទៅហើយ ដោយរូបគាត់គឺជាអ្នកបង្កើតប្រព័ន្ធសុវត្ថិភាព CAPTCHA និង reCAPTCHA ដែលជាផ្ទាំងវាយអក្សរផ្ទៀងផ្ទាត់លើអ៊ីនធឺណិត ហើយត្រូវបានលក់ទៅឱ្យក្រុមហ៊ុន Google ក្នុងតម្លៃរាប់សិបលានដុល្លារក្នុងឆ្នាំ ២០០៩។

 

២. បេសកកម្ម «រៀនហ្វ្រី» ដើម្បីជួយដល់សង្គម

 

បន្ទាប់ពីក្លាយជាសេដ្ឋីតាំងពីអាយុ ២៤ ឆ្នាំ លោក Luis និងសិស្សថ្នាក់បណ្ឌិតរបស់គាត់គឺលោក Severin Hacker បានសម្លឹងមើលបញ្ហាសង្គមដ៏ធំមួយ គឺកម្មវិធីរៀនភាសាកាលនោះមានតម្លៃថ្លៃខ្លាំងរហូតដល់ ,០០០ ដុល្លារ ដែលធ្វើឱ្យមនុស្សក្រីក្រក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដែលត្រូវការរៀនភាសាអង់គ្លេសបំផុតដើម្បីបង្កើនប្រាក់ចំណូល បែរជាគ្មានលុយទិញកម្មវិធីទាំងនោះទៅវិញ។ ហេតុដូច្នេះ នៅក្នុងឆ្នាំ ២០១១ ពួកគេបានសម្រេចចិត្តបង្កើត Duolingo ឡើង ក្រោមគោលការណ៍ស្នូលតែមួយគត់គឺ ការផ្តល់ការអប់រំផ្នែកភាសាដល់មនុស្សគ្រប់គ្នានៅលើពិភពលោក ដោយឥតគិតថ្លៃ ១០០% ដោយគ្មានការរើសអើងឡើយ។

 

៣. យុទ្ធសាស្ត្រ និង បច្ចេកវិទ្យាឆ្លាតវៃ

 

ដើម្បីជំរុញឱ្យមនុស្សចង់រៀនរៀងរាល់ថ្ងៃ Duolingo បានបំបែកខ្លួនចេញពីសៀវភៅពុម្ពចាស់ៗ ដោយប្រែក្លាយការរៀនសូត្រឱ្យទៅជាការលេងហ្គេម មានប្រព័ន្ធរក្សាទម្លាប់ប្រចាំថ្ងៃ និងការប្រកួតប្រជែងពិន្ទុ ដែលធ្វើឱ្យការរៀនភាសាមានភាពសប្បាយរីករាយខ្លាំង។ ជាមួយគ្នានេះដែរ សត្វទីទុយពណ៌បៃតង Duo បានក្លាយជាមធ្យោបាយដ៏ល្បីល្បាញលើបណ្តាញសង្គម តាមរយៈការផ្ញើសាររំលឹកបែបឌឺដង និងដាស់អារម្មណ៍ឱ្យអ្នកប្រើប្រាស់ត្រឡប់មកធ្វើលំហាត់វិញ ខណៈដែលប្រព័ន្ធខួរក្បាលសប្បនិម្មិត AI និងការ

តេស្តពិសោធន៍   ធ្វើការវិភាគទិន្នន័យរាប់ពាន់ដងក្នុងមួយសប្តាហ៍ ដើម្បីតម្រូវមេរៀនឱ្យត្រូវទៅតាមសមត្ថភាពរបស់អ្នកប្រើប្រាស់ម្នាក់ៗយ៉ាងច្បាស់លាស់។

 

៤. គំរូអាជីវកម្ម និងការក្លាយជាមហាសេដ្ឋី

ទោះបីជាអ្នកប្រើប្រាស់ភាគច្រើនប្រមាណ ៩០% ប្រើប្រាស់កម្មវិធីនេះដោយមិនបង់ប្រាក់សូម្បីតែមួយសេនក៏ដោយ ប៉ុន្តែ Duolingo នៅតែអាចរកចំណូលបានរាប់រយលានដុល្លារក្នុងមួយឆ្នាំ តាមរយៈការបង់ថ្លៃសេវាពិសេសប្រចាំខែពីអ្នកប្រើប្រាស់ប្រមាណ ៨-៩% តែប៉ុណ្ណោះ ដែលបង្កើតចំណូលរហូតដល់ ៨០% ឱ្យក្រុមហ៊ុន រួមផ្សំជាមួយនឹងចំណូលផ្សាយពាណិជ្ជកម្មខ្លីៗ។ នៅពេលដែល Duolingo បានចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈលើទីផ្សារភាគហ៊ុនក្នុងឆ្នាំ ២០២១ តម្លៃក្រុមហ៊ុនបានហក់ឡើងរហូតដល់រាប់ប៊ីលានដុល្លារ ហើយតម្លៃភាគហ៊ុនដ៏ច្រើនសន្ធឹកសន្ធាប់ដែលលោក Luis von Ahn កាន់កាប់ ផ្លូវការប្រែក្លាយរូបគាត់ឱ្យក្លាយជា «មហាសេដ្ឋីប្រាក់ប៊ីលាន» រហូតមកដល់បច្ចុប្បន្ន។

 

រឿងរ៉ាវរបស់លោក Luis von Ahn និង Duolingo គឺជាភស្តុតាងស្រាប់ដែលបង្ហាញថា ការបង្កើតអាជីវកម្មដែលជោគជ័យ និងមានតម្លៃរាប់ប៊ីលានដុល្លារ មិនចាំបាច់ទាមទារឱ្យយើងគៀបសង្កត់យកលុយពីអតិថិជននោះទេ ដោយគ្រាន់តែចាប់ផ្តើមចេញពីការដោះស្រាយបញ្ហាសង្គមពិតប្រាកដ និងការផ្តល់តម្លៃឱ្យមនុស្សភាគច្រើន វានឹងបង្កើតជាផ្លែផ្កា និងជោគជ័យដ៏អស្ចារ្យត្រឡប់មកវិញដោយឯកឯង។

 

ប្រភពនៃអត្ថបទ :

·        TED Talk (2018)

·        Forbes & CNBC

·        Duolingo Investor Relations

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia