តើអ្នកធ្លាប់មានអារម្មណ៍ថាសម្ពាធគ្រួសារធ្ងន់ធ្ងរ ហើយជាប់គាំងក្នុងជីវិតជាបុគ្គលិកប្រាក់ខែទាបដែរឬទេ? ប្រសិនបើអ្នកកំពុងអស់សង្ឃឹម នេះជារឿងរ៉ាវរបស់ Howard Schultz បុរសដែលប្តូរជីវភាពគ្រួសារពីក្រីក្របំផុត មកជាអតីត CEO នៃអាណាចក្រ Starbucks។
១. ភាពឈឺចាប់ដែលបណ្តុះកម្លាំងចិត្ត
Schultz កើតក្នុងគ្រួសារក្រីក្រដែលរស់នៅក្នុងផ្ទះជួលរដ្ឋ។ ថ្ងៃមួយ ឪពុករបស់លោកដែលជាអ្នកបើកបរឡានដឹកទំនិញបានបាក់ជើងក្នុងពេលធ្វើការ។ ដោយសារគ្មានធានារ៉ាប់រង ប្រាក់ចំណូលត្រូវកាត់ផ្តាច់ភ្លាមៗ។ រូបភាពឪពុកដេកលើសាឡុងដោយគ្មានប្រាក់ព្យាបាល បានក្លាយជា «បណ្តាសាផង និងជាកម្លាំងចលករផង» ដែលជំរុញឲ្យលោកតាំងចិត្តថា «ខ្ញុំត្រូវតែរំដោះគ្រួសារនេះពីភាពក្រីក្រ ឲ្យទាល់តែបាន!»
២. បុគ្គលិកលក់ដែលមិនដែលស្គាល់ពាក្យថា «ចុះចាញ់»
ដើម្បីរៀនសូត្រ និងជួយគ្រួសារ លោក Schultz ធ្វើការគ្រប់យ៉ាង ពីបុគ្គលិកតូចទាប រហូតដល់ បុគ្គលិកលក់ម៉ាស៊ីនថតចម្លង នៅ Xerox។ លោកត្រូវគោះទ្វាររាប់រយកន្លែងធ្វើការ និងត្រូវគេបដិសេធរាប់មិនអស់ ប៉ុន្តែការងារថ្នាក់ទាបនេះហើយដែលបានបណ្តុះ ជំនាញទំនាក់ទំនង និង ចិត្តសាស្ត្រលក់» ដ៏មុតស្រួចឲ្យលោក។
៣. ត្រូវគេបដិសេធ ២១៧ ដង ប៉ុន្តែនៅតែបដិសេធមិនព្រមចុះចាញ់
ពេលចូលធ្វើជា នាយកផ្នែកទីផ្សារ នៅ Starbucks (កាលនោះជាហាងលក់គ្រាប់កាហ្វេតូចមួយ) លោកបានផ្តួចផ្តើមគំនិតចង់បង្កើតហាងកាហ្វេដែលជា «កន្លែងជួបជុំប្រកបដោយភាពកក់ក្តៅ»។ ម្ចាស់ក្រុមហ៊ុនបានសើចចំអក និងបដិសេធគំនិតនេះ។
ពេលនោះ លោក Schultz ក៏សម្រេចចិត្តលាលែងពីការងារ និង ដើរសុំទុនពីវិនិយោគិន ២៤២ នាក់
មាន ២១៧ នាក់បានបដិសេធ និង ចាត់ទុកលោកជាមនុស្សយល់សប្តិទាំងថ្ងៃ! ប៉ុន្តែលោកនៅតែបន្តជំនះ រហូតប្រមូលទុនបាន ហើយទិញយក Starbucks ទាំងស្រុងតែម្តងនៅឆ្នាំ ១៩៨៧។
៤. មេដឹកនាំដែលមិនភ្លេចប្រភពដើម
ក្រោមការដឹកនាំរបស់លោក Starbucks បានពង្រីកសាខារាប់ម៉ឺនកន្លែងទូទាំងពិភពលោក។ លោកមិនត្រឹមតែប្តូរវាសនាគ្រួសារលោកឲ្យក្លាយជាមហាសេដ្ឋីប៉ុណ្ណោះទេ ប៉ុន្តែ Starbucks បានក្លាយជាក្រុមហ៊ុនដំបូងគេដែលផ្តល់ ធានារ៉ាប់រងសុខភាពពេញលេញ និងអាហារូបករណ៍រៀនមហាវិទ្យាល័យ ដល់បុគ្គលិកសូម្បីតែ បុគ្គលិកក្រៅម៉ោង ព្រោះលោកមិនចង់ឲ្យគ្រួសារបុគ្គលិកណាជួបទុក្ខវេទនាដូចឪពុកលោកកាលពីមុនឡើយ។
ចងចាំថា៖ រាល់ការលំបាកដែលអ្នកកំពុងជួបប្រទះក្នុងនាមជាបុគ្គលិក ឬ ជាមេគ្រួសារនៅថ្ងៃនេះ វាមិនមែនជាទារុណកម្មទេ... វាគឺជា ការហ្វឹកហាត់ ដើម្បីរៀបចំអ្នកសម្រាប់ភាពជោគជ័យក្នុងថ្ងៃអនាគត៕


