បុរសជនជាតិកូរ៉េលោក Lee Su-jin បានបម្រើការងារមួយនៅក្នុងផ្ទះសំណាក់មួយ នៅពេលលោកមានវ័យ២៣ឆ្នាំ ទីតាំងនោះបើកដំណើរការក្នុងរយៈពេលតិចម៉ោង សម្រាប់មនុស្សចូលទៅបង់លុយគេង២-៣ម៉ោង ។
ពេលធ្វើការលោកលីមានតួនាទីជាអ្នកសម្អាតបន្ទប់ពេលភ្ញៀវចេញបាត់ ធ្វើការងារដដែលៗរាល់ថ្ងៃបុគ្គលិករូបនេះមានអារម្មណ៍ថាខ្លួនឯងដូចវេទនានិងធុញទ្រាន់ណាស់។ ថ្លែងប្រាប់កាសែត CNBC លោកលីនិយាយថាបើបកមកមើលបច្ចុប្បន្ននេះវាប្រៀបដូចជាការយល់សប្តិ ព្រោះកាលលោកនៅធ្វើការក្នុងផ្ទះសំណាក់ ពីមួយថ្ងៃទៅមួយថ្ងៃលោកមិនចង់ធ្វើការងារដដែលៗតាមតួនាទីនោះទេ។
ធុញទ្រាន់ដដែលពេកៗលោកក៏ប្រឹងធ្វើការ សន្សំលុយដើម្បីចេញទៅបើករកស៊ីដោយខ្លួនឯង ប៉ុន្តែជាក់ស្តែងនៅពេលដែលលោកចេញទៅបើកកន្លែងលក់ម្ហូប វាមិនដំណើរការទេ ព្រោះមិនមែនជំនាញរបស់ខ្លួន។ ក្រោយពីនោះមិនយូរប៉ុន្មានលោកក៏ទៅធ្វើការនៅផ្ទះសំណាក់វិញក្នុងឆ្នាំ២០០៤។
ក្នុងឆ្នាំដដែលដោយសារកំណែច្បាប់នៅកូរ៉េស្តីពីអំពើពេស្យា ហើយផ្ទះសំណាក់ដែលបើកទទួលភ្ញៀវ២-៣ម៉ោងនេះគឺជាកន្លែងដែលលោកដឹងថាគេនឹងមកចាត់វិធានការមុនគេ ឬអាចឈានដល់ការបិទទ្វារទៀតនោះលោកនឹងអត់ការងារធ្វើមិនខាន។
ដូច្នេះក្នុងឆ្នាំ២០០៥ លោកលីក៏បានបង្កើត App មួយឡើង ជាសេវាកម្មកក់កន្លែងគេង កន្លែងដើរលេង ឈ្មោះថា Yanolja ដែលកម្មវិធីមួយអាចជួយឱ្យអាជីវកម្មបែបសណ្ឋារគារនិងផ្ទះសំណាក់នៅកូរ៉េកាន់តែមានភ្ញៀវជាងមុន ព្រោះតែកម្មវិធីនេះអាចបង្ហាញអ្វីដែលជាគោលដៅទេសចរដល់អ្នកដែលធ្វើដំណើរ មិនមែនត្រឹមតែជាភ្ញៀវដែលជាគូស្នេហ៍ក្មេងៗនោះទេ។
២ឆ្នាំបន្ទាប់ពីដំណើរការធនាគារដ៏ធំរបស់ពិភពលោកគឺ Softbank បានដាក់ទិញភាគហ៊ុនដាក់ទុនវិនិយោគចំនួន១.៧ពាន់លានដុល្លារឯណោះ ដើម្បីគាំទ្រនិងជំរុញឱ្យមានឧស្សាហកម្មទេសចរណ៍ច្រើនជាងមុនតាមរយៈបច្ចេកវិទ្យា។
រយៈពេល១៥ក្រោយដំណើរការ ក្នុងឆ្នាំ២០១៩ កម្មវិធីមួយនេះបានធ្វើឱ្យលោកលី បុរសវ័យ៤៥ឆ្នាំ បានក្លាយជាមហាសេដ្ឋីវ័យក្មេង ដោយបច្ចុប្បន្នលោកគឺជាមហាសេដ្ឋីមានជាងគេទី២២ដែលមានទ្រព្យ១.៤៥ពាន់លានដុល្លារ ក្នុងចំណោមមហាសេដ្ឋីទាំង៥០នៅប្រទេសកូរ៉េ។ App របស់លោកក៏បានក្លាយជាក្រុមហ៊ុនដ៏ធំមួយជួយអាជីវកម្មទេសចរជាច្រើនឱ្យមានភ្ញៀវចំគោលដៅ ហើយលោកបានលើកឡើងថា “ពីមុនដោយសារមនុស្សជាច្រើនមានភាពអៀនខ្មាសក្នុងការមកគេងផ្ទះសំណាក់ ព្រោះតែបញ្ហានេះហើយអាចធ្វើឱ្យយើងមើលឃើញពីឱកាស ធ្វើការផ្លាស់ប្តូរជាងមុន ហើយធ្វើបានល្អជាងមុនទ្វេដង”៕
អត្ថបទដោយ៖ ពីង ជូអេង