បុគ្គលឆ្នើមពីររូប ថាបើខ្លួនអាចវិលទៅអាយុ ២០ឆ្នាំវិញ គាត់នឹងធ្វើរឿងទាំងនេះឲ្យខ្លាំងបំផុត
Kan DaraJULY 24 2023937 views

វ័យខ្ទង់ ២០-៣០ឆ្នាំ ជាពេលវេលាដ៏សំខាន់បំផុតក្នុងជីវិត អនាគតបែបណាគឺពឹងផ្អែកស្ទើទាំងស្រុងទៅលើសកម្មភាពនាពេលនេះ។ ប្រសិនបើអ្នកប្រើត្រូវ ថ្ងៃខាងមុខនឹងល្អប្រសើរ តែបើប្រើខុសបង្កើតជាកំហុសនឹងមានវិប្បដិសារីក្នុងវ័យ ៤០-៦០ឆ្នាំ មិនខាន។ ខាងក្រោមនេះគឺជារឿងមួយចំនួន ដែលបុគ្គលឆ្នើមពីររូប ចង់ធ្វើខ្លាំងបំផុត ប្រសិនបើពួកគាត់អាចវិលត្រឡប់ទៅវ័យ ២០ឆ្នាំវិញ៖

/. លោក លី ក្វាន់យូ៖ ក្នុងបទសម្ភាសន៍មួយ បិតាស្ថាបនិកសិង្ហបុរីលោក លី ក្វាន់យូ ថាបើខ្លួនអាចត្រឡប់ទៅអាយុ ២០ឆ្នាំម្តងទៀត គាត់នឹងធ្វើរឿងធំ២ គឺរៀនភាសាចិន និងភាសាអង់គ្លេសឲ្យខ្លាំង។ ថ្លែងប្រាប់ទៅកាន់អ្នកសម្ភាសន៍ លោក លី ក្វាន់យូ បាននិយាយថា៖ «វាមិនមែនគ្រាន់តែជាការរៀនពីភាសាប៉ុណ្ណោះទេ បន្ថែមពីនេះវាអនុញ្ញាតឲ្យខ្ញុំបានដឹងពីរបត់នយោបាយវប្បធម៌ និងសេដ្ឋកិច្ចរបស់ប្រទេសនេះ ហើយយើងអាចសហការនិងរួមការងារយ៉ាងជិតស្និតដើម្បីធ្វើរឿងអស្ចារ្យជាច្រើន» 

ដោយឡែកចំពោះភាសាអង់គ្លេសវិញ អ្នកនយោបាយលេចធ្លោរូបនេះបានមានប្រសាសន៍ថា៖ «ប្រសិនជាខ្ញុំអាចត្រលប់ពេលថយក្រោយទៅកាន់អាយុ ២០ឆ្នាំវិញ ខ្ញុំនឹងប្រឹងរៀនភាសាអង់គ្លេសឲ្យខ្លាំង» លោកបានលើកឡើងថា ភាសាអង់គ្លេសគឺជាភាសាសកល និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយជុំវិញពិភពលោកទាំងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងក្នុងទំនាក់ទំនងផ្សេងៗ ហើយវាជាឱកាសបើកផ្លូវធំមួយដែលជំរុញឲ្យលោកអាចកសាងសមិទ្ធផលបានធំធេងជាងនេះ។

/. លោក ជែក ម៉ា៖ នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងសារព័ត៌មានអន្ដជាតិ Bloomberg មហាសេដ្ឋីចិន​ ជែក ម៉ា ស្ថាបនិកក្រុមហ៊ុនយក្ស Alibaba បានមានប្រសាសន៍ថា៖ «ប្រសិនបើខ្ញុំអាចត្រឡប់ទៅអាយុ ២០ឆ្នាំ ឬ៣០ឆ្នាំម្តងទៀត ខ្ញុំនឹងចាប់យករបរដឹកជញ្ជូន (Logistics), ការបង្កើតការទូទាត់ប្រាក់ , និងវេទិកាទិញលក់ទំនិញអនឡាញ (E-Commerce) ដូចអ្វីដែលខ្ញុំកំពុងធ្វើបច្ចុប្បន្ននេះដែរ»

សហគ្រិនចាស់វស្សារូបនេះ បានពន្យល់ថា សព្វថ្ងៃនេះមនុស្សពិតជាត្រូវការវិស័យ E-commerce ខ្លាំងណាស់ ហេតុនេះយើងត្រូវតែបង្កើតវា។ កាលពី២០ឆ្នាំមុន មនុស្សមិនជឿថា វិស័យ E-commerce អាចដំណើរការបានទេ ហើយមនុស្សមិនចូលចិត្តប្រើវាឡើយ ពួកគេមិនទុកចិត្តលើវិស័យនេះដាច់ខាត ប៉ុន្តែក្នុងពេលបច្ចុប្បន្នមនុស្សត្រូវការវា ចូលចិត្តប្រើវា ហើយជឿជាក់លើវាបំផុត។

យ៉ាណាមិញ អ្វីៗបានកន្លងហួសអស់ទៅហើយ ហើយវាក៏បានក្លាយជាបទពិសោធន៍នៃការសោកស្តាយដ៏ធំមួយនៅក្នុងជីវិតរបស់បិតាស្ថាបនិកសិង្ហបុរីលោក លី ក្វាន់យូ និងលោក ជែក ម៉ា ស្ថាបនិកក្រុមហ៊ុន Alibaba ផងដែរ។ ដូច្នេះប្រសិនបើអ្នកនៅក្មេង ត្រូវប្រឹងចាប់ឱកាសអភិវឌ្ឍខ្លួនឲ្យខ្លាំង ប្រឹងសិក្សារៀនសូត្រ បន្តដុះខាតខ្លួនឯងឲ្យប្រសើរពីមួយកម្រិតទៅមួយកម្រិត ត្រូវចាំណា «រស់ថ្ងៃនេះឲ្យល្អបំផុត ថ្ងៃអនាគតអ្នកនឹងមិនស្តាយក្រោយឡើយ»

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

22 Large

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia