គ្រាដែលក្រុមការងារចាប់ផ្ដើមមានភាពរកាំរកូស មិនចុះសម្រុងគ្នា ឬមានការបែងចែកបក្សពួក វាមិនត្រឹមធ្វើឱ្យបរិយាកាសតានតឹងប៉ុណ្ណោះទេ ប៉ុន្តែវានឹងទាញទម្លាក់ផលិតភាពការងារទាំងមូលទៀតផង។ ដូច្នេះក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវបញាប់ធ្វើរឿងធំៗ ២ ខាងក្រោមនេះភ្លាម មុនបញ្ហាតូចក្លាយជាវិបត្តិធ្ងន់ធ្ងរពិបាកដោះស្រាយ៖
១/. លើកបញ្ហាដាក់លើតុ ជជែកគ្នាដោយស្មោះត្រង់៖ នៅពេលដែលបុគ្គលិកមានភាពរកាំរកូសដែលកើតចេញពីការយល់ច្រឡំ ឬការខ្វះទំនាក់ទំនង មេដឹកនាំត្រូវដើរតួជាអ្នកសម្របសម្រួលដោយបង្កើតវេទិកាសុវត្ថិភាពមួយ ដើម្បីអនុញ្ញាតឱ្យគ្រប់ភាគីបញ្ចេញមតិយោបល់ និងការមិនពេញចិត្តដោយចំហ ជៀសវាងការដាក់ទោសទណ្ឌភ្លាមៗ។
ក្នុងកិច្ចពិភាក្សានេះ មេដឹកនាំត្រូវប្រើជំនាញស្ដាប់ដោយយកចិត្តទុកដាក់ដើម្បីស្វែងរកឫសគល់នៃបញ្ហា មិនថាជាបញ្ហាការងារ ឬទំនាស់បុគ្គលឡើយ រួចហើយត្រូវធ្វើការរំលឹក និងកំណត់គោលដៅរួមឡើងវិញ ដើម្បីបង្វែរអារម្មណ៍ក្រុមការងារឱ្យមកផ្ដោតលើបេសកកម្មធំរបស់ក្រុមហ៊ុន ជាជាងការយកចិត្តទុកដាក់លើជម្លោះបុគ្គលដែលនាំឱ្យខាតបង់ផលប្រយោជន៍រួម។
២/. រៀបចំរចនាសម្ព័ន្ធ និងតួនាទីឱ្យបានច្បាស់លាស់៖ ដើម្បីលុបបំបាត់ជម្លោះដែលកើតចេញពីការជាន់ជើងគ្នា ឬការយល់ច្រឡំលើទំហំការងារ មេដឹកនាំត្រូវពិនិត្យ និងកំណត់ការងារស្នូល (Job Descriptions) របស់បុគ្គលិកម្នាក់ៗឱ្យបានច្បាស់លាស់បំផុត ដើម្បីកាត់បន្ថយការដណ្តើមឥទ្ធិពល ឬការរុញច្រានទំនួលខុសត្រូវដាក់គ្នា។
ទន្ទឹមនឹងនោះ ត្រូវបង្កើតប្រព័ន្ធវាយតម្លៃប្រកបដោយតម្លាភាពដែលផ្អែកលើសមិទ្ធផលការងារពិតប្រាកដជៀសវាងបក្សពួកនិយម ព្រមទាំងត្រូវបញ្ជ្រាបតម្លៃស្នូលនៃការគោរពគ្នាទៅវិញទៅមកចូលក្នុងវប្បធម៌អង្គភាព។ ក្នុងករណីដែលមានបុគ្គលណានៅតែបន្តបង្កភាពរកាំរកូស មេដឹកនាំដាច់ខាតត្រូវតែមានវិធានការវិន័យឱ្យបានម៉ឺងម៉ាត់ ដើម្បីរក្សាតុល្យភាព និងសណ្តាប់ធ្នាប់រួមរបស់ក្រុមការងារទាំងមូលឱ្យមានប្រសិទ្ធភាព។
គួរជម្រាបផងដែរថា មេដឹកនាំល្អមិនមែនជាអ្នកដែលចេះតែគេចពីជម្លោះនោះទេ ប៉ុន្តែជាអ្នកដែលហ៊ានប្រឈមមុខនឹងជម្លោះ ហើយដោះស្រាយវាដោយភាពវៃឆ្លាត និងយុត្តិធម៌។ ប្រសិនបើអ្នកធ្វើរឿងទាំង ២ នេះបានទាន់ពេលវេលា អ្នកនឹងអាចបំប្លែងភាពរកាំរកូស ឱ្យទៅជាកម្លាំងសាមគ្គីភាពវិញបានយ៉ាងមានប្រសិទ្ធភាព៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)
- សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
- ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
- យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



