មេធំក្រុមហ៊ុន Lay Green៖ ស្ថាបត្យកម្មគឺជាកញ្ចក់ឆ្លុះពីយុគ្គសម័យមួយទៅសម័យមួយ ហើយជាកេរមរតកដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ
Bunthoeun KoemSEPTEMBER 16 202673 views

លោក អ៊ុក សេងហាប់ នាយកប្រតិបត្ដិក្រុមហ៊ុន Lay Green បានលើកឡើងថា ស្ថាបត្យកម្មគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីយុគ្គសម័យមួយទៅយុគ្គសម័យមួយទៀត ហើយក៏ជាកេរមរតកដ៏មានតម្លៃទុកសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។ ការឆ្លុះបញ្ចាំងនេះត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការផ្លាស់ប្តូរសម័យកាលនៃប្រវត្តិសាស្ត្រខ្មែរ ចាប់តាំងពីសម័យអង្គរ សម័យសង្គមរាស្ត្រនិយម សម័យសម្ដេចតេជោ និងរហូតមកដល់សម័យសម្ដេចធិបតីនាពេលបច្ចុប្បន្ន។

 

778972305 1603997967739227 2113809226902015845 N

 

តាមរយៈបទពិសោធន៍ក្នុងវិស័យនេះជាច្រើនឆ្នាំ និងមានឪពុកជាស្ថាបត្យករផ្ទាល់ផងនោះ លោក អ៊ុក សេងហាប់ បានសង្កេតឃើញថា សំណង់អគារដែលបង្ហាញពីអត្តសញ្ញាណខ្មែរ គឺមានទម្រង់ខុសៗគ្នា៖ ទី១. អគារដែលប្រើត្រឹមការតុបតែង៖ ជាសំណង់បែបទំនើប ឬបែបអន្តរជាតិទាំងស្រុង ហើយត្រូវបានបន្ថែមនូវក្បូរក្បាច់ ឬនិមិត្តសញ្ញាប្រពៃណីខ្មែរនៅពេលបញ្ចប់ ដើម្បីឱ្យមើលទៅមានលក្ខណៈជាខ្មែរ។ ប៉ុន្តែប្រសិនបើដកការតុបតែងទាំងនោះចេញ ហើយទម្រង់អគារនៅតែដដែល នោះបង្ហាញថាអត្តសញ្ញាណខ្មែរគ្រាន់តែជាការលម្អខាងក្រៅប៉ុណ្ណោះ។ ទី២. អគារដែលគ្មានអត្តសញ្ញាណខ្មែរ៖ ជាសំណង់អគារដែលមានភាពស្អាត ទំនើប និងមានគុណភាពខ្ពស់ ប៉ុន្តែវាអាចស្ថិតនៅទីកន្លែងណាក៏បាននៅលើពិភពលោក ដោយមិនមានការភ្ជាប់ទំនាក់ទំនងទៅនឹងឬសគល់នៃស្ថាបត្យកម្មខ្មែរនោះឡើយ។

 

Photo 2026 09 16 17 43 22

 

នាយកប្រតិបត្ដិរូបនេះបានចោទសួរថា «តើអ្វីទៅដែលធ្វើឱ្យប្រាសាទអង្គរមានអត្តសញ្ញាណជាខ្មែរ? តើវាគ្រាន់តែជាប្រាង្គប្រាសាទ រូបចម្លាក់ រូបរាង ឬគ្រាន់តែជាការតុបតែង?

 

លោកបានពន្យល់ថា ដូនតានៃសម័យអង្គរបានសាងសង់ឡើងដោយយល់ច្បាស់ពីបរិស្ថានជុំវិញខ្លួន ដូចជា កម្តៅ ទឹក ភ្លើង ម្លប់ ចលនាខ្យល់ ទេសភាព និងទំនាក់ទំនងរវាងមនុស្សជាមួយនឹងលំហជុំវិញ។ ពួកគាត់យល់ថា ស្ថាបត្យកម្មពិត គឺការឆ្លើយតបទៅនឹងលក្ខខណ្ឌធម្មជាតិ និងបែបបទនៃបរិស្ថាន។ លើសពីនេះ ស្ថាបត្យកម្មគឺជាកញ្ចក់ឆ្លុះពីយុគ្គសម័យមួយទៅយុគ្គសម័យមួយទៀត។

 

មកដល់ឆ្នាំ ១៩៦០ ក្នុងសម័យសង្គមរាស្ត្រនិយម លោកតា វណ្ណ មូលីវណ្ណ និងស្ថាបត្យកររៀមច្បងជំនាន់នោះ មិនបានចម្លងទម្រង់ប្រាសាទអង្គរនោះឡើយ។ ផ្ទុយទៅវិញ ពួកគាត់បានសិក្សាពីដូនតា ហើយយកមេរៀនទាំងនោះមកបកស្រាយឡើងវិញតាមរយៈភាសាស្ថាបត្យកម្មនៃសម័យកាលរបស់ពួកគាត់ ដោយប្រើប្រាស់បេតុង រចនាសម្ព័ន្ធ ពន្លឺ ខ្យល់ និងបច្ចេកវិទ្យាសំណង់នាសម័យនោះ។ ដោយសារកត្ដាទាំងនេះបានធ្វើឱ្យស្នាដៃរបស់ពួកគាត់មានភាពទំនើប ប៉ុន្តែនៅតែរក្សាបាននូវព្រលឹង និងអត្តសញ្ញាណខ្មែរយ៉ាងរឹងមាំ ដោយមិនបាត់បង់អត្តសញ្ញាណដើមឡើយ។ 

 

សម្រាប់ខ្ញុំនេះហើយជាភាពខុសគ្នានៃការតុបតែងបែបជាខ្មែរ ហើយស្ថាបត្យកម្មមួយដែលមានអត្ដសញ្ញាថាជាខ្មែរ គឺមិនមែនជាអ្វីដែលយើងបន្ថែមនៅលើអគារនោះទេ ប៉ុន្ដែជាអ្វីដែលធ្វើឱ្យអគារនោះក្លាយទៅជាស្ថាបត្យកម្មកូនខ្មែរយើង។ 

 

Photo 2020 11 19 16 28 28

 

លោក អ៊ុក សេងហាប់ បានគូសបញ្ជាក់បន្ថែមថា ថ្វីបើស្ថាបត្យករជំនាន់មុនមានធនធាន និងបច្ចេកវិទ្យាតិចតួច បើធៀបនឹងបច្ចេកវិទ្យាកុំព្យូទ័រនាពេលបច្ចុប្បន្ន ប៉ុន្តែពួកគាត់នៅតែអាចបង្កើតស្នាដៃដ៏អស្ចារ្យ ដែលធ្វើឱ្យកូនខ្មែរមានមោទនភាពរហូតមកដល់ ៦០-៧០ ឆ្នាំក្រោយ។

 

ស្ថាបត្យកម្មមិនមែនជារឿងអ្វីមួយអាចបង្កើតបានទាំងស្រុងនោះទេ ប៉ុន្តែវាជាដំណើរការបន្តវេនពីមួយជំនាន់ទៅមួយជំនាន់។ មនុស្សជំនាន់មុនជាអ្នកចាប់ផ្តើម ជំនាន់បន្ទាប់ជាអ្នកបន្ត ហើយជំនាន់ក្រោយទៀតជាអ្នកអភិវឌ្ឍបន្ថែម ។ អ្វីដែលសាងសង់ឡើងដោយមានការយល់ដឹងស៊ីជម្រៅនាពេលនេះ នឹងក្លាយជាកេរមរតកដ៏មានតម្លៃដែលឆ្លុះបញ្ចាំងពីយុគ្គសម័យបច្ចុប្បន្ន សម្រាប់មនុស្សជំនាន់ក្រោយ។ នេះជាការបញ្ជាក់បន្ថែមពីលោក អ៊ុក សេងហាប់៕

 

Skyscrapers Scaled

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia