រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ខែកញ្ញា ឆ្នាំ២០២៦
La French Tech Phnom Penh បានជួបពិភាក្សាជាមួយ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ត្រីជាន់ខ្ពស់នៃក្រសួង (MPTC) ដើម្បីពិភាក្សាអំពីការរៀបចំព្រឹត្តិការណ៍ FrancoTech ធ្វើបទបង្ហាញអំពី French Tech Forum Asia – Phnom Penh និងស្វែងរកគំនិតផ្តួចផ្តើមដែលអាចធ្វើទៅបាន ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជាបន្ថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រីមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី ឯកឧត្តមបណ្ឌិត សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ និងឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។

ប្រតិភូ La French Tech Phnom Penh ដែលដឹកនាំដោយ លោក Thierry Tea និងលោក Cedric Kang មានតំណាងមកពី Canadia Impact Fund, TechFlow Agency, Redbridge Cybersecurity, SBI, OCIC និង Umami ដែលបានប្រមូលផ្តុំអ្នកជំនាញផ្នែកវិនិយោគ បច្ចេកវិទ្យា សន្តិសុខសាយប៊ឺ សេវាកម្មអាជីវកម្ម និងនវានុវត្តន៍។
កិច្ចប្រជុំបានស្វែងយល់ពីរបៀបដែលកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងស្ថាប័នសាធារណៈ ក្រុមហ៊ុនឯកជន វិនិយោគិន ស្ថាប័នអប់រំ និងបណ្តាញអន្តរជាតិ អាចរួមចំណែកដល់ការផ្លាស់ប្តូរឌីជីថលរបស់កម្ពុជា ការអភិវឌ្ឍទេពកោសល្យ និងការជួយឱ្យក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកចូលដល់ទីផ្សារអន្តរជាតិ។
ការតភ្ជាប់កម្ពុជាជាមួយប្រព័ន្ធអេកូឡូស៊ី French Tech អន្តរជាតិ
La French Tech Phnom Penh បានធ្វើបទបង្ហាញអំពីបណ្តាញក្រុមហ៊ុនបច្ចេកវិទ្យាបារាំង French Tech អន្តរជាតិ ដែលតភ្ជាប់ក្រុមហ៊ុនធុរកិច្ចថ្មី (startups) សហគ្រិន វិនិយោគិន សាជីវកម្ម និងស្ថាប័នសាធារណៈនៅទូទាំងប្រទេសបារាំង និងប្រព័ន្ធអេកូឡូស៊ីអន្តរជាតិជាង ៦០។
នៅកម្ពុជា សហគមន៍នេះមានគោលបំណងដើរតួជាស្ពានតភ្ជាប់ទៅកាន់ប្រទេសបារាំង អឺរ៉ុប និងទីផ្សារនិយាយភាសាបារាំង ដោយសម្រួលដល់ភាពជាដៃគូ ការផ្លាស់ប្តូរចំណេះដឹង និងឱកាសអាជីវកម្ម។
ប្រតិភូក៏បានចែករំលែកព័ត៌មានថ្មីៗអំពី FrancoTech ដែលនឹងប្រព្រឹត្តទៅរួមជាមួយកិច្ចប្រជុំកំពូលហ្រ្វាំងកូហ្វូនី (Sommet de la Francophonie) និងបានធ្វើបទបង្ហាញអំពី French Tech Forum Asia – Phnom Penh ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ដល់ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ វេទិកានេះមានគោលបំណងតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យានៅទូទាំងអាស៊ី និងហ្រ្វាំងកូហ្វូនី លើកកម្ពស់ភាពជាដៃគូអន្តរជាតិ និងបង្ហាញពីសហគមន៍នវានុវត្តន៍ដែលកំពុងរីកចម្រើនរបស់កម្ពុជា។
គំនិតផ្តួចផ្តើមដែលអាចធ្វើទៅបានដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យារបស់កម្ពុជា
ការពិភាក្សាបានកំណត់អត្តសញ្ញាណវិស័យជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការដែលអាចមាន៖
• ការអភិវឌ្ឍកម្មវិធី និងសេវាឌីជីថល៖ ពង្រឹងសមត្ថភាពក្នុងស្រុក និងគាំទ្រក្រុមហ៊ុនកម្ពុជាក្នុងទីផ្សារអន្តរជាតិ។
• បញ្ញាសិប្បនិម្មិត និងប្លុកឆេន (Blockchain)៖ លើកទឹកចិត្តការទទួលយកបច្ចេកវិទ្យាទាំងនេះ នវានុវត្តន៍ជាក់ស្តែង និងជំនាញក្នុងបច្ចេកវិទ្យាថ្មីៗ។
• ពាណិជ្ជកម្មអេឡិចត្រូនិក និងពាណិជ្ជកម្មឌីជីថល៖ ជួយឱ្យអាជីវកម្មកម្ពុជាទៅដល់អតិថិជននៅអឺរ៉ុប សហរដ្ឋអាមេរិក និងអាស៊ី រួមទាំងតាមរយៈភាពសហការគ្នាដែលអាចមានជាមួយ CambodiaTrade.com។
• ឌីជីថលូបនីយកម្ម៖ គាំទ្រដំណោះស្រាយឌីជីថលសម្រាប់អាជីវកម្ម និងសេវាសាធារណៈ ដោយផ្អែកលើគំនិតផ្តួចផ្តើមដូចជា verify.gov.kh។
• សន្តិសុខសាយប៊ឺ៖ អភិវឌ្ឍការយល់ដឹង ជំនាញ និងភាពធន់ ដើម្បីសេដ្ឋកិច្ចឌីជីថលដែលអាចទុកចិត្តបាន។
• ការអប់រំ និងការអភិវឌ្ឍជំនាញ៖ តភ្ជាប់ការអប់រំជាមួយតម្រូវការរបស់ឧស្សាហកម្ម និងអភិវឌ្ឍទេពកោសល្យបច្ចេកវិទ្យាខ្មែរជំនាន់ក្រោយ។
ចំណុចសំខាន់មួយគឺការអភិវឌ្ឍទេពកោសល្យខ្មែរ និងការជួយឱ្យក្រុមហ៊ុនបច្ចេកវិទ្យាកម្ពុជាអាចបម្រើអតិថិជននៅក្រៅទីផ្សារក្នុងស្រុក។ ការពិភាក្សាបានគូសបញ្ជាក់ថា ជំនាញជាក់ស្តែង ដំណោះស្រាយដែលបង្កើតឡើងក្នុងស្រុក ទំនាក់ទំនងអន្តរជាតិ និងកំណើនអាជីវកម្មប្រកបដោយចីរភាព គឺជាវិស័យសំខាន់សម្រាប់ការអភិវឌ្ឍឌីជីថលរបស់កម្ពុជាឱ្យបន្តទៅមុខ។
La French Tech Phnom Penh អាចរួមចំណែកដោយតភ្ជាប់សហគ្រិន និងក្រុមហ៊ុនបច្ចេកវិទ្យាកម្ពុជាជាមួយដៃគូអន្តរជាតិ វិនិយោគិន អ្នកណែនាំ និងអតិថិជនដែលអាចមាន ព្រមទាំងជួយពួកគេឱ្យយល់ដឹង និងចូលទៅកាន់ទីផ្សារបរទេសបានប្រសើរឡើង។
ការធ្វើការជាមួយប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់កម្ពុជា
ការពិភាក្សាក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបំពេញបន្ថែមលើគំនិតផ្តួចផ្តើមដែលមានស្រាប់ និងការសហការជាមួយអង្គការផ្នែកសហគ្រិនភាព នវានុវត្តន៍ និងការអភិវឌ្ឍជំនាញរបស់កម្ពុជា រួមមាន Plug and Play, Khmer Enterprise, Techo Startup Center, មូលនិធិអភិវឌ្ឍសហគ្រិនភាព (Entrepreneurship Development Fund – EDF), មូលនិធិអភិវឌ្ឍជំនាញ (Skills Development Fund – SDF) និង CambodiaTrade.com។
កិច្ចសហប្រតិបត្តិការដែលអាចមាន រួមមានព្រឹត្តិការណ៍រួមគ្នា ការតភ្ជាប់អាជីវកម្ម (business matching) ការណែនាំ (mentorship) ការផ្លាស់ប្តូរចំណេះដឹង និងប្រតិភូអន្តរជាតិ ដោយរួមបញ្ចូលជំនាញក្នុងស្រុកជាមួយបណ្តាញអន្តរជាតិរបស់ La French Tech Phnom Penh ជាពិសេសនៅទូទាំងប្រទេសបារាំង អឺរ៉ុប និងប្រទេសនិយាយភាសាបារាំង ឫហ្រ្វាំងកូហ្វូនី។
ចក្ខុវិស័យរួមសម្រាប់ឆ្នាំខាងមុខ
កិច្ចប្រជុំបានគូសបញ្ជាក់ពីមហិច្ឆតារួមក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការសាធារណៈ-ឯកជនកាន់តែជិតស្និទ្ធ និងទំនាក់ទំនងអន្តរជាតិកាន់តែរឹងមាំ។
La French Tech Phnom Penh បានបញ្ជាក់ម្តងទៀតពីឆន្ទៈក្នុងការរួមចំណែក ដោយប្រមូលផ្តុំបណ្តាញរបស់ខ្លួន សម្រួលភាពជាដៃគូ និងគាំទ្រក្រុមហ៊ុនកម្ពុជាក្នុងការចូលដល់ទីផ្សារអន្តរជាតិ ដោយមានគោលដៅរួមក្នុងការផ្តល់សមត្ថភាពដល់ទេពកោសល្យខ្មែរ និងពង្រឹងទំនាក់ទំនងរបស់កម្ពុជាជាមួយសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ និងសកលលោក។
អំពី La French Tech Phnom Penh
La French Tech Phnom Penh ជាផ្នែកមួយនៃបណ្តាញ French Tech អន្តរជាតិ ដែលប្រមូលផ្តុំសហគ្រិន ក្រុមហ៊ុនធុរកិច្ចថ្មី វិនិយោគិន សាជីវកម្ម និងភាគីពាក់ព័ន្ធផ្នែកនវានុវត្តន៍។ បេសកកម្មរបស់ខ្លួនគឺតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យារបស់កម្ពុជាជាមួយប្រទេសបារាំង និងទីផ្សារអន្តរជាតិ សម្រួលភាពជាដៃគូ និងគាំទ្រនវានុវត្តន៍ សហគ្រិនភាព និងការអភិវឌ្ឍទេពកោសល្យ។


