La French Tech ភ្នំពេញ រៀបចំកិច្ចកិច្ចសន្ទនាអំពីតួនាទី AI ក្នុងវិស័យ Startups នៅកម្ពុជា
Bunthoeun KoemJUNE 19 202631 views

La French Tech ភ្នំពេញ បានរៀបចំព្រឹត្តិការណ៍ កិច្ចសន្ទនាអំពីបច្ចេកវិទ្យា ជាលើកដំបូងរបស់ខ្លួនកាលពីថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅ The Last Stage ក្នុង សាលមហោស្រព Aquation កោះពេជ្រ ដោយមានអ្នកចូលរួមជាង ១៥០ នាក់ រួមមានសហគ្រិន ស្ថាបនិក វិនិយោគិន សិស្សនិស្សិត និងថ្នាក់ដឹកនាំក្នុងប្រព័ន្ធអេកូឡូស៊ី ដើម្បីចំណាយពេលមួយល្ងាចផ្តោតលើអនាគតនៃនវានុវត្តន៍អាជីវកម្ម និងរបៀបដែលបញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្តូរទិដ្ឋភាពនៃពិភពធុរកិច្ច។

 

Photo 2026 06 19 19 01 22

 

កម្មវិធីនេះរៀបចំឡើងក្រោមប្រធានបទ «កម្មវិធីសម្រាប់ទីផ្សារកំពុងរីកចម្រើន  ក្នុងយុគសម័យ AI តើយើងកសាងវាចេញពីប្រទេសកម្ពុជាដោយរបៀបណាដោយព្រឹត្តិការណ៍នេះបានគូសបញ្ជាក់ពីនុវត្តភាពដែលកំពុងកើនឡើងនៅក្នុងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាដែលទើបនឹងចាប់ផ្ដើមរបស់កម្ពុជា និងការពិតជាក់ស្តែងនៃការកសាងផលិតផលឌីជីថលចេញពីទីផ្សារដែលកំពុងរីកចម្រើន។

 

កម្មវិធីនេះមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ឡុង គឹមខន ប្រធានសហព័ន្ធធុរកិច្ចថ្មីនៃកម្ពុជា។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាភិបាលនៃ La French Tech ភ្នំពេញដោយមានអ្នកចូលរួមជាង ១៥០ នាក់ រួមមានសហគ្រិន ស្ថាបនិកធុរកិច្ចថ្មី វិនិយោគិន និងតំណាងមកពីប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ដែលកំពុងរីកចម្រើននៅកម្ពុជា។

 

Photo 2026 06 19 19 02 31

 

ក្នុងឱកាសនោះលោក Cédric Kang និងលោក Thierry Tea សហប្រធាននៃ La French Tech ភ្នំពេញ បានបង្ហាញពីបេសកកម្មរបស់ស្ថាប័ននេះ ក្នុងការឆ្ពោះទៅរកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) ឆ្នាំ២០២៦។ លោក Thierry Tea បានផ្តោតលើបញ្ហាប្រឈមនានា ដើម្បីបន្តអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា ក៏ដូចជាឱកាសសំខាន់ៗក្នុងការលើកកម្ពស់សមត្ថភាពឱ្យស្មើកម្រិតជាមួយឆាកអន្តរជាតិ។

 

ទន្ទឹមនឹងនេះ កិច្ចពិភាក្សាជាក្រុមដែលចូលរួមដោយអ្នកជំនាញមកពីមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” មជ្ឈមណ្ឌល Plug and Play និងក្រុមហ៊ុនបច្ចេកវិទ្យានានា បានជជែកវែកញែកយ៉ាងស៊ីជម្រៅអំពីការប្រើប្រាស់ AI ដើម្បីជម្រុញល្បឿនអាជីវកម្ម។ អ្នកជំនាញបានគូសបញ្ជាក់ថា ភាពជោគជ័យមិនមែនកើតចេញពីការចម្លងម៉ូដែលអាជីវកម្មពីបរទេសនោះទេ ប៉ុន្តែគឺផ្អែកលើការយល់ដឹងពីបរិបទក្នុងស្រុក និងការដោះស្រាយបញ្ហាពិតប្រាកដរបស់សហគមន៍។ លើសពីនេះ វាគ្មិនក៏បានលើកឡើងពីបញ្ហាប្រឈមធំៗដែលទាមទារការដោះស្រាយ រួមមាន ការទទួលបានទុន ធនធានមនុស្ស ការទទួលយកពីទីផ្សារ សន្តិសុខសាយប័រ និងសំណួរថាតើ Startups កម្ពុជាគួរពង្រឹងមូលដ្ឋានក្នុងស្រុកមុន ឬគួរគិតគូរពីទីផ្សារតំបន់ចាប់តាំងពីដើមទី។

 

Photo 2026 06 19 19 02 08

 

ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំនូវអ្នកជំនាញផ្នែកនវានុវត្តន៍ជាច្រើនមកពីវិស័យផ្សេងៗគ្នា រួមមាន៖ បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech), បច្ចេកវិទ្យាអប់រំ (EdTech), បច្ចេកវិទ្យាអចលនទ្រព្យ (PropTech), បច្ចេកវិទ្យាម្ហូបអាហារ (FoodTech), បច្ចេកវិទ្យាទេសចរណ៍ (TravelTech), ប្រព័ន្ធផ្សព្វផ្សាយ, សន្តិសុខសាយប័រ, បច្ចេកវិទ្យាសុខាភិបាល (HealthTech), បច្ចេកវិទ្យា Blockchain, បច្ចេកវិទ្យា AI, ការអភិវឌ្ឍកម្មវិធីកុំព្យូទ័រ, ការជួលសេវាកម្មក្រៅប្រទេស (Outsourcing) និងផ្នែកដឹកជញ្ជូន។ អ្នកចូលរួម៖ រួមមានក្រុមហ៊ុនស្តាតអាប (Startups) និងស្ថាប័ននានាដូចជា៖ អង្គការយូនីសេហ្វ (UNICEF), សហព័ន្ធសហគ្រិនស្តាតអាបកម្ពុជា, PillTech, Obor Capital, សហគ្រិនខ្មែរ (Khmer Enterprise), Innolabs និងស្ថាប័នដទៃទៀត។

 

Photo 2026 06 19 19 02 17

 

កម្មវិធីនេះមិនត្រឹមតែជាវេទិកាជួបជុំដ៏មានសារៈសំខាន់សម្រាប់អ្នកបច្ចេកវិទ្យាចម្រុះវិស័យប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជំហានមួយក្នុងការបង្កើនកេរ្តិ៍ឈ្មោះផ្នែកនវានុវត្តន៍របស់កម្ពុជានៅអាស៊ីអាគ្នេយ៍ មុនពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦ ឈានចូលមកដល់ ក្រោមការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនធំៗដូចជា OCIC, SBI APAC និងដៃគូក្នុងបណ្តាញទាំងអស់។

 

សូមជម្រាបថា La French Tech គឺជាគំនិតផ្ដួចផ្ដើមមួយរបស់រដ្ឋាភិបាលបារាំង ដែលដឹកនាំដោយបេសកកម្ម La French Tech ក្រោមក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអធិបតេយ្យភាពឧស្សាហកម្ម និងឌីជីថល ដើម្បីគាំទ្រដល់សហគ្រិនបច្ចេកវិទ្យាបារាំងទូទាំងពិភពលោក។ La French Tech Phnom Penh គឺជាជំពូកក្នុងស្រុកដែលតភ្ជាប់សហគ្រិនកម្ពុជា និងបារាំង ហើយគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីស្តាតអាបរបស់កម្ពុជា តាមរយៈភាពជាដៃគូជាមួយស្ថាប័នសាធារណៈ សាជីវកម្ម និងសហគមន៍បច្ចេកវិទ្យាអន្តរជាតិ៕

 

Photo 2026 06 19 19 01 27

Photo 2026 06 19 19 01 36

Photo 2026 06 19 19 02 00

Photo 2026 06 19 19 02 24

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia