ដំណឹង! អគ្គនាយកពន្ធដារ រំលឹកថាការបង់ពន្ធ១ប្រភេទនេះ នឹងត្រូវផុតកំណត់ចុងខែមីនាហើយ
ធី ស្រីល័ក្ខMARCH 22 20261.7 K views

យោងតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើផ្ទាំងផ្សព្វផ្សាយសម្រាប់ឆ្នាំ២០២៦ នឹងត្រូវផុតកំណត់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះហើយ ដូច្នេះសូមអ្នកជាប់ពន្ធទាំងអស់រួសរាន់ទៅបង់ពន្ធឱ្យបានគ្រប់ៗគ្នា។

 

សេចក្តីប្រកាសដដែលបានបន្តឱ្យដឹងទៀតថា រហូតមកទល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានអ្នកជាប់ពន្ធមួយចំនួនបានបំពេញ កាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើផ្ទាំងផ្សព្វផ្សាយរួចរាល់ ប៉ុន្តែអ្នកជាប់ពន្ធមួយចំនួនទៀតនៅមិនទាន់ បានបំពេញកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើផ្ទាំងផ្សព្វផ្សាយនៅឡើយ។

 

ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹកដល់អ្នកជាប់ពន្ធទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ លើផ្ទាំងផ្សព្វផ្សាយសម្រាប់ឆ្នាំ២០២៦ មេត្តារួសរាន់អញ្ជើញមកដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើផ្ទាំងផ្សព្វផ្សាយ ឱ្យបានទាន់ពេលវេលា ដើម្បីចៀសវាងការទទួលរងទណ្ឌកម្មរដ្ឋបាលស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ ជាធរមាន។

 

ចំពោះអ្នកជាប់ពន្ធដែលស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ធំនិងសាខាពន្ធដារ ខណ្ឌ ត្រូវមកដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើផ្ទាំងផ្សព្វផ្សាយនៅទីចាត់ការពន្ធដាររាជធានីភ្នំពេញនៃអគ្គនាយកដ្ឋាន ពន្ធដារ ដែលមានអាសយដ្ឋានស្ថិតនៅអគារកែងមហាវិថីសហព័ន្ធរុស្ស៊ី (១១០) និងម៉ៅសេទុង (២៤៥) សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬអគារអគ្គនាយកដ្ឋានពន្ធដារថ្មី (GDT Tower) ដែលមានអាសយដ្ឋានស្ថិតនៅអគារ លេខ ៣៣៣ វិថីពន្ធដារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំពោះអ្នកជាប់ពន្ធដែលស្ថិតក្រោម ការគ្រប់គ្រងរបស់សាខាពន្ធដារខេត្ត ត្រូវមកដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើផ្ទាំងផ្សព្វផ្សាយនៅតាមបណ្តាសាខា ពន្ធដារខេត្តនីមួយៗ។ លោក-លោកស្រីអាចទាញយកទម្រង់លិខិតប្រកាសពន្ធលើផ្ទាំងផ្សព្វផ្សាយតាមរយៈគេហទំព័ររបស់ អគ្គនាយកដ្ឋានពន្ធដារ (www.tax.gov.kh) ឬអាចបង់ពន្ធតាមរយៈកម្មវិធីទូរសព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App)

១៣

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia