សហគ្រិនខ្មែរ ១ រូបបន្ថែមទុនដំឡើងឡសម្ងួត និងម៉ាស៊ីនកិនសំបកកាហ្វេខ្នាតធំដំបូងគេនៅកម្ពុជា
Bunthoeun Koem•NOVEMBER 12 2026•96 views

(មណ្ឌលគិរី)៖ លោក ជិន ជ័យាបុត្រ អគ្គនាយកក្រុមហ៊ុនគិរីកាហ្វេ (Kiri Coffee) ដែលជាប្រេនកាហ្វេរបស់កូនខ្មែរ បាននិងកំពុងបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹក ដើម្បីលើកតម្កើងវិស័យកាហ្វេក្នុងស្រុក ក៏ដូចជាលើកស្ទួយជីវភាពរបស់កសិករដាំកាហ្វេ ឱ្យកាន់តែរីកចម្រើន។

 

Photo 2026 11 12 10 46 30



បន្ទាប់ពីបោះទុនប្រមូលទិញគ្រាប់កាហ្វេពីបងប្អូនកសិករ ពិសេសជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ក្នុងតម្លៃទីផ្សារ និងបង្កើតការវិនិយោគជាបន្តបន្ទាប់ លើខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន នៅពេលនេះ គិរីកាហ្វេ បានដាក់ឱ្យដំណើរការសមិទ្ធផលថ្មីបន្ថែមទៀត ដោយបានចាក់ទុនបន្ថែម៥០ម៉ឺនដុល្លារ សម្រាប់ការកសាងប្រព័ន្ធឡសម្ងួត និងម៉ាស៊ីនកិនសំបកកាហ្វេខ្នាតធំ ដំបូងគេបង្អស់នៅកម្ពុជា ដំណាក់កាលទី១។



សហគ្រិនកម្ពុជា ដែលកំពុងកសាងកេរ្តិ៍ឈ្មោះក្នុងវិស័យកាហ្វេរូបនេះ បានបញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកស្ទួយកសិផលកាហ្វេកម្ពុជា ឱ្យកាន់តែរីកចម្រើន និងល្បីល្បាញថែមទៀត តាមរយៈគុណភាព និងរសជាតិដ៏ល្អឯក។

 

Photo 2026 11 12 10 46 30 (2)



លោកបញ្ជាក់ថា «នៅថ្ងៃនេះ គិរីកាហ្វេ (Kiri Coffee) បានដាក់ឱ្យដំណើរការសាកល្បងនូវឡសម្ងួត និងម៉ាស៊ីនកិនសំបកកាហ្វេខ្នាតធំ ដោយជោគជ័យ ដែលនេះគឺជាជំហានដ៏សំខាន់មួយ ដើម្បីបង្ហាញថា ពេលនេះនៅប្រទេសកម្ពុជារបស់យើង ក៏មានបច្ចេកវិទ្យាកែច្នៃកាហ្វេទំនើប និងមានស្តង់ដារខ្ពស់មិនចាញ់បរទេសដែរ»។



លោកបន្ថែមថា ការវិនិយោគលើប្រព័ន្ធសម្ងួត និងម៉ាស៊ីនកិនកាហ្វេខ្នាតធំនេះ នឹងជួយពង្រឹងគុណភាពគ្រាប់កាហ្វេខ្មែរ ឱ្យត្រូវតាមស្តង់ដារជាតិ និងអន្តរជាតិ, បង្កើនសមត្ថភាពប្រមូលទិញ និងកែច្នៃផលិតផលកាហ្វេពីបងប្អូនកសិករខ្មែរឱ្យបានកាន់តែច្រើន និងទាន់ពេលវេលា និងលើកស្ទួយតម្លៃកសិផលកាហ្វេកម្ពុជា ឱ្យកាន់តែមានទីផ្សារទូលំទូលាយ។

 

Photo 2026 11 12 10 36 33



លោកសង្កត់ធ្ងន់ថា ដើម្បីជួយកសិករ គិរីកាហ្វេប្រមូលទិញតែគ្រាប់កាហ្វេរបស់កសិករខ្មែរប៉ុណ្ណោះ មិនទិញគ្រាប់កាហ្វេបរទេសមកបន្លំធ្វើជាផលិតផលខ្មែរឡើយ នេះជាការប្ដេជ្ញាចិត្តច្បាស់របស់យើង។



កាលពីឆ្នាំ២០២៥កន្លងទៅ ក្រុមហ៊ុនចាយទុនជិត១លានដុល្លារ បានប្រមូលទិញគ្រាប់កាហ្វេស្រស់ ពីបងប្អូនកសិករខ្មែរ បានបរិមាណ ១០០០តោន (កាហ្វេស្រស់) ជាមួយតម្លៃទីផ្សារសមរម្យ។ សម្រាប់ឆ្នាំនេះ ក្រុមហ៊ុនមានផែនការបង្កើតការប្រមូលទិញទ្វេដង ដោយគ្រោងដាក់ទុនវិនិយោគ២លានដុល្លារ សម្រាប់ប្រមូលទិញគ្រាប់កាហ្វេពីកសិករ៕

 

Photo 2026 11 12 10 45 38

Photo 2026 11 12 10 36 34 (2)

Photo 2026 11 12 10 36 34 (4)

Photo 2026 11 12 10 36 34 (3)

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia