សម្តេចព្រះមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ប្រសូតនៅថ្ងៃទី១២ ខែមករា ឆ្នាំ១៩៣២ នៅភូមិត្រពាំងឈូក ស្ថិតក្នុងឃុំជ្រាវ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានបិតានាម ទេព ឈិត និងមាតានាម ប៉ិច អាត់។
សម្ដេចព្រះអគ្គមហាសង្ឃរាជនៃកម្ពុជា ទេព វង្ស គឺជាសម្តេចព្រះសង្ឃខ្មែរមួយអង្គ ដែលត្រូវបានគេស្គាល់ថា ព្រះអង្គបានមានស្នាព្រហស្ថ ក្នុងការបង្កើតគណៈសង្ឃកម្ពុជាឡើងវិញក្រោយសម័យកម្ពុជាប្រជាធិតេយ្យ។
កាលពីព្រះជន្មបាន១០វស្សា ក្នុងឆ្នាំ១៩៤១ សម្តេចត្រូវបានមាតាបិតាបញ្ជូនឲ្យទៅសិក្សាអក្សរសាស្ត្រ និងគណិតសាស្ត្រនៅវត្តរាជបូព៌ ស្ថិតក្នុងខេត្តសៀមរាប។ លុះដល់ព្រះជន្មាយុ១៦វស្សា សម្ដេចបានបួសជាសាមណេរក្នុងសំណាក់ព្រះឧបជ្ឈាយ៍ ព្រះសមុហ៍គណ ហ៊ីង ម៉ៅ ជាព្រះចៅអធិការវត្តរាជបូព៌ ប៉ុន្តែការបួសជាសាមណេរនេះបានត្រឹមតែរយៈពេល៩ខែទេ ក៏សូមលាចាកសិក្ខាបទ មករកស៊ីចិញ្ចឹមព្រះមាតាបិតាវិញ។
នៅឆ្នាំ១៩៥២ នៅពេលដែលមានព្រះជន្ម២១វស្សា សម្ដេចបានបំពេញឧបសម្បទាជាភិក្ខុក្នុងសំណាក់ព្រះឧបជ្ឈាយ៍ព្រះសមុហ៍គណ ហ៊ីង ម៉ៅ។ រហូតដល់ព្រះជន្មបាន២៥វស្សា ព្រះគ្រូសមុហ៍គណ ហ៊ីង ម៉ៅ បានតែងតាំងភិក្ខុ ទេព វង្ស ឲ្យធ្វើជាគ្រូសូត្រជំនួយការ។
ក្រៅអំពីការសិក្សាអក្សរសាស្ត្រ និងគណិតសាស្ត្រ ព្រះអង្គបានបញ្ចប់ការសិក្សាធម្មវិន័យទាំងបីកម្រិត គឺថ្នាក់ត្រីទោឯក ព្រះអង្គចេះសូធ្យវិន័យបាដិមោក្ខយ៉ាងស្ទាត់ជំនាញនិងមានជំនាញខាងបង្ហាត់វិបស្សនាធុរៈ និនិងសមថកម្មដ្ឋានផងដែរ។
ក្នុងសម័យខ្មែរក្រហម ចាប់ពីឆ្នាំ១៩៧៥ ដល់១៩៧៩ សម្ដេចត្រូវបានគេបង្ខំឲ្យសឹក និងត្រូវបានគេធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរដូច ប្រជាជនស្លូតត្រង់ខ្មែរដទៃទៀតដែរនាសម័យនោះ។
ព្រះជន្មាយុបាន៤៨វស្សា នៅពេលប្រជាជនខ្មែរ បានរួចផុតពីរបបខ្មែរក្រហម ព្រះអង្គបាននិមន្តបួសឡើងវិញ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ១៩៧៩ និងមានឋានៈជាព្រះគ្រូវិន័យធរ ក្នុងវត្តឧណ្ណាលោម ក្រុងភ្នំពេញ។
ចំពោះព្រះសមណស័ក្ដិ សម្ដេចត្រូវបានថ្វាយងារជា ព្រះមហាសុមេធាធិបតី និងជាសង្ឃនាយក ដោយសម្ដេច ជា ស៊ីម ប្រធានក្រុមប្រឹក្សារដ្ឋកម្ពុជាក្នុងឆ្នាំ ១៩៩១។ នៅឆ្នាំដដែលសម្តេចត្រូវបានតែងតាំងជាសម្ដេចព្រះសង្ឃរាជ គណៈមហានិកាយនៃកម្ពុជា ដោយព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ជាព្រះប្រមុខរដ្ឋ និងជាព្រះប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់។
លុះដល់ឆ្នាំ២០០៦ សម្ដេចត្រូវបានតែងតាំងជា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្ដេចមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និងបានទទួលព្រះរាជានុញ្ញាតពីសំណាក់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហមុនី ឲ្យប្រើរាជស័ព្ទ និងផ្លិតយសពិសេស។
គួរបញ្ជាក់ថាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានយាងសោយព្រះទិវង្គត នៅវេលាម៉ោង ៥ និង ៤០ នាទីល្ងាច នៅថ្ងៃច័ន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា នាព្រះវិហារវត្តឧណ្ណាលោម៕