នៅក្នុងបរិបទទីផ្សារអចលនទ្រព្យកំពុងមានភាពប្រឈម (អ្នកលក់ច្រើនជាងអ្នកទិញ) បានធ្វើឲ្យការដាក់លក់អចលនទ្រព្យមានភាពតានតឹងខ្លាំង បើប្រៀបធៀបទៅនឹងរយៈពេលកន្លងទៅដែលទីផ្សារអចលនទ្រព្យកម្ពុជានៅមានភាពល្អប្រសើរ។ ប៉ុន្ដែយ៉ាងណា ទីផ្សារនៅតែមានប៉ុន្ដែតម្រូវឲ្យម្ចាស់អចលនទ្រព្យត្រូវមានភាពបត់បែន និងភាពច្បាស់លាស់ជាងមុន បើចង់ឲ្យការដាក់លក់អចលនទ្រព្យឆាប់ដាច់។
ទាក់ទងនឹងបញ្ហានេះដែរ លោកស្រី គឹម គិនកេសា នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Advantage Property Services (APS Cambodia) និងជាអ្នកជំនាញផ្នែកអលចនទ្រព្យបានបង្ហាញនូវវិធីសាស្ដ្រមួយចំនួនដែលម្ចាស់អចលនទ្រព្យត្រូវធ្វើ និងរៀបចំខ្លួន បើចង់ឱ្យការដាក់លក់ផ្ទះរបស់ខ្លួនឆាប់ដាច់ ឬមានការចាប់អារម្មណ៍ពីអ្នកទិញច្រើន។
១. កំណត់តម្លៃឱ្យស្របតាមទីផ្សារ
នៅត្រង់ចំណុចនេះម្ចាស់អចលនទ្រព្យត្រូវកំណត់តម្លៃឱ្យបានសមរម្យទៅតាមតម្លៃទីផ្សារជាក់ស្ដែង ដែលអ្នកទិញអាចទទួលយកបាន។ លោកស្រី គឹម គិនកេសា លើកឡើងថា៖ ការកំណត់តម្លៃគឺជាកត្តាចម្បងបំផុត។ អ្នកលក់មិនអាចកំណត់តម្លៃខ្ពស់ហួសហេតុពេក ដើម្បីរង់ចាំឱ្យគេតម្លៃនោះទេ ព្រោះអតិថិជនបច្ចុប្បន្ននឹងរំលងចោលភ្លាមៗដោយមិនចរចាឡើយ។ ផ្ទុយទៅវិញអ្នកលក់គួរតែរៀបចំតម្លៃពិតប្រាកដែលសមរម្យ និងអាចទៅរួច ដោយទុកចន្លោះសម្រាប់ការចរចា។
២. ការជួសជុល និងកែលម្អ
ទោះបីជាផ្ទះមានលក្ខណៈពិសេសមួយចំនួនដូចជា ផ្ទះកែង ឬទីតាំងល្អ អាចងាយស្រួលលក់ក៏ដោយ ប៉ុន្ដែទន្ទឹមនឹងនេះ ការថែទាំ និងការកែលម្អ មុនដាក់លក់ គឺជាចំណុចស្នូលដែលម្ចាស់ទ្រព្យត្រូវគិត។ លោកស្រីលើកឡើងថា៖ ប្រសិនបើផ្ទះធ្លាប់រស់នៅ ឬដាក់ជួល អ្នកលក់គួរចំណាយថវិកាមួយចំនួនដើម្បីលាបថ្នាំថ្មី ជួសជុលប្រព័ន្ធភ្លើង ការ៉ូ ឬដោះស្រាយបញ្ហាជ្រាបទឹកជាមុនសិន។ ការកែលម្អមិនធានាថាផ្ទះនឹងលក់បានថ្លៃជាងមុននោះទេ ព្រោះតម្លៃអាស្រ័យលើទីផ្សារ ប៉ុន្តែវាជួយសន្សំពេលវេលា និងធ្វើឱ្យផ្ទះមានភាពទាក់ទាញខ្លាំងនៅពេលអ្នកទិញដើរមើល ហើយប្រៀបធៀបទៅផ្ទះផ្សេងទៀត។

៣. ការចរចា
ម្ចាស់ទ្រព្យត្រូវសម្រេចចិត្តឱ្យបានច្បាស់លាស់ពីដំបូងអំពីតម្លៃអប្បបរមាដែលខ្លួនចង់បាន។ នៅពេលមានការសាកសួរ ឬចរចាពីអ្នកទិញតាមរយៈភ្នាក់ងារ ឬដោយផ្ទាល់ អ្នកលក់ត្រូវមានភាពរហ័សរហួនក្នុងការឆ្លើយតប និងបង្ហាញឆន្ទៈក្នុងការសហការ។ ការឆ្លើយតបរារែក ឬការទាក់ទើលើចំណុចតូចតាច ដូចជា លក្ខខណ្ឌបង់ប្រាក់ ឬការថែមជូនសម្ភារ អាចធ្វើឱ្យអ្នកទិញបាត់បង់ការចាប់អារម្មណ៍ និងបោះបង់ចោល។
៤. ការរៀបចំឯកសារច្បាប់ និងកាតព្វកិច្ចហិរញ្ញវត្ថុ
ចំពោះចំណុចនេះវិញអ្នកជំនាញរូបនេះណែនាំឲ្យម្ចាស់ទ្រព្យមុនពេលដាក់លក់ ត្រូវត្រៀមលក្ខណៈផ្លូវច្បាប់ឱ្យបានរួចរាល់ដើម្បីជៀសវាងឧបសគ្គនៅពេលចរចាត្រូវថ្លៃគ្នា។ ជាក់ស្ដែងដូចជា ឯកសារប្លង់ត្រូវប្រាកដថាប្លង់កម្មសិទ្ធិមានគ្រប់គ្រាន់ និងជាប្រភេទប្លង់ថ្មី ចៀសវាងបញ្ហាប្លង់ស៊េរីចាស់ ឬការបាត់បង់ប្លង់ជាដើម។
ក្រៅពីនោះ កាតព្វកិច្ចពន្ធ និងសេវា អ្នកលក់ត្រូវជម្រះនូវបំណុលពន្ធ ប្រាក់ពិន័យ សេវាទឹក ភ្លើង និងថ្លៃសំរាម ដើម្បីឱ្យដំណើរការផ្ទេរកម្មសិទ្ធិប្រព្រឹត្តទៅដោយរលូន។ ព្រោះថាអ្នកទិញនឹងធ្វើការផ្ទៀងផ្ទាត់ឯកសារយ៉ាងម៉ត់ចត់ ដូច្នេះការត្រៀមខ្លួនរបស់អ្នកលក់គឺជាកត្តាកំណត់ទំនុកចិត្តក្នុងការបិទការលក់។

សូមជម្រាបថា APS Cambodia គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០៨ មកម៉េ្លះ។ បច្ចុប្បន្នក្រុមហ៊ុននេះមានសេវាកម្មដូចជា៖ ការលក់-ជួល ការគ្រប់គ្រងអចលនទ្រព្យ និងគម្រោង ការវាយតម្លៃ ការប្រឹក្សាយោបល់ និងសេវាកម្មស្រាវជ្រាវជាដើម។ សម្រាប់លោកអ្នកដែលចង់ប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន APS Cambodia អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 012 930 709 ឬហ្វេសប៊ុកផេក APS Cambodia ឬក៏ចូលទៅកាន់វេបសាយ៖ https://aps.com.kh/៕


