លោកស្រី យន់ ចាន់លីកាជាស្រ្តីវ័យក្មេងលក់គ្រឿងក្រអូបនៅផ្សារស្នួល ស្រុកស្នួល ខេត្តក្រចេះ ធ្លាប់ជំពាក់បំណុលគេចំនួន៤ម៉ឺនដុល្លារកាលពីឆ្នាំ២០២១ ហើយនៅត្រឹមពាក់កណ្ដាលឆ្នាំ២០២៣កន្លងទៅលោកស្រីបានដោះបំណុលដាច់ស្រលះពីខ្លួនតែម្ដង។
តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនកន្លងមក លោកស្រីបានចែករំលែកពីផ្លូវចំនួន៤ដែលបងប្អូនគួរធ្វើបើចង់រលាស់ខ្លួនចេញពីបំណុលដោយធ្វើតាមជំហានដូចខាងក្រោមនេះ។
១.បង្កើតចំណូលប្រចាំថ្ងៃ
ពេលអ្នកជាប់បំណុល ចំណូលគឺជាកត្តាដ៏ចម្បងមួយដែលជួយធ្វើឲ្យបំណុលឆាប់ថយហើយដោះបំណុលឆាប់អស់ ។ ត្រង់នេះលោកស្រី យន់ ចាន់លីកាបានបង្ហើបថាបងប្អូនគួរបង្កើតប្រភពចំណូលប្រចាំថ្ងៃទោះជាចំណូលនោះតិចក្ដីច្រើនក្ដីព្រោះកាលណាយើងមានចំណូលច្រើនច្រកងាយនឹងធ្វើឲ្យបំណុលយើងឆាប់ថយ។
២. សន្សំលុយប្រចាំថ្ងៃមួយផ្នែក
កុំមើលរំលងការសន្សំលុយឲ្យសោះព្រោះមួយកាក់មួយសេនក៏អាចរាប់បញ្ចូលដើម្បីសម្រេចគោលដៅនិងក្ដីស្រមៃរបស់អ្នកបានដែរ។ ដូច្នេះអំឡុងពេលអ្នកស្ថិតនៅលើផ្លូវកំពុងព្យាយាមដោះបំណុល អ្នកគួរសន្សំសំចៃដើម្បីសល់លុយយកទៅដោះបំណុល។ បើអ្នករកចំណូលប្រចាំថ្ងៃបានអ្នកអាចសន្សំលុយពីចំណូលប្រចាំថ្ងៃដើម្បីទុកបង់សងបំណុលប្រចាំខែរបស់អ្នក។
៣. ដោះបំណុលមានការប្រាក់ខ្ពស់និងបំណុលមានទំហំតូចមុនគេ
អ្នកត្រូវកំណត់រយៈពេលបង់សងម្ចាស់បំណុលដែលមានការប្រាក់ខ្ពស់ព្រោះបំណុលនេះបើទុកយូនឹងធ្វើឲ្យអ្នកត្រូវចំណាយបង់ការប្រាក់ច្រើន។ ដូច្នេះបំណុលដែលមានការប្រាក់ខ្ពស់គឺជាអាទិភាពដែលអ្នកគួរបង់សងឲ្យបានឆាប់។ លើសពីនេះបំណុលដែលមានទំហំតូចបំផុតគឺជាបំណុលដែលអ្នកគួរដោះមុនគេពោលគឺដោះបំណុលតាមលំដាប់ពីតូចទៅធំ។
លោកស្រី យន់ ចាន់លីកាបានបង្ហើបថាការដោះបំណុលដែលមានការប្រាក់ច្រើនជាគេមុនគេ ហើយដោះបំណុលពីតូចទៅធំគឺធ្វើឲ្យយើងអាចស្រាលខ្លួនជាពិសេសគឺធ្វើឲ្យយើងមានកម្លាំងចិត្តនិងទឹកចិត្តបន្តរកលុយដោះបំណុលជាបន្តបន្ទាប់។
៤. ព្យាយាមកាត់បំណុល
អ្នកត្រូវព្យាយាមកាត់បំណុលតាមដែលអាចធ្វើទៅបាន។ ជាពិសេសដើម្បីកាត់បន្ថយបំណុលអ្នកត្រូវបង្កើតប្រភពចំណូលឲ្យបានច្រើនច្រកទើបអាចរលាស់ខ្លួនចេញពីបំណុលបានឆាប់។
លោកស្រី យន់ ចាន់លីកាបានសង្កត់ធ្ងន់ថា” ពេលជាប់បំណុលមានតែខ្លួនឯងទេដែលអាចជួយខ្លួនឯងបានតាមរយៈការប្រឹងប្រែងរកចំណូលនិងចាត់ចែងលុយកាក់ហើយប្ដេជ្ញាបងសង់បំណុលគេទាល់តែអស់”។
សម្រាប់អ្នកដែលកំពុងមានបញ្ហាបំណុលហើយពិបាកក្នុងការសង លោកស្រីក៏បានណែនាំ៣វិធីដូចខាងក្រោមនេះដើម្បីឲ្យធូរស្រាយពីបំណុល៖
១. បើកចិត្តហ៊ានសុំម្ចាស់បំណុល
គាត់បានបង្ហើបថាក្នុងករណីដែលបងប្អូនផុងខ្លួនក្នុងបំណុលច្រើនរហូតដល់ពិបាកសងឬអស់លទ្ធភាពបង់សង អ្នកត្រូវហ៊ានបើកចិត្តចរចាជាមួយម្ចាស់បំណុលដោយសុំម្ចាស់បំណុលផ្អាកបង់ការ ហើយស្នើសុំបង់ជាដំណាក់កាល។ ត្រង់នេះបើអ្នកមានឆន្ទះក្នុងការសងដោយមិនគេចវេសនោះម្ចាស់បំណុលនឹងមានការយោគយល់ច្រើននិងព្រមសម្រួលសម្រាប់អ្នកជំពាក់បំណុលជាមិនខាន។
២. រាយឈ្មោះម្ចាស់បំណុលទាំងអស់ដាក់លើក្រដាស
សម្រាប់អ្នកជំពាក់បំណុលច្រើនកន្លែងគាត់ណែនាំឲ្យរាយឈ្មោះម្ចាស់បំណុលទាំងអស់ដាក់លើក្រដាស។ ឧទាហរណ៍ម្ចាស់បំណុលទី១,២,៣,៤…… ជាដើម។ បន្ទាប់មកចរចាសុំឈប់បង់ការប្រាក់តែសុំបង់តែដើមសិនទៅកាន់ម្ចាស់បំណុលដែលអ្នកបានរាយឈ្មោះលើក្រដាសនោះ។ ត្រង់នេះ យុន ចាន់លីកាបានបញ្ជាក់ផងដែរថាសម្រាប់ម្ចាស់បំណុលណាដែលពិបាកចរចានិងពិបាកនិយាយជាងគេគឺយើងត្រូវដោះឲ្យបានមុនគេ។
៣. ដោះបំណុលពីតូចទៅធំ
យុន ចាន់លីកា បានបង្ហើបថាបើជាប់បំណុលច្រើនកន្លែងអ្នកគួរប្រើក្បួន snowball ពោលគឺដោះបំណុលពីតូចទៅធំទើបពួកគាត់អាចដោះបានជោគជ័យ។ ក្បួនដោះបំណុលពីតូចទៅធំនេះគឺជាក្បួនដ៏ពេញនិយមដែលពលរដ្ឋខ្មែរក៏ដូចជាបរទេសតែងតែប្រើក្នុងការដោះបំណុលព្រោះការដោះបំណុលពីតូចទៅធំធ្វើឲ្យអ្នកមានទុកចិត្តក្នុងការដោះព្រោះអ្នកឃើញបំណុលរបស់អ្នកកាន់តែថយទៅៗបន្តិចម្ដងៗ។
ជាចុងក្រោយ យុន ចាន់លីកាបានផ្ដាំថាបងប្អូនត្រូវស្គាល់ពាក្យថាបំណុលអាក្រក់ឲ្យច្បាស់ ហើយត្រូវចេះថ្លឹងថ្លែងចំណូលរបស់យើងធៀបទៅនឹងការប្រាក់កម្ចីមុននឹងយើងសម្រេចចិត្តខ្ចីលុយចៀសវាខ្ចីហើយធ្លាក់ខ្លួននៅក្នុងបញ្ហាកាន់តែជ្រៅ


