ត្រូវដឹង! បុគ្គលសំខាន់២រូបនេះ បានបង្កើតអង្គុលីលេខ និងហ្វុនអក្សរយូនីកូដខ្មែរ ទុកឲ្យយើងប្រើដល់សព្វថ្ងៃ
Kan DaraSEPTEMBER 4 2023629 views

អក្សរខ្មែរបានធ្វើទំនើបកម្មតាំងពីឆ្លាក់លើផ្ទាំងសិលា ចាលើស្លឹករឹត សរសេរដោយដៃលើផ្ទាំងក្រដាស រហូតផ្លាស់មកវាយតាមអង្គុលីលេខ និងមានអក្សរយូនីកូដខ្មែរក្នុងឧបករណ៍អេឡិចត្រនិចសឹងគ្រប់ប្រភេទ។ ចុះតើអ្នកដឹងទេ ក្នុងបដិវត្តន៍ដ៏អស្ចារ្យនេះ លោកបណ្ឌិត កេង វ៉ាន់សាក់ គឺជាស្ថាបនិក អង្គុលីលេខ​ខ្មែរដំបូងគេ និងលោក ដាញ់ ហុង គឺជាអ្នកបង្កើតហ្វុនអក្សរយូនីកូដខ្មែរ ដែលទុកឲ្យយើងប្រើប្រាស់ដល់សព្វថ្ងៃនេះ។

១/. លោកកបណ្ឌិត កេង វ៉ាន់សាក់

Sddefault

Kkk

លោកបណ្ឌិត គឺជាអ្នកបង្កើតពុម្ពអក្សរខ្មែរសម្រាប់ប្រើក្នុងម៉ាស៊ីនអង្គុលីលេខ និងជាកវីនិពន្ធអក្សរសាស្រ្ដ​ខ្មែរ​ដ៏​ល្បីល្បាញ ដោយធ្លាប់បាននិពន្ធសៀវភៅស្រាវជ្រាវវប្បធម៌ អក្សរសាស្ត្រ រឿងល្ខោន កំណាព្យ និងរឿងខ្លីៗ តាំងពីទសវត្សរ៍ឆ្នាំ ១៩៤០ មកម្ល៉េះ។

លោកប្រសូតនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥ ដែល​មាន​មាតា​ឈ្មោះ ហម អ្នក​ខេត្ត​ពោធិ៍សាត់ ជាប់​សែស្រឡាយ​ជា​ញាតិ​វង្ស​ទៅ​នឹង​ម្ចាស់ក្សត្រី​មល្លីកា ព្រះមហេសី​នៃ​ព្រះអង្គម្ចាស់ នរោត្ដម យុគន្ធរ និង​មាន​បិតា​ឈ្មោះ កេង ស៊ីផាន់ អ្នក​ខេត្ត​កំពង់ចាម មាន​វ័យ​ចម្រើន​ធំ​ធាត់​នៅ​ក្នុង​ភូមិ​កំពង់បឹង ស្រុក​កំពង់លែង នៃ​ខេត្ត​កំពង់ឆ្នាំង។

ក្នុងដំណើរជីវិតដ៏វែងអន្លាយលោក​បណ្ឌិត កេង វ៉ាន់សាក់ តែង​បាន​ចូល​ប្រឡូក​នឹង​ការប្រែប្រួល​របស់​ប្រទេស​ជាតិ​សឹង​តែ​គ្រប់​ចលនា ដោយ​រួមទាំង​ចលនា​នយោបាយ​ក្នុង​សម័យ​ទាមទារ​ឯករាជ្យ រួមទាំងចលនា​អក្សរសាស្រ្ដ​ខ្មែរជាដើម។ លោក​បណ្ឌិត​សាស្រ្តា​ចារ្យ​​​ បាន​ទទួល​មរណភាព​ដោយ​សារ​ជំងឺ​ទឹក​ចូល​សួត​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០០៨។​​

២/. លោក ដាញ់ ហុង

Mm

,,

លោកគឺជាស្ថាបនិកពុម្ព ឬ Font អក្សរខ្មែរ (Khmer Unicode) ដែលយើងទាំងអស់គ្នាប្រើរាល់ថ្ងៃ ហើយក៏ជាអ្នកមានស្នាដៃជាច្រើន ជាពិសេសគឺពុម្ភអក្សរខ្មែរដែលត្រូវបានទទួលស្គាល់ដោយ Google និងបានដាក់ឲ្យប្រើប្រាស់ជាពុម្ពអក្សរខ្មែរប្រចាំនៅលើ Google Font។

លោក ដាញ់ ហុង កើតក្នុងឆ្នាំ១៩៧២ នៃគ្រួសារកសិករខ្មែរក្រោមមួយ នាខេត្តពលលាវ នៃដែនដីកម្ពុជាក្រោម ឬ ខាងត្បូងប្រទេសវៀតណាមសព្វថ្ងៃ។ លុះចម្រើនវ័យធំដឹងក្តី ក្រោយពីប្រលងបញ្ចប់សញ្ញាបត្របាក់ឌុបនៅឆ្នាំ១៩៩១ លោកត្រូវទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ នៅសាកលវិទ្យាល័យច្បាប់ និងបានបញ្ចប់បរិញ្ញាបត្រច្បាប់នៅឆ្នាំ១៩៩៧ នាទីក្រុងព្រៃនគរ ដែលបច្ចុប្បន្នមានឈ្មោះថា ទីក្រុងហូជីមិញ។

ក្រោយឆ្លងកាត់ការងារជាច្រើនកន្លែង និងកំពុងបម្រើការងារផ្នែកវចនានុក្រមនៅប្រទេសវៀតណាម លោកបានទទួលព័ត៌មានតាមប្រព័ន្ធអ៉ីនធើណេត ក្នុងការរើសបុគ្គលិកផ្នែករចនា និងបង្កើតអក្សររបស់មជ្ឈមណ្ឌលខេមរសិក្សារបស់អាមេរិកប្រចាំនៅខេត្តសៀមរាប។

រយៈពេលបីឆ្នាំ ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ ២០០៣ ដែលបម្រើការនៅទីនោះ លោកបានស្គាល់ជាមួយបុរស ជនជាតិអេស្ប៉ាញកម្រិតអនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រម្នាក់ ហើយពួកគេក៏មូលមតិគ្នាបង្កើតគម្រោង Khmer OS ស្នើទៅអង្គការ Open Forum នៅឆ្នាំ២០០៣ តែរហូតដល់ឆ្នាំ២០០៤ ទើបខាងអង្គការសម្រេចទទួល។ មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ លោកបានបង្ហាញសមិទ្ធផលថ្មីមួយទៀតគឺ កម្មវិធីពិនិត្យ និងកែអក្ខរាវិរុទ្ធខ្មែរ បានរាប់រយពាក្យថែមទៀតផង៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»

ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia