មិនបាច់ទៅយកដល់កន្លែង! អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចាប់ដៃជាមួយ វិរៈប៊ុនថាំ ជួយសម្រួលការដឹកឯកសារជូនប្រជាជន
SOKLY SODECEMBER 25 2025

នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅឯក្រសួងមហាផ្ទៃ មានប្រារព្ធពិធីដ៏សំខាន់មួយគឺ «ពិធីចុះអនុស្សរណៈនៃការយោគយល់ ស្ដីពីកិច្ចសហប្រតិបត្តិការ ក្នុងការផ្ដល់សេវាប្រៃសណីយ៍ ពាក់ព័ន្ធការងារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ រវាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស»។

 

កម្មវិធីដ៏ពិសេសមួយនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និង អ្នកឧកញ៉ា សួរ វីរៈ ប្រធាននាយកប្រតិបត្តិនៃ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាអង្គពិធី ជាច្រើនរូបទៀត។

 

605332724 1305701558252400 7968254991686954176 N 

 

តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋទាំងអស់ ដែលមានន័យថា បន្ទាប់ពីពួកគាត់បាន ស្នើសុំធ្វើឯកសារអត្តសញ្ញាណកម្មរួមមានដូចជា អត្តសញ្ញាណប័ណ្ណ, លិខិតឆ្លងដែន, អត្រានុកូលដ្ឋាន, សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ជាដើម រួចរាល់ ពួកគាត់មានជម្រើសថា ចង់ឡើងមកយកផ្ទាល់ បន្ទាប់ពីបោះពុម្ពរួចរាល់ ឬអាចប្រើសេវាដឹកជញ្ជូនដល់ទីតាំង តាមរយៈក្រុមហ៊ុនដឹកជញ្ជូនកូនខ្មែរ វិរៈប៊ុនថាំ ដោយមិនចាំបាច់ត្រូវចំណាយពេលឡើងចុះច្រើនដង ដូចពីមុនទៀតឡើយ។

 

605127919 1305699948252561 1425534321932728861 N 

 

ឆ្លៀតក្នុងឱកាសនេះផងដែរ អ្នកឧកញ៉ា សួ វីរៈ បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំបានពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលមានវត្តមានដើម្បីចូលរួម ចុះហត្ថលេខាលើអនុស្សរណៈក្នុងកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយនេះ ក្នុងគោលបំណងរួមចំណែកគាំទ្រ គោលនយោបាយរាជរដ្ឋាភិបាលតាមរយៈការជម្រុញការផ្ដល់សេវាសាធារណៈ ឱ្យកាន់តែប្រសើរ និងជួយសម្រួលបន្ទុកចំណាយ និងពេលវេលារបស់ប្រជាពលរដ្ឋ«

 

603838487 1305700604919162 625420048054637087 N

 

បន្ថែមពីនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ក៏បានមានប្រសាសន៍ផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំនាយកដ្ឋានទាំងអស់ ចំណុះនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលមានឯកសារត្រូវផ្ញើជូនប្រជាពលរដ្ឋ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលទទួលភារកិច្ចផ្ដល់សេវាបញ្ញើឯកសារជូនប្រជាពលរដ្ឋ លើចំណុចមួយចំនួនដូចខាងក្រោម៖

 

ទី១-សូមយកចិត្តទុកដាក់ផ្ដល់សេវាឱ្យបានល្អ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ទឹកមុខញញឹមរួសរាយរាក់ទាក់

ទី២-យកកម្រៃសេវាដែលបានកំណត់នៅក្នុងបញ្ជីផ្ដល់សេវា ដោយមិនអនុញ្ញាតឱ្យយកលើសពីការអនុម័ត ឡើយ

ទី៣-សូមរក្សាការសំងាត់ទៅលើឯកសារដែលបានផ្ញើ ជៀសវាងយកទៅប្រើដោយមិនមានការអនុញ្ញាតពីម្ចាស់សាម៉ីខ្លួន

ទី៤-សូមយកចិត្តទុកដាក់ ថែរក្សាឯកសារបញ្ញើរ របស់ប្រជាពលរដ្ឋឱ្យបានល្អ ចៀសវាងបាត់បង់ខូចខាត ឬក៏ផ្ញើទៅខុសទីតាំង ដែលធ្វើឱ្យខកខានពេលវេលា

ទី៥-សូមយកចិត្តទុកដាក់សហការគ្នាជាមួយក្រុមហ៊ុន វីរៈប៊ុនថាំ ដើម្បីពង្រឹកផ្ដល់សេវាដឹកជញ្ជូននេះឱ្យកាន់តែទូលំទូលាយ

 

គួរជម្រាបផងដែរថា បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងក្រុមហ៊ុន វិរៈ ប៊ុនថាំ នឹងធ្វើប្រតិបត្តិការខាងលើនៅក្នុងរាជធានីភ្នំពេញជាជំហានដំបូងសិន។ នៅថ្ងៃខាងមុខ ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានបញ្ជាក់ថា នឹងមានការពង្រីកសេវាកម្មនេះទៅដល់តាមបណ្ដាលខេត្តផ្សេងៗទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕

605125954 1305707908251765 6320876601114783812 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia