កាន់តែទំនើប! សហគ្រិនខ្មែរ១រូប ត្រៀមវិនិយោគបង្កើតរោងចក្រដំឡើង Tablet តម្លៃ១០លានដុល្លារ
Bunthoeun KoemFEBRUARY 6 2026107 views

បច្ចុប្បន្នវិស័យបច្ចេកវិទ្យានៅប្រទេសកម្ពុជា កំពុងឈានទៅរករបត់ថ្មីមួយទៀត ខណៈក្រុមហ៊ុន KH Haitech ដែលជាក្រុមហ៊ុនបណ្ដាក់រួមទុនរវាងសហគ្រិនខ្មែរ និងក្រុមហ៊ុនអន្តរជាតិខ្នាតយក្ស បាននិងកំពុងសម្រុកជំរុញនីតិវិធីវិនិយោគ ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍អេឡិចត្រូនិក (Tablet) ដែលគ្រោងនឹងលេចរូបរាងឡើងនាពេលឆាប់ៗខាងមុខនេះ។

 

Img 6563 1024x769

 

តាមការបញ្ជាក់ពីអ្នកឧកញ៉ា សំ សុខនឿន ប្រធានក្រុមហ៊ុន KH Haitech មកកាន់ Business Cambodia បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនបានបញ្ចប់ការចុះបញ្ជី និងចុះកិច្ចការពារម៉ាកសញ្ញា (Trademark) រួចរាល់ជាស្ថាពរ។ ស្របជាមួយគ្នានេះ ក្រុមហ៊ុនក៏កំពុងបន្តនីតិវិធីស្នើសុំអាជ្ញាបណ្ណពីក្រសួងពាក់ព័ន្ធ និងកំពុងមមាញឹកក្នុងការចងក្រងឯកសារ ដើម្បីដាក់ពាក្យស្នើសុំវិនិយោគជាផ្លូវការនៅខេត្តកំពង់ស្ពឺ ខណៈគម្រោងនេះគម្រោងចំណាយទុនវិនិយោគសរុបប្រមាណ ១០ លានដុល្លារអាមេរិក។

 

616846722 1190367886518115 1365410274828771909 N

 

អ្នកឧកញ៉ាវ័យក្មេងរូបនេះបានបង្ហើបពីមូលហេតុចម្បងៗចំនួន ៣ ដែលនាំឱ្យក្រុមហ៊ុន KH Haitech សម្រេចចិត្តបោះទុនវិនិយោគលើការបង្កើតរោងចក្រដំឡើង Tablet នៅកម្ពុជានេះដោយសារ៖

 

១. ភាពជាដៃគូកម្រិតអន្តរជាតិ៖ KH Haitech គឺជាដៃគូសហការជាមួយក្រុមហ៊ុន Haitech ដែលជាបុត្រសម្ព័ន្ធរបស់ Haier Group។ នេះគឺជាក្រុមហ៊ុនលំដាប់ពិភពលោក ដែលមានបទពិសោធន៍ និងជំនាញកម្រិតខ្ពស់លើផ្នែកបច្ចេកវិទ្យា ជាពិសេសការផលិត Tablet, Laptop និងឧបករណ៍ Devices ទំនើបៗ។

 

២. តម្រូវការទីផ្សារក្នុងស្រុក៖ តាមការសង្កេត កម្ពុជាកំពុងមានតម្រូវការខ្ពស់លើឧបករណ៍ Tablet ដែលមានគុណភាពល្អ និងតម្លៃសមរម្យ សម្រាប់បម្រើឱ្យវិស័យអប់រំ និងការងារធុរកិច្ចផ្សេងៗ។

 

៣. ស្មារតីជាតិ និងមហិច្ឆតាយីហោខ្មែរ៖ ក្នុងនាមជាសហគ្រិនខ្មែរ អ្នកឧកញ៉ាមានក្តីបំណងចង់បង្កើតឱ្យមាន «យីហោជារបស់ខ្មែរ» ដែលមានការដំឡើងផ្ទាល់នៅក្នុងស្រុក និងមានគោលដៅឈានទៅដល់ការផលិតទាំងស្រុងនៅក្នុងប្រទេសកម្ពុជានៅថ្ងៃអនាគត។

 

Photo 2026 02 04 10 52 16 1024x682

 

តាមការគ្រោងទុក រោងចក្រដ៏ធំនេះនឹងចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០២៧ ខាងមុខ ដោយសារតែក្រុមហ៊ុនត្រូវការពេលវេលាច្បាស់លាស់ក្នុងការសាងសង់រោងចក្រ និងរៀបចំប្រព័ន្ធបច្ចេកទេស (Set Up) ឱ្យស្របតាមស្តង់ដារអន្តរជាតិ។ ក្នុងនោះសម្រាប់ដំណាក់កាលដំបូងក្រុមហ៊ុនគ្រោងផលិតប្រមាណ ១ ម៉ឺនគ្រឿង​​ សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារកម្ពុជា។ លើសពីនេះទៅទៀត បន្ទាប់ពីការដំឡើងឧបករណ៍អេឡិចត្រូនិក KH Haitech ក៏មានផែនការបន្តសាងសង់រោងចក្រដំឡើងម៉ាស៊ីនត្រជាក់បន្ថែមទៀតនៅក្នុងឆ្នាំ២០២៧ នោះផងដែរ។

Photo 2026 02 05 10 19 18 (2)

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន KH Haitech គឺកើតចេញពីកិច្ចសហប្រតិបត្តិការរវាង ក្រុមហ៊ុនកម្ពុជា ក្រុមហ៊ុនសិង្ហបុរី និងក្រុមហ៊ុន Haitech (បុត្រសម្ព័ន្ធ Haier Group) របស់ប្រទេសចិន។ ឈ្មោះ «KH Haitech» ត្រូវបានប្រសិទ្ធនាមឡើងដោយអត្ថន័យជ្រាលជ្រៅ ដែលក្នុងនោះ «KH» តំណាងឱ្យ Khmer (ខ្មែរ) និង «Haitech» តំណាងឱ្យយីហោបច្ចេកវិទ្យាអន្តរជាតិ ដែលសបញ្ជាក់ពីមោទនភាពជាតិខ្មែរ ក្នុងកិច្ចសហការជាមួយបច្ចេកវិទ្យាកម្រិតពិភពលោក៕

 

622263257 1199169982304572 9219668674852945583 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia