រកស៊ីចូលហ៊ុនគ្នា កុំឱ្យឈ្លោះ! លោក កែវ ឡង់ឌី បង្ហើបគន្លឹះធំ៤ រកស៊ីជាមួយបងប្អូនមិនចេះឈ្លោះគ្នា
ឡុង វឌ្ឍនៈJUNE 5 2023597 views

ការចាប់ផ្ដើមអាជីវកម្មបែបគ្រួសារ ឬជ្រើសរើសបងប្អូនមករកស៊ីចូលហ៊ុនជាមួយគ្នា គឺជាបរិបទដ៏ពេញនិយមមួយនៅក្នុងសង្គមខ្មែរ។ ប៉ុន្តែការរកស៊ីចូលហ៊ុនជាមួយបងប្អូនបែបនេះ គេសង្កេតថា វាក៏មានហានិភ័យមួយ ដែលអាចធ្វើឱ្យអាជីវកម្មបរាជ័យហើយ អាចបាត់បង់ចំណងមិត្តភាពបងប្អូនថែមទៀតផង បើសិនមិនប្រុងប្រយ័ត្ន ហើយឈានដល់ការឈ្លោះទាស់ទែងគ្នាកណ្ដាលផ្លូវ។

ចោលកន្ទុយភ្នែកក្រឡេកមើលបទពិសោធន៍ជីវិតរបស់ លោក កែវ ឡង់ឌី បន្តិច មុនពេលដែលលោកអាចវិវត្តខ្លួនក្លាយជា សហស្ថាបនិកក្រុមហ៊ុនលក់ផលិតផលសម្រាប់កុមារដ៏ល្បីឈ្មោះ Baby Outlet គឺលោកធ្លាប់ជាយុវជនដែលមានជីវភាពខ្វះខាត រហូតស្ទើរតែធ្វើឱ្យលោកគ្មានសង្ឃឹមថាមានឱកាសចូលរៀនថ្នាក់មហាវិទ្យាល័យនោះទេ បើទោះបីជាពេលនោះលោកចង់ចូលរៀនខ្លាំងយ៉ាងណាក៏ដោយ។

ជាសំណាងល្អបងប្រុស និងឪពុកលោក បានសម្រេចចិត្តថានឹងជួយបង់ថ្លៃសាលាម្នាក់ ៥០% ដែលនេះជាពន្លឺក្ដីសង្ឃឹមថ្មី ធ្វើឱ្យលោកអាចចូលរៀនថ្នាក់មហាវិទ្យាល័យដូចក្ដីស្រមៃដែលធ្លាប់ប៉ង។ ខ្សែជីវិតមានឡើងមានចុះ ក្រោយរៀនបាន៣ខែ បងប្រុសបង្កើតជាទីស្រលាញ់ ដែលសន្យាជួយបង់ថ្លៃសាលា៥០% ក៏បានលាចាកលោកដោយសារតែជំងឺគ្រុនចាញ់យ៉ាងអាលោះអាល័យបំផុត។

ក្រោយពេលដែលបាត់បង់បងប្រុស លោកបានឆ្លៀតពេលទំនេរពីការសិក្សា ចេញបង្រៀនភាសាអង់គ្លេសមិនតិចជាង៦ម៉ោងនោះទេក្នុង១ថ្ងៃដើម្បីសន្សំប្រាក់បង់ថ្លៃសាលា។

ទុក្ខជាន់ទុក្ខ ក្រោយត្រដររកប្រាក់បង់ថ្លៃសាលាដោយខ្លួនឯង និងរៀនចប់ឆ្នាំទី៤ ដោយមិនទាន់ទទួលបានសញ្ញាបត្រផង ស្រាប់តែលោកឪពុកជាទីស្រលាញ់របស់លោកក៏បានលាចាកលោកថែមទៀត។ ចង្ក្រានជើង៣របស់គ្រួសារបាត់បង់អស់២ នៅសល់តែ១ប៉ុណ្ណោះ ដែលកត្តាទាំងអស់នេះហើយ បានជំរុញឱ្យលោកច្នៃការបាត់បង់ដ៏មានតម្លៃរបស់លោកឪពុក និងបងប្រុស មកជាកម្លាំងចិត្ត ខិតខំរៀន ខិតខំធ្វើការ និងខិតខំរកស៊ី រហូតអាចពង្រីកហាង Baby Outlet តាំងពី១សាខា រហូតកើនដល់ ១២សាសា មានបុគ្គលិកជាង៥០០នាក់។

មូលហេតុនៃភាពជោគជ័យរបស់លោកគឺមិនមែនជារឿងចៃដន្យទេ គឺមួយផ្នែកធំ ដោយសារតែលោកជ្រើសរើសដៃគូរកស៊ីត្រឹមត្រូវតាំងពីថ្ងៃចាប់ផ្ដើមដំបូង ដោយមានបងប្អូន៣នាក់ទៀតចូលរួមជាមួយគ្នា មានជំនាញផ្សេងៗគ្នា ជួយបំពេញគ្នា រហូតធ្វើឱ្យអាជីវកម្មនេះរឹងមាំខ្លាំងបំផុត។ ទាក់ទិននឹងបញ្ហារកស៊ីចូលហ៊ុនគ្នាជាមួយបងប្អូន ដើម្បីកុំឱ្យឈ្លោះទាស់ទែង បែកបាក់គ្នា រហូតធ្វើឱ្យបរាជ័យទាំងអាជីវកម្ម និងចំណងបងប្អូន គឺលោកបានចែករំលែកគន្លឹះចំនួ៤គឺ៖

១. ចែកតួនាទីគ្នាឱ្យដាច់ ហើយផ្ដល់សិទ្ធ គោរពគ្នា៖ គេថាបើសហការគ្នាកុំសង្ស័យ បើសិនសង្ស័យកុំសហការគ្នា ដែលបែបនេះហើយទើបរាល់ដៃគូចូលហ៊ុនសរុបទាំង៤នាក់ គឺបានបែងចែកតួនាទីគ្នាច្បាស់ៗ មិនបំពានការងារគ្នា ចេះផ្ដល់សិទ្ធ និងគោរពគ្នាទៅវិញទៅមក។

២. ធ្វើការសម្រេចចិត្តរឿងសំខាន់ៗរួមគ្នា៖ គេថាខួរក្បាលច្រើន តែងល្អជាងខួរក្បាលមួយ អ៊ីចឹងហើយទើបរាល់ពេលមានការសម្រេចចិត្តធំៗ ក្រុមរបស់លោកតែងតែចូលរួមសម្រេចចិត្តរួមគ្នា ដើម្បីឱ្យការសម្រេចចិត្តមានភាពត្រឹមត្រូវ មិនមានកំហុសនាំឱ្យខាតបង់។  

៣. ចូលរួមបង្កើតគោលការណ៍រួមគ្នាដែលជាចរិតរួមរបស់ក្រុមហ៊ុនអនុវត្តន៍ទាំងមូល៖ ចង់ដឹកនាំបែបណា ចង់មានវប្បធម៌ក្នុងការបំពេញការងារបែបណា មិនចូលចិត្តទង្វើដឹកនាំបែបណា គឺម្ចាស់ភាគហ៊ុនទាំងអស់ ត្រូវចូលរួមបង្កើតគោលការណ៍រួមគ្នា ដើម្បីបង្កើតគោលការណ៍មួយ ដែលជាចរិតរបស់ស្ថាប័នទាំងមូល ហើយចាប់ផ្ដើមអនុវត្តរួមគ្នា។

៤. កុំស្ដីបន្ទោសគ្នារាល់ពេលសម្រេចចិត្តខុស ប៉ុន្តែត្រូវជួយដោះស្រាយគ្នា និងរៀនសូត្រពីកំហុសជានិច្ច៖ កិច្ចការងារក្រុម ទោះបីប្រុងប្រយ័ត្នយ៉ាងណាក៏ជៀសមិនផុតពីការបង្កើតកំហុសដោយសារតែចន្លោះប្រហោងណាមួយជាក់ជាមិនខាន។ ដូច្នេះរាល់ពេលបុគ្គលណាម្នាក់ខុស កុំផ្ដោតលើការស្ដីបន្ទោស ប៉ុន្តែត្រូវចូលរួមដោះស្រាយជាមួយគ្នា រៀនសូត្រពីបញ្ហាទាំងនោះជាមួយគ្នា ព្រោះភាគីទាំងអស់ សុទ្ធតែជាអ្នកចូលរួមសម្រេចចិត្ត។

ជារួមមកវិញ ដើម្បីជៀសវាងការឈ្លោះបែកបាក់គ្នា ទោះបីជារកស៊ីចូលហ៊ុនជាមួយបងប្អូនគឺ ត្រូវមានភាពស្មោះត្រង់ ត្រូវជជែកគ្នាឱ្យច្រើន រៀនអធ្យាស្រ័យខ្ពស់ ជឿជាក់គ្នា គោរពគ្នា និងបង្កើននូវសាមគ្គីភាពរវាងគ្នានឹងគ្នាឱ្យបានខ្ពស់បំផុត៕ 

អត្ថបទដោយ៖ ឡុង វឌ្ឍនៈ 

 

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia