ខ្មែរ ប៊ែវីជីស ឧបត្ថម្ភអគារសិក្សាថ្មី ១ខ្នងទៀតនៅភ្នំពេញ ខណៈកន្លងទៅក្រុមហ៊ុនមេ ជីបម៉ុង ជួយវិស័យអប់រំច្រើនជាង ៧លានដុល្លារ
Sakada KhonMARCH 15 2026

ក្រុមហ៊ុន ខ្មែរ ប៊ែវីជីស មានក្រុមហ៊ុនមេ ជីប ម៉ុង ជាក្រុមហ៊ុនក្នុងស្រុកដ៏ធំបង្អស់មួយក្នុងប្រទេសកម្ពុជា បានបន្តបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស តាមរយៈការរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាថ្មី ១ខ្នង កម្ពស់ ៣ជាន់ មាន ១៥បន្ទប់ ព្រមទាំងរបងសាលា នៅសាលាបឋមសិក្សាព្រៃស ក្នុងរាជធានីភ្នំពេញ។

ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឃួន ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង។

Photo 2026 03 15 19.18.55

Photo 2026 03 15 19.19.58

នៅក្នុងឱកាសនោះ ក្រុមហ៊ុន ជីប ម៉ុង បានគូសបញ្ជាក់ថា ការសាងសង់អគារសិក្សានៅសាលាបឋមសិក្សាព្រៃសនេះ គឺជាផ្នែកមួយនៃចក្ខុវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុន ក្នុងការចូលរួមចំណែកលើវិស័យអប់រំ ដើម្បីអភិវឌ្ឍធនធានមនុស្ស ដែលជាសសរទ្រូងដ៏សំខាន់សម្រាប់ជំរុញការរីកចម្រើនរបស់ប្រទេសជាតិ។

គួររំលឹកផងដែរថា កន្លងមក ក្រោយពេលមានជម្លោះព្រំដែន ក្រុមហ៊ុន ជីប ម៉ុង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសាងសង់អគារសិក្សាថ្មីចំនួន ២ខ្នង (ស្មើនឹង ១០បន្ទប់) នៅតំបន់ជួរមុខ រួមមាន៖

  • សាលាបឋមសិក្សាគោកប្រាសាទ ក្រុងសំរោង ខេត្តឧត្តរមានជ័យ

  • សាលាបឋមសិក្សាគូរ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
    លើសពីនេះ ក្រុមហ៊ុនក៏បានសាងសង់លេណដ្ឋានសុវត្ថិភាពសម្រាប់សិស្សានុសិស្ស និងបានចូលរួមជួសជុលវត្តអារាមនានានៅតាមបណ្តោយព្រំដែន ដែលគិតជាទឹកប្រាក់សរុបមានរហូតដល់ប្រមាណជាង ៧លានដុល្លារអាមេរិក។

ថ្លែងក្នុងពិធីនោះផងដែរ ឯកឧត្តម ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តសប្បុរសធម៌ ក៏ដូចជាស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុន ជីប ម៉ុង ដែលតែងតែនៅក្បែររាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ។

ឯកឧត្តមបានបញ្ជាក់ថា ការចូលរួមរបស់ក្រុមហ៊ុនឯកជនដូចជា ជីប ម៉ុង មិនត្រឹមតែជួយសម្រាលបន្ទុករបស់រដ្ឋបាលរាជធានីក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធអប់រំប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់អនាគតកុមារកម្ពុជា ឱ្យទទួលបានការរៀនសូត្រក្នុងបរិយាកាសសមរម្យ និងសុវត្ថិភាព។

Photo 2026 03 15 19.20.03

Photo 2026 03 15 19.20.52

Photo 2026 03 15 19.20.56

អគារសិក្សាថ្មីនៅសាលាបឋមសិក្សាព្រៃសនេះ នឹងក្លាយជាសមិទ្ធផលថ្មីស្រឡាងមួយទៀត សម្រាប់បម្រើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមូលដ្ឋាន ដើម្បីបណ្ដុះបណ្ដាលចំណេះដឹងឱ្យកាន់តែប្រសើរឡើង ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕

Photo 2026 03 15 19.22.02

Photo 2026 03 15 19.22.29

Photo 2026 03 15 19.22.51

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia