ក្រោយផ្អាកដំណើរការតាំងពីវិបត្តិ Fukushima ឆ្នាំ២០១១ ប្រទេសជប៉ុនបានសម្រេចបើកដំណើរការរោងចក្រ Kashiwazaki-Kariwa ឡើងវិញនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ដែលជាកន្លែងផលិតថាមពលនុយក្លេអ៊ែរធំបំផុតលើពិភពលោក មានម៉ាស៊ីនប្រតិកម្មចំនួន ៧ និងសមត្ថភាពផលិតរហូតដល់ ៨.២ ជីហ្គាវ៉ាត់។ នេះបើយោងតាមការឲ្យដឹងពីសារព័ត៌មាន Reuters។
ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនអគ្គិសនីតូក្យូ TEPCO បានកែលម្អប្រព័ន្ធសុវត្ថិភាពយ៉ាងតឹងរ៉ឹងបំផុត រហូតទទួលបានការដកបម្រាមពីអាជ្ញាធរបទប្បញ្ញត្តិនុយក្លេអ៊ែរ (NRA) កាលពីចុងឆ្នាំ២០២៣។ ហើយកាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅ ក្រុមហ៊ុនក៏បានបញ្ចប់ដំណាក់កាលបញ្ចូលឥន្ធនៈក្នុងម៉ាស៊ីនប្រតិកម្មលេខ ៧ ដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ការផលិតថាមពល។
យ៉ាងណាមិញ មូលហេតុចម្បងនៃការបើកដំណើរការម្តងទៀតនេះ គឺដើម្បីពង្រឹងសន្តិសុខថាមពលជាតិ កាត់បន្ថយការនាំចូលឥន្ធនៈផូស៊ីលដែលមានតម្លៃថ្លៃ និងដើម្បីសម្រេចគោលដៅ "Carbon Neutral" ត្រឹមឆ្នាំ២០៥០។ រដ្ឋាភិបាលជប៉ុនជឿជាក់ថា ថាមពលនុយក្លេអ៊ែរនឹងជួយឱ្យតម្លៃអគ្គិសនីមានស្ថិរភាព និងផ្ដល់ប្រភពថាមពលស្អាតសម្រាប់សេដ្ឋកិច្ចជាតិ។
គួររំលឹកផងដែរថា រោងចក្រនេះត្រូវបានបិទទ្វារអស់រយៈពេល ១៤ឆ្នាំមកហើយ ដោយសារវិបត្តិគ្រោះមហន្តរាយនុយក្លេអ៊ែរនៅរោងចក្រ Fukushima Daiichi កាលពីឆ្នាំ ២០១១ ដែលបង្កឡើងដោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ។ ព្រឹត្តិការណ៍ដ៏អាក្រក់នោះបានធ្វើឱ្យរដ្ឋាភិបាលជប៉ុនសម្រេចបិទរោងចក្រនុយក្លេអ៊ែរទូទាំងប្រទេសភ្លាមៗ ដើម្បីត្រួតពិនិត្យស្តង់ដារសុវត្ថិភាពឡើងវិញយ៉ាងតឹងរ៉ឹងបំផុត និងដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភយ៉ាងខ្លាំងរបស់សាធារណជនជុំវិញហានិភ័យនៃវិទ្យុសកម្ម៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម
https://t.me/BusinessCambodiaBook


