ដំណឹងល្អ! ខេត្ដកំពង់ធំទទួលបានគម្រោងវិនិយោគថ្មីតម្លៃ ៤០ លានដុល្លារ
Bunthoeun KoemJUNE 14 2026836 views

ដំណឹងល្អសម្រាប់បងប្អូនអ្នកខេត្ដកំពង់ធំ ខណៈខេត្ដនៅជាប់បឹងទន្លេសាបមួយនេះ ទទួលបានគម្រោងវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជសត្វស្វា ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែឧសភា ឆ្នាំ២០២៦ កន្លងទៅ។

 

យោងតាចសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១១ ខែមិថុនា គម្រោងបង្កើតកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជសត្វស្វានេះ មានទីតាំងស្ថិតនៅស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ មានទុនវិនិយោគសរុប ៤០ លានដុល្លារ។ នៅពេលបើកដំណើរការ គម្រោងដ៏ធំនេះក៏នឹងបង្កើតឱកាសការងារបានចំនួន ២៨២ កន្លែងជូនពលរដ្ឋនៅក្នុងតំបន់ផងដែរ។

 

រំលឹកថា កាលពីដើមឆ្នាំ២០២៦ កន្លងទៅ ក្រុមហ៊ុន Charles River Laboratories (CRL) ដែលជាក្រុមហ៊ុនអាម៉េរិកឈានមុខគេលើពិភពលោកក្នុងវិស័យស្រាវជ្រាវវេជ្ជសាស្ត្រនិងជីវសាស្ត្រ បានបើកដំណើរការគម្រោងវិនិយោគចិញ្ចឹមស្វាសម្រាប់ការនាំចេញ និងយុទ្ធសាស្ត្រថ្មីៗ នៅក្នុងទឹកដីខេត្តកំពង់ធំរបស់កម្ពុជានេះផងដែរ ដែលបានបោះទុនរហូតដល់ ៥០០ លានដុល្លារអាម៉េរិកឯងណោះ។

 

ជាមួយគ្នានេះដែរ តាមការបញ្ជាក់ពីឯកឧត្ដម នួន ផារ័ត្ន អភិបាល និងគណៈអភិបាលខេត្ដកំពង់ធំ កាលពីថ្ងៃទី៩ ខែមិថុនា បានឲ្យដឹងថា ក្រុមហ៊ុនរបស់ប្រទេសកូរ៉េចំនួន ៤ បានសម្រេចដាក់ទុនវិនិយោគគម្រោងចំនួន ៥ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ខណៈឯកឧត្ដមរំពឹងថា គម្រោងទាំង ៥ នេះ អាចនឹងលេចចេញជារូបរាងបានឆាប់រហ័ស នៅលើទឹកដីខេត្តកំពង់ធំផងដែរ។ 

 

សូមជម្រាបថា ខេត្តកំពង់ធំ មានសក្ដានុពលស្នូលលើវិស័យកសិកម្ម-ឧស្សាហកម្ម ដោយជាតំបន់ដាំដុះដំណាំស្វាយចន្ទី កៅស៊ូ និងស្រូវធំជាងគេមួយ ទេសចរណ៍វប្បធម៌-ប្រវត្តិសាស្ត្រ (ជាពិសេសប្រាសាទសំបូរព្រៃគុកដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក) និងទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រ ស្ថិតនៅចំកណ្តាលប្រទេសងាយស្រួលតភ្ជាប់ទៅកាន់បណ្តាខេត្តនានា៕

 

719099111 122276197514248245 4382593112653995386 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia