ដំណឹងល្អ សម្រាប់អ្នកខេត្ដកំពង់ស្ពឺ ខណៈថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទើបនឹងអនុម័តគម្រោងរោងចក្រផលិតដើមណូអែល គ្រឿងលម្អ និងគ្រឿងបន្លាស់ដើមណូដែលគ្រប់ប្រភេទតម្លៃ ១០,១ លានដុល្លារ ដែលវិនិយោគដោយក្រុមហ៊ុន Regal Collections Co., LTD ឲ្យបើកដំណើរការនៅក្នុងខេត្ដដ៏មានសក្ដានុពលមួយនេះ។
យោងតាមការចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា គម្រោងរោងចក្រផលិតដើមណូអែល គ្រឿងលម្អ និងគ្រឿងបន្លាស់ដើមណូដែលគ្រប់ប្រភេទ គឺមានទីតាំងស្ថិតនៅភូមិ ត្រពាំងក្រឡឹង ឃុំគិរីវន្ដ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។ នៅពេលបើកដំណើរការគម្រោងរោងចក្រថ្មីនេះ នឹងបង្កើតឱកាសការងារចំនួន ៥៦០កន្លែង ជូនពលរដ្ឋនៅក្នុងតំបន់ផងដែរ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ទើបនឹងអនុម័តគម្រោងរោងចក្រផលិតក្រដាសកាតុង តម្លៃប្រមាណ ១៤,១លានដុល្លារ ដែលវិនិយោគដោយក្រុមហ៊ុន Rongfa Paper Industry Co., Ltd និងអាចបង្កើតការងារបានចំនួន ២៧២កន្លែង។
គួរជម្រាបផងដែរថា គិតចាប់តាំងពីខែកមរា រហូតដល់ខែសីហា ឆ្នាំ២០២៥ ខេត្ដកំពង់ស្ពឺទទួលបានគម្រោងវិនិយោគសរុបចំនួន ១១៧ គម្រោង ដែលច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមរបាយការណ៍ដែលចេញដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីពេលកន្លងទៅ៕