ក្រុមហ៊ុនចិនប្រមាណជាង៤២ដែលមកពីឧស្សាហកម្មផ្សេងៗគ្នា បានបង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺក្នុងទំហំទឹកប្រាក់យ៉ាងច្រើននាពេលខាងមុខ។ នេះបើតាមការបង្ហើបឲ្យដឹងពីឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ដកំពង់ស្ពឺ នៅក្នុងឱកាសដែលឯកឧត្ដមបានដឹកនាំប្រតិភូជួបជាមួយអ្នកតំណាងមកពីក្រុមហ៊ុន សហគ្រាសចិនចំនួន ៤២ ក្រុមហ៊ុន ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នៅទីក្រុងណាននិង សាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថាប្រតិភូខេត្តបានជួបជាមួយតំណាងក្រុមហ៊ុន សហគ្រាសចំនួន៤២ក្រុមហ៊ុន ដោយបង្ហាញពីសក្តានុពលសំបូរបែប និងចំនួនអ្នកវិនិយោគយ៉ាងច្រើនដែលបានបោះទុនរកស៊ីក្នុងខេត្តកំពង់ស្ពឺ។ក្នុងនោះតំណាងក្រុមហ៊ុន សហគ្រាសទាំងអស់បានសន្យាថានឹងមកទស្សនៈកិច្ចស្វែងយល់និងបោះទុនរកស៊ីក្នុងខេត្តនេះក្នុងពេលឆាប់ៗខាងមុខ។
ឯកឧត្តមបណ្ឌិតបញ្ជាក់ថា ក្រុមហ៊ុន សហគ្រាសទាំង៤២ដែលមានបំណងដាក់ទុនរកស៊ីក្នុងខេត្តកំពង់ស្ពឺគឺផ្តោតលើវិស័យចំនួន៩ក្នុងនោះ ១-កសិកម្ម និងកែច្នៃកសិផល ២-ឧស្សាហកម្មនិងផលិតកម្ម ៣-សំណង់ និងសម្ភារៈសំណង់ ៤-ទេសចរណ៍ និងវប្បធម៌ ៥-វិនិយោគ និងពាណិជ្ជកម្ម ៦-បច្ចេកវិទ្យា និងឌីជីថល ៧-រ៉ែ ៨-ឡូជីស្លឹក និងដឹកជញ្ជូននិង៩-ថាមពលថ្មី និងបរិស្ថាន។
ទោះជាយ៉ាងណា អភិបាលខេត្តកំពង់ស្ពឺឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ ក៏បានលើកឡើងថា ក្នុងចំណោមក្រុមហ៊ុន សហគ្រាសដែលចាប់អារម្មណ៍លើខេត្តកំពង់ស្ពឺនេះ មានមួយចំនួនជាអ្នកវិនិយោគដែលមានស្រាប់ដែលកំពុងស្វែងរកការពង្រីកប្រតិបត្តិការរបស់ខ្លួន ខណៈដែលក្រុមហ៊ុនខ្លះទៀតជាអ្នកចំណូលថ្មីគ្រោងនឹងបង្កើតរោងចក្រនៅក្នុងខេត្តនេះ។ហើយដើម្បីគាំទ្រល់លំហូរនៃការវិនិយោគរបស់ធុរជនចិនដ៏មានសក្តានុពលនេះ អភិបាលខេត្តបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្តក្នុងការបង្កើតបរិយាកាសស្វាគមន៍យ៉ាងកក់ក្តៅ ដោយក្នុងនោះនឹងមានការរៀបចំបដិសណ្ឋារកិច្ចសម្រាប់អ្នកវិនិយោគទាំងនេះ ហើយធានាទាំងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការសម្រួបសម្រួលលើគ្រប់នីតិវិធីផ្សេងៗ។

សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺគិតមកទល់ថ្ងៃនេះ ខេត្តមានវត្តមានឧស្សាហកម្មដ៏រឹងមាំរួចហើយ ដោយក្នុងនោះមានរោងចក្រនិងសហគ្រាសប្រមាណជិត៣ពាន់រោងចក្រ សហគ្រាសនិងមានកម្មករ កម្មការិនីប្រមាណជាង៤០ម៉ឺននាក់ នោះនៅមិនទាន់គិតបងប្អូនដែលកំពុងបំពេញការងារនៅតាមកសិដ្ឋានចិញ្ចឹមសត្វនិងចំការនានាទៀតផង។ទន្ទឹមនិងការកើនឡើងនៃរោងចក្រ សហគ្រាសទាំងនេះ គឺបាននិងកំពុងស្រូបយកកម្លាំងពលកម្មយ៉ាងសំខាន់ពីតាមបណ្តាខេត្តជុំវិញ ដែលធានាជួយពង្រឹងសេដ្ឋកិច្ចក្នុងតំបន់បន្ថែមទៀត។បន្ថែមពីនេះ ខេត្តកំពង់ស្ពឺនឹងក្លាយជាទិសដៅសំខាន់សម្រាប់គម្រោងឧស្សាហកម្ម និងផលិតកម្មនៅកម្ពុជា។ហើយប្រសិនបើសម្រេចបានការវិនិយោគទាំងនេះ ត្រូវបានគេរំពឹងថា នឹងបង្កើតឱកាសការងារបន្ថែមរាប់ម៉ឺនកន្លែង និងពង្រឹងឋានៈខេត្តជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយនៅកម្ពុជាផងដែរ៕




