នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ដោយកម្មវិធីនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត លោក អាន់តូនី ហ្គីល តំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។
តាមការបញ្ជាក់ពីក្រសួងសាធារណការ គម្រោងនេះគ្របដណ្ដប់លើផ្ទៃដីសរុបចំនួន ២៤៧ហិកតា ស្ថិតនៅក្នុងសង្កាត់ចំនួន៤ នៃក្រុង កំពង់ឆ្នាំង រួមមាន សង្កាត់ផ្សារឆ្នាំង សង្កាត់កំពង់ឆ្នាំង សង្កាត់ប្អៀរ និងសង្កាត់ខ្សាម ដែលមានផ្ទៃដីសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ទំហំ១៥ហិកតា ប៉ុន្តែបច្ចុប្បន្ននេះដីប្រើប្រាស់សម្រាប់ការសាងសង់អស់ ៤,៥ហិកតា។
ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ដែលបានស្ថាបនារួច និងត្រៀមដាក់ឱ្យប្រើប្រាស់នាពេលនេះ មានសមត្ថភាពចម្រុះទឹកកខ្វក់បានចំនួន ៥ ៤០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ហើយបានតភា្ជប់បណ្ដាញទឹកកខ្វក់តាមផ្ទះបងប្អូនប្រជាពលរដ្ឋ និងអគារការិយាល័យផ្សេងៗចំនួន ៥០០ទីតាំង និងសាងសង់បង្គន់អនាម័យដល់គ្រួសារក្រីក្រចំនួន ១ ២៩៣ទីតាំង និងបណ្ដាញលូមេ-លូរងតាមលំហូរធម្មជាតិ ដែលទាំងនេះនឹងក្លាយជាសមិទ្ធផលមួយរួមចំណែកលើកកម្ពស់សុខុមាលភាព និងអនាម័យបរិស្ថានសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពង់ឆ្នាំង។
គួរជម្រាបផងដែរថា អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងនេះ គឺជាគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ដែលបានចាប់ផ្តើមសាងសង់នៅខែសីហា ឆ្នាំ២០២២ ក្រោមកម្ចីហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងទំហំទឹកប្រាក់ជាង ១៩លានដុល្លារ និងបានសាងសង់រួចរាល់ នៅខែមករា ឆ្នាំ២០២៥៕