រដ្ឋបាលខេត្តកំពង់ចាម បាននិងកំពុងរៀបចំផែនការដំឡើងអំពូល និងបង្គោលភ្លើងបំភ្លឺសាធារណៈប្រមាណជិត ៤ម៉ឺនបង្គោល នៅតាមដងផ្លូវទូទាំងក្រុងកំពង់ចាម ដើម្បីបង្កើនសោភណភាពក្នុងក្រុង និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនាពេលរាត្រី។
ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា គម្រោងដំឡើងបង្គោលភ្លើងសាធារណៈនេះ មានគោលដៅបំពាក់នៅតាមដងផ្លូវនានាក្នុងក្រុង។ បច្ចុប្បន្ន រដ្ឋបាលខេត្តអនុវត្តដំឡើងបានជាង ៣,០០០បង្គោលហើយ។
ដើម្បីឲ្យការងារនេះដំណើរការបានឆាប់រហ័ស និងមានប្រសិទ្ធភាព ថ្មីៗនេះរដ្ឋបាលខេត្តកំពង់ចាមក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយអង្គភាពអគ្គិសនីកម្ពុជា (EDC) និងក្រសួងរ៉ែ និងថាមពល ដើម្បីកិច្ចសហប្រតិបត្តិការក្នុងការបន្តរៀបចំ និងដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវទាំងនោះបន្ថែមទៀត៕


