ភ្នំពេញ, ថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០២៦ – ធនាគារ អ៊ូរី ដែលជាធនាគារពាណិជ្ជនាំមុខមួយគេមួយនៅកម្ពុជា និងជាសមាជិក នៃ Woori Financial Group បានប្រកាសអំពីការតែងតាំង លោក Ju Sug Kang ជាអគ្គនាយកប្រតិបត្តិថ្មី របស់ធនាគារ។ ការតែងតាំងនេះទទួលបានការអនុម័តពីធនាគារជាតិកម្ពុជា និងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ ២០២៦ ។

លោក Kang នាំមកនូវបទពិសោធន៍ធនាគារយ៉ាងទូលំទូលាយជាង ២៨ ឆ្នាំ ពីធនាគារ អ៊ូរី កូរ៉េ (Woori Bank Korea) ដែលជាកន្លែងលោកបានកសាងជំនាញស៊ីជម្រៅលើផ្នែកយុទ្ធសាស្ត្រសកល ធនធានមនុស្ស ការបណ្តុះបណ្តាល និងការអភិវឌ្ឍអង្គភាព។ តួនាទីដឹកនាំរបស់លោក បានគ្របដណ្តប់លើប្រតិបត្តិការអន្តរជាតិជាច្រើននៅក្នុងបណ្តាញធនាគារ អ៊ូរី រួមទាំងទំនួលខុសត្រូវសំខាន់ៗនៅធនាគារ អ៊ូរី ចិន (Woori Bank China) ដែលផ្ដល់ឱ្យលោកនូវការយល់ដឹងស៊ីជម្រៅអំពីនិន្នាការធនាគារទាំងក្នុងតំបន់ និងសកលលោក។ សមត្ថភាពដែលត្រូវបានទទួលស្គាល់របស់លោក ក្នុងការគ្រប់គ្រងមុខងារធនាគារដ៏ស្មុគស្មាញ និងការដឹកនាំគំនិតផ្តួចផ្តើមផ្លាស់ប្តូរជាយុទ្ធសាស្ត្រ ធ្វើឱ្យលោកមានលក្ខណៈសម្បត្តិយ៉ាងល្អប្រសើរ ក្នុងការដឹកនាំធនាគារ អ៊ូរី (ខេមបូឌា) ម.ក ឈានទៅរកដំណាក់កាលបន្ទាប់នៃកំណើន និងការរីកចម្រើនផ្នែកហិរញ្ញវត្ថុឌីជីថល។
ក្នុងនាមជាអគ្គនាយកប្រតិបត្តិ (CEO) លោក Kang នឹងត្រួតពិនិត្យលើទិសដៅយុទ្ធសាស្ត្រ ប្រសិទ្ធភាពប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងពង្រីកខ្លួនរយៈពេលវែង ដោយផ្អែកលើការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្ត និងផ្តោតលើអតិថិជនជាចម្បងនៅទូទាំងប្រទេសកម្ពុជា។
ការប្ដេជ្ញារបស់ អគ្គនាយកប្រតិបត្ដិ ចំពោះយុទ្ធសាស្ដ្រ ឆ្នាំ២០២៦
ក្នុងចក្ខុវិស័យសម្រាប់ឆ្នាំ ២០២៦ លោក Kang បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់លោក ក្នុងការពង្រឹងបរិវត្តកម្មដែលផ្តោតលើអតិថិជនជាចម្បងរបស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក។ លោកបានគូសបញ្ជាក់ថា ធនាគារនឹងផ្តល់អាទិភាពដល់ការអនុវត្តការផ្តល់ឥណទានដែលមានគុណភាពខ្ពស់ និងប្រកបដោយចីរភាព ដើម្បីធានានូវស្ថិរភាពហិរញ្ញវត្ថុរយៈពេលវែងសម្រាប់អតិថិជន។ លោក Kang ក៏បានសន្យាផងដែរ ក្នុងការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធមូលនិធិផ្ទៃក្នុងរបស់ធនាគារ ដើម្បីឱ្យអតិថិជនទទួលបានអត្ថប្រយោជន៍ពីដំណោះស្រាយហិរញ្ញវត្ថុដែលមានលក្ខណៈប្រកួតប្រជែង និងផ្ដល់តម្លៃបន្ថែមខ្ពស់។ បន្ថែមលើនេះ លោកបានបញ្ជាក់សារជាថ្មីអំពីការផ្តោតអារម្មណ៍លើការកែលម្អបទពិសោធន៍ធនាគារឌីជីថល និងធ្វើឲ្យអតិថិជនឱ្យកាន់តែមានភាពងាយស្រួល តាមរយៈគុណភាពសេវាកម្មកម្រិតខ្ពស់។ ចំណុចស្នូលនៃការប្តេជ្ញាចិត្តរបស់លោក គឺការយកចិត្តទុកដាក់ខ្ពស់របស់ធនាគារ ក្នុងការរក្សានូវស្តង់ដារផលប័ត្រឥណទានគុណភាពខ្ពស់ ដើម្បីធានាបាននូវបរិយាកាសហិរញ្ញវត្ថុដែលមានសុវត្ថិភាព ភាពធន់ និងគួរឱ្យទុកចិត្តសម្រាប់ភាគីពាក់ព័ន្ធទាំងអស់។
ប្រសាសន៍របស់លោក អគ្គនាយកប្រតិបត្ដិ
ក្នុងឱកាសនៃការតែងតាំងនេះ លោក Ju Sug Kang បានមានប្រសាសន៍ថា៖
“ខ្ញុំមានកិត្តិយសយ៉ាងជ្រាលជ្រៅក្នុងការដឹកនាំ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ។ ក្នុងនាមជាធនាគារដែលមានសុវត្ថិភាពបំផុតមួយ យើងនឹងបោះជំហានទៅមុខ ដើម្បីក្លាយជាធនាគារដ៏ឆ្នើមបំផុតពិតប្រាកដ។ ក្នុងអំឡុងពេលនៃបរិវត្តកម្មដ៏សំខាន់ សម្រាប់ទាំងធនាគារ និងវិស័យហិរញ្ញវត្ថុរបស់កម្ពុជាទាំងមូល។ អាទិភាពរបស់យើងក្នុងឆ្នាំ ២០២៦ គឺសាមញ្ញតែមានឥទ្ធិពល — នោះគឺការដាក់អតិថិជនជាបេះដូងនៃរាល់ការសម្រេចចិត្តរបស់យើង។ យើងនឹងពង្រឹងគុណភាពនៃឥណទាន ដោយធានានូវគុណភាពសេវាកម្ម និងភាពរហ័សទាន់ចិត្តតាមរយៈនវានុវត្តន៍ ព្រមទាំងផ្តល់ជូននូវបទពិសោធន៍ឌីជីថលដ៏រលូន ដែលជួយសម្រួលដល់ដំណើរ និងភាពងាយស្រួលរបស់អតិថិជន។ រួមជាមួយក្រុមការងារដែលប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ខ្ញុំប្តេជ្ញាកសាងអនាគតហិរញ្ញវត្ថុដែលមានសុវត្ថិភាពជាងមុន វៃឆ្លាតជាងមុន និងមានបរិយាបន្នជាងមុន សម្រាប់អតិថិជនរបស់យើងទាំងអស់នៅទូទាំងប្រទេសកម្ពុជា”p

អំពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក.
ធនាគារ អ៊ូរី (ខេមបូឌា) ម.ក “ធនាគារ អ៊ូរី” បានសម្រេចបាននូវសមិទ្ធិផលសំខាន់ៗក្នុងអំឡុងរយៈពេល ៣០ ឆ្នាំ ដែលធនាគារបានប្រតិបត្តិការនៅកម្ពុជា។ ចាប់ផ្តើមពីកម្មវិធីផ្តល់ហិរញ្ញប្បទាននៅឆ្នាំ ១៩៩០ ស្ថាប័នបានទទួលអាជ្ញាប័ណ្ណប្រតិបត្តិការជាស្ថាប័នមីក្រូហិរញ្ញវត្ថុនៅឆ្នាំ ២០០៤។ បន្ទាប់មកក៏បានក្លាយជាស្ថាប័នមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើរនៅឆ្នាំ ២០១១ និងពង្រីកបណ្តាញសាខាទូទាំងប្រទេស តាមរយៈការរួមបញ្ចូលជាមួយ Woori Finance Cambodia Plc. នៅឆ្នាំ ២០២០។
នៅខែវិច្ឆិកា ឆ្នាំ ២០២១ ធនាគារជាតិ នៃកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណធនាគារពាណិជ្ជ និងបានចាប់ផ្តើមប្រតិបត្តិការជាធនាគារពេញលេញនៅខែមករា ឆ្នាំ ២០២២។ ការផ្លាស់ប្តូរនេះបានអនុញ្ញាតឲ្យធនាគារផ្តល់ជូនផលិតផល និងសេវាធនាគារពាណិជ្ជកម្មគ្រប់ប្រភេទដល់អតិថិជនជុំវិញប្រទេស។
ត្រឹមខែធ្នូ ឆ្នាំ ២០២៥ ធនាគារ អ៊ូរី មានសាខា ១៤០ កន្លែង បុគ្គលិកជាង ៣,៤០០ នាក់ និងបម្រើអតិថិជនលើស ៥៥១,០០០ នាក់ ទ្រព្យសកម្មសរុបជាង១.៣ ពាន់លានដុល្លារ ផលប័ត្រប្រាក់កម្ចីជិត ១ ពាន់លានដុល្លារ និងប្រាក់បញ្ញើអតិថិជន ៧៣៩ លានដុល្លារ។
ធនាគារ អ៊ូរី គឺជាបុត្រសម្ព័ន្ធដែលកាន់កាប់ពេញលេញ (ភាគហ៊ុន ១០០%) ដោយធនាគារ អ៊ូរី កូរ៉េ (Woori Bank Korea) ដែលជាក្រុមហ៊ុនមេដែលមានបណ្តាញសកលក្នុង ២៤ ប្រទេស និងមាន ៤៦៦ សាខានៅទូទាំងពិភពលោក។ ធនាគារ អ៊ូរី កូរ៉េ គឺជាសមាជិកនៃ Woori Financial Group ដែលមានទ្រព្យសកម្មសរុបគិតត្រឹមខែធ្នូ ឆ្នាំ ២០២៥ ចំនួន ៤៦២,៧ ពាន់លានដុល្លារអាមេរិក និងមានចំណាត់ថ្នាក់ឥណទានប្រកបដោយស្ថិរភាព (កម្រិត A+ ដោយ S&P, កម្រិត A1 ដោយ Moody’s, កម្រិត A ដោយ Fitch និងកម្រិត AAA ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងប្រទេសកូរ៉េ)។
“ធនាគារ អ៊ូរី , ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!”


