អបអរសាទរ ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ និងខេត្ដត្បូងឃ្មុំ ខណៈខេត្ដទាំងពីរនេះ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រថ្មីតម្លៃសរុបជិត ៣០ លានដុល្លារ និងអាចបង្កើតឱកាសការងារចំនួន ១,២៦១កន្លែងជូនពលរដ្ឋនៅក្នុងតំបន់ផងដែរ។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ក្រុមហ៊ុនទាំងពីរនោះរួមមាន៖
១. ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលភ្លើងអម្អ និងសម្ភារៈបរិក្ខារលម្អគ្រប់ប្រភេទ ក្នុងទំហំទុនវិនិយោគប្រមាណ ២១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.១២០កន្លែង។

២. ខេត្តត្បូងឃ្មុំ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃកៅស៊ូ ក្នុងទំហំទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១៤១កន្លែង។

គួរជម្រាបថា ក្នុងខែមេសា ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជាទាំងការចុះបញ្ជី ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.1.ខ.) មានចំនួន ៤២គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២២២លានដុល្លារអាម៉េរិក និង អាចបង្កើតការងារសរុបប្រមាណ ២៤ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំង ៤២នេះ មានគម្រោង វិនិយោគចំនួន ២៣គម្រោង (ក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៣គម្រោង, ក្នុងតំបន់សេដ្ឋកិច្ចពិសេស ចំនួន ១០គម្រោង) ត្រូវបានចុះបញ្ជីដោយ ក.អ.ក. ក្នុងទំហំទុនវិនិយោគប្រមាណ ១៥៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ១៨ពាន់កន្លែង៕


