ក្រុមហ៊ុនចិន ជ្រើសយកខេត្ដ ១ នេះ ដើម្បីសង់រោងចក្រផលិតឧស្ម័នទាញចេញពីខ្យល់តម្លៃ ១០ លានដុល្លារ
Bunthoeun KoemAUGUST 2 2026497 views

នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន ជីនឌីង អ៊ែរលីគ្វីហ្វេកសិន (ខេមបូឌា) ឯ.ក (Jinding Air Liquefaction (Cambodia) Co., Ltd.) បានបើកការដ្ឋានសាងសង់គម្រោងបំបែកខ្យល់ទ្រង់ទ្រាយធំ (ផលិតឧស្ម័នទាញចេញពីខ្យល់)។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត គណៈគ្រប់គ្រងសួនឧស្សាហកម្ម ដៃគូសហការ តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនដំឡើងនានា ព្រមទាំងសហការី និងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។

 

761779783 1967992730543566 7342457808205990256 N

លោក ចេន ចុងហួយ ប្រធានក្រុមហ៊ុន ជីនឌីង អ៊ែរលីគ្វីហ្វេកសិន (ខេមបូឌា) បានសម្តែងការគោរពដ៏ខ្ពង់ខ្ពស់បំផុត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាគ្រប់លំដាប់ថ្នាក់ គណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជារដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបានផ្តល់ការគាំទ្រ និងយកចិត្តទុកដាក់យ៉ាងខ្លាំងក្លារយៈពេលវែង ចំពោះការអនុវត្តគម្រោងស្នូលមួយនេះ ដែលជួយឱ្យកម្ពុជាអាចសម្រេចបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់ដោយខ្លួនឯងនៅក្នុងស្រុក នូវឧស្ម័នស្នូលសំខាន់ៗ រួមមាន៖ អុកស៊ីសែនរាវ អាសូតរាវ និងអាហ្គុងរាវ ដែលជា «សរសៃឈាម» នៃឧស្សាហកម្មទំនើប និងជួយកាត់បន្ថយការនាំចូលពីបរទេស។

 

761319509 1967992140543625 7835669266011292671 N

 

លោកបានបន្តថា គម្រោងរោងចក្រផលិតឧស្ម័ននេះ មានទុនវិនិយោគសរុបជាង ១០លានដុល្លារអាមេរិក ដែលជាគម្រោងឧស្សាហកម្មឧស្ម័នខ្នាតធំដំបូងគេបង្អស់ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចអន្តរជាតិជិនឆឹង ខេត្តកំពង់ស្ពឺ។ ថវិកាវិនិយោគទាំងអស់នេះ ត្រូវបានប្រើប្រាស់សម្រាប់ការទិញដី សាងសង់រោងចក្រ ព្រមទាំងបំពាក់ឧបករណ៍បច្ចេកវិទ្យាផលិតដ៏ទំនើប និងប្រព័ន្ធបញ្ជាស្វ័យប្រវត្តិ (Automatic Control System)។ មុននឹងឈានដល់ការសម្រេចចិត្តវិនិយោគដ៏ធំនេះ ក្រុមហ៊ុនបានចំណាយពេលសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់លើគម្រោងនេះអស់រយៈពេល ៥ខែ ពោលគឺចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៦ មកម្ល៉េះ។

 

នៅក្នុងនោះដែរ ការជ្រើសយកខេត្តកំពង់ស្ពឺជាខេត្តគោលដៅគឺដោយសារតែខេត្តនេះមានសក្តានុពលសំបូរបែប ទីតាំងភូមិសាស្ត្រអំណោយផលដល់ការដឹកជញ្ជូន និងមានកម្លាំងពលកម្មគ្រប់គ្រាន់សម្រាប់បម្រើដល់ដំណើរការផលិតកម្ម ហើយពិសេសជាងនេះគឺគោលនយោបាយដឹកនាំរបស់ថ្នាក់ដឹកនាំខេត្តមានលក្ខណៈល្អប្រសើរ មានសុខសុវត្ថិភាពគ្រប់គ្រាន់សម្រាប់អ្នកវិនិយោគទុន។

 

763355729 28072771442411324 1039275570918366545 N

 

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ជីនឌីង អ៊ែរលីគ្វីហ្វេកសិន (ខេមបូឌា) ឯ.ក ដែលបានសម្រេចចិត្តបោះទុនវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានគូសបញ្ជាក់ថា វត្តមានរបស់រោងចក្រផលិតឧស្ម័នឧស្សាហកម្មខ្នាតធំដំបូងគេបង្អស់នេះ មិនត្រឹមតែជួយបំពេញចន្លោះខ្វះខាតនៃការផ្គត់ផ្គង់ឧស្ម័នរាវក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករយ៉ាងសំខាន់ក្នុងការទាក់ទាញរោងចក្រ ឧស្សាហកម្មធុនធ្ងន់ និងទំនើបៗដទៃទៀត ឱ្យចូលមកវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺកាន់តែច្រើនឡើង ដោយសារតែយើងមានប្រភពផ្គត់ផ្គង់វត្ថុធាតុដើមយុទ្ធសាស្ត្រច្បាស់លាស់ និងមានតម្លៃសមរម្យ។

 

សូមជម្រាបថា ក្រុមហ៊ុនJINDING AIR LIQUEFACTION (CAMBODIA) CO., LTD គឺជាក្រុមហ៊ុនដំបូងគេបង្អស់ដែលដាក់ទុនវិនិយោគលើឧស្ម័នអ៊ីត្រូសែន កាបូន និងអុកស៊ីសែន ដើម្បីបម្រើឱ្យវិស័យចំនួនបីគឺឧស្សាហកម្ម កសិកម្មនិងសុខាភិបាល ដែលប្រភពវត្ថុធាតុដ៏ធំសម្រាប់ទ្រទ្រង់ដល់ការផលិតគឺខ្យល់បរិយាកាសធម្មជាតិ៕

 

761597579 1967992447210261 4262484212102196773 N

760827480 1967992213876951 3545019139483391867 N

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia