ជនជាតិជប៉ុន ពូកែទាក់ទាញមនុស្ស ឱ្យចូលចិត្តធ្វើការរកស៊ីជាមួយ ព្រោះរឿង៥យ៉ាងនេះ
Ping Chou EngAUGUST 14 2024501 views

ជនជាតិជប៉ុនត្រូវបានគេឱ្យតម្លៃនិយាយពីមាត់មួយទៅមាត់មួយថាជាតិសាសន៍មួយនេះមានវិន័យនិងទម្លាប់ ទោះទៅដល់ទីណាក៏មានការគោរពដែរ។

 

ប្រទេសដែលមានបណ្តោយវែងសន្ធឹង ប្រជុំទៅដោយដែនកោះ មួយនេះមានប្រជាជនប្រមាណជាង ១២៥.៨ លាននាក់ (សិ្ថតិឆ្នាំ ២០២០) មានប្រព័ន្ធអប់រំខ្លាំងបំផុតមួយនៅអាស៊ី ដោយជនជាតិនេះ ត្រូវបានគេទទួលស្គាល់ថាពូកែទាក់ទាញមនុស្សឱ្យចូលចិត្តធ្វើការងារនិងវិនិយោគជាមួយខ្លាំងបំផុតដោយសារឿងទាំង៥​យ៉ាងនេះ។

 

១.ការឪនក្បាលគោរព៖ ជប៉ុនមានវប្បធម៍មួយគឺឱនក្បាលគោរពគ្នាទៅវិញទៅមក។ ការឱនក្បាលត្រូវបានគេប្រើជាមធ្យោបាយ នៃការបង្ហាញការគោរព​​ ចំពោះ​មនុស្សដែលខ្លួនបានជួបជាលើកដំបូង ។ ដូច្នេះហើយបានជាជំ​នួបនានាមិនថាដៃគូសហការរកស៊ី ដៃគូវិនិយោគ គឺតែងតែពេញចិត្តនូវសីលធម័រស់នៅរបស់ជនជាតិនេះ​។ មិនត្រឹមតែប៉ណ្ណោះកាយវិការនេះក៏បង្ហាញអំពីការដឹងគុណ និងសុំទោសផងដែរ។

 

២. គិតប្រយោជន៍រួមជាធំ៖ នៅក្នុងក្រុមហ៊ុននានារបស់ជប៉ុនគេ ពួកគេចូលចិត្តគិតប្រយោជន៍រួមជាធំ រាល់ពេលដែលមានវិបត្តិម្ដងៗប្រជាជនជប៉ុនស្រុះដៃស្រុះជើងជួយគ្នាខ្លាំងណាស់ មិនថាជាលុយកាក់ ឬការសាងសង់ហេដ្ឋារចនាសម្ព័នផ្សេងៗនោះទេ។ ដូច្នេះហើយពួកគេត្រូវបានចាត់ទុកជាគោលដៅវិនិយោគនិងការប្រកបការងារជាមួយ ព្រោះពួកគេមិនដែលគិតតែផលចំណេញតែមួយមុខនោះទេ។

 

៣.សកម្មភាពមុន៥នាទី​៖ សកម្មកាពរយៈពេលមុន៥ នាទីឬច្រើនជាង​នេះដើម្បីបង្ហាញពួកគេមិនមែនជាមនុស្សខ្ជិលច្រអូសនោះទេ។ គេប្រកាន់ខ្ជាប់នូវសកម្មភាពមុនប្រាំនាទី នេះជាកាយវិការបង្ហាញថាពួកគេហ្មត់ចត់ជាមួយការងារ។​សីលធម៍មួយនេះ គឺគេតែងតែអនុវត្តន៍ជានិច្ចមិនថានៅតាម​ សាលារៀ​ន ក្រុមហ៊ុនឬសហគ្រាស។ ការមកដល់ម៉ោងគត់ពេក អាចបង្ហាញ​ថាគេមិនបានរៀបរយខ្លាំងសម្រាប់ការងារទេ។

 

៤.កសាងទំនាក់ទំនង៖ ជនជាតិជប៉ុនជឿទុកចិត្តលើនរណាម្នាក់មុនពេលពួកគេរកស៊ីជាមួយហើយ ដូច្នេះពួកគេចូលចិត្តទំនាក់ទំនង និងរាប់អានដោយមិនប្រកាន់ ទោះទើបជួបគ្នាជាលើកទីមួយ ។ ហើយទំនាក់ទំនងរបស់ជនជាតិនេះត្រូវបានបង្កើតឡើងតាមរយៈការជួបជុំសង្គមក្រៅផ្លូវការដែល ជាជំនួបនៃការញ៉ាំបាយជាមួយគ្នា ឬការផឹកតែជាដើម។ ជាពិសេសពួកគេចូលចិត្តដៃគូសន្ទានាអាចយល់ដឹងពី វប្បធម៍និងទំនៀមទម្លាប់របស់ប្រទេសជប៉ុន។

 

៥.នាមប័ណ្ណជំនួញ៖ ពួកគេមានទម្លាប់ផ្លាស់ប្តូរនាមប័ណ្ណគ្នានៅវិនាទីដំបូងក្រោយការគោរពគ្នា ការធ្វើដូចនេះវាបានបង្ហាញឱ្យឃើញថា សមាសភាពពួកគេមកពីណា ធ្វើអ្វី និងមានគោលជំហរក្នុងការសន្ទានាដែលមានបទដ្ឋានរឹងមាំមួយ។ ការធ្វើបែបនេះរបស់ជនជាតិជប៉ុន​វាបង្ហាញអំពីការគោរពចំពោះវត្តមានរបស់នរណាម្នាក់។

 

យ៉ាងណាមិញកត្តារួមផ្សំទាំងនេះហើយ ដែលជួយឱ្យជនជាតិជប៉ុនធ្វើការខ្លាំង និងត្រូវបានពិភពលោកមិនថាអាស៊ីអឺរ៉ុបនោះទេតែងតែមានការស្ងើចសរសើរ អំពីអត្តចរិត ផ្នត់់គំនិតនិងវិន័យរបស់ជនជាតិនេះជារឿយៗ៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia