បច្ចុប្បន្នតម្លៃហាងឆេងមាសអន្តរជាតិត្រូវបានគេជួញដូរក្នុងតម្លៃ៤៣៩៥ដុល្លារក្នុងមួយអោន(ស្មើនឹង៥២៩៥ដុល្លារក្នុងមួយតម្លឹងឬស្មើនឹង៥២៩ដុល្លារក្នុងមួយជី) បើទោះនៅជាមាសបានឡើងមកតម្លៃខ្ពស់ពិតមែនតែអ្នកជំនាញថាពេលនេះគឺជាពេលវេលាដែលអាចទុកមាសទុក។
បើយោងតាមការចុះផ្សាយរបស់ Kitco លោកស្រី Roukaya Ibrahim ដែលជាប្រធានយុទ្ធសាស្រ្តនៃក្រុមហ៊ុន BCA Research បានឲ្យដឹងពេលនេះជាពេលវេលាក្នុងការទិញមាសទុកយោងតាមកត្តាធំៗខាងក្រោមនេះ៖
១. អត្រាការប្រាក់ឡើងដល់កំពូលរួចហើយ
លោកស្រីបញ្ជាក់ថា "សម្ពាធធ្ងន់ធ្ងរបំផុតពីអត្រាការប្រាក់ពិតប្រាកដបានឆ្លងផុតហើយ"។ ទោះបីជាធនាគារកណ្តាលអាមេរិក (Federal Reserve) ដំឡើងអត្រាការប្រាក់បន្ថែមទៀតក៏ដោយ ក៏វានឹងមិនបង្កជាសម្ពាធបន្ថែមទៀតលើតម្លៃមាសនោះទេ។ នៅពេលអត្រាការប្រាក់ពិតប្រាកដឈប់កើនឡើងធ្វើឱ្យមាសមានភាពទាក់ទាញខ្លាំងឡើងវិញសម្រាប់អ្នកវិនិយោគ។
២.ការទិញមាសពីធនាគារកណ្តាល (Central Bank Buying)
ការទិញមាសពីសំណាក់ធនាគារកណ្តាលជុំវិញពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានក្លាយជា "ជើងទម្ររឹងមាំ" (Price Floor) ដែលជួយទប់មិនឱ្យតម្លៃមាសធ្លាក់ចុះខ្លាំងពេកនោះទេ។
៣. និន្នាការប្រាក់ដុល្លារអាមេរិក
ក្នុងរយៈពេលវែង ប្រាក់ដុល្លារអាមេរិកត្រូវបានរំពឹងថានឹងចុះខ្សោយដោយសារសម្ពាធរចនាសម្ព័ន្ធសេដ្ឋកិច្ច ដែលកត្តានេះនឹងប្រែប្រួលមកជាកម្លាំងរុញច្រានឱ្យតម្លៃមាសកើនឡើងបន្ថែមទៀត។
គួរបញ្ជាក់ផងដែរការធ្លាក់ចុះនៃតម្លៃមាសនាពេលថ្មីៗនេះ ត្រូវបាន BCA Research មើលឃើញថាជា "ឱកាសមាសក្នុងការទិញ"។ BCA ជឿជាក់ថា តម្លៃមាសបានរកឃើញបាតក្រោមរឹងមាំរួចហើយ ហើយកត្តាម៉ាក្រូសេដ្ឋកិច្ចពិភពលោកកំពុងដើរស្របគ្នាដើម្បីជួយឱ្យតម្លៃមាសមានទំនោរឡើងថ្លៃវិញនាពេលខាងមុខ៕


