កាលពីព្រឹកមិញនេះ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Jonathan K.S. Choi ប្រធានសភាពាណិជ្ជកម្មចិន សម្ព័ន្ធសហគ្រិននៅតំបន់ឆ្នេរសមុទ្រ និងក្រុមហ៊ុនសាន់វ៉ា គ្រុប អមដំណើរដោយគណៈប្រតិភូមកពី ក្វាងទុង ហុងកុង និងម៉ាកាវ នៃប្រទេសចិន ជាង ៦០រូប ចូលជួបសម្តែងការគួរសមដើម្បីពិភាក្សាការងារក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
ក្នុងឱកាសនៃជំនួបនេះ លោក Jonathan K.S. Choi លោកក៏បានលើកឡើងពីគោលបំណង និងចំណាប់អារម្មណ៍ពីការវិនិយោគលើវិស័យនានាជាច្រើនក្នុងប្រទេសកម្ពុជា រួមមាន៖ ឌីជីថល ឡូជីស្ទីក ថាមពល អចលនទ្រព្យ ផលិតកម្មលើការកែច្នៃ ជាដើម។ ស្របពេលជាមួយគ្នានេះ គណៈប្រតិភូជាវិនិយោគិន ក៏បានស្នើសុំការបញ្ជាក់ចំពោះលក្ខខណ្ឌនៃការធ្វើពាណិជ្ជកម្មមួយចំនួនក្នុងប្រទេសកម្ពុជា ផងដែរ។
ជាការឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោក Jonathan K.S. Choi រួមទាំងគណៈប្រតិភូចិនគ្រប់រូប ដែលបានអញ្ជើញមកដល់ទីស្ដីការក្រសួងពាណិជ្ជកម្ម ក៏ដូចជាបានមកបំពេញទស្សនកិច្ចដោយផ្ទាល់នៅព្រះរាជាណាចក្រកម្ពុជា។
ស្របពេលជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំដល់ភាគីក្រុមហ៊ុន ក្នុងការទំនាក់ទំនង និងសិក្សាលើគម្រោងដែលបានលើកឡើងពីខាងដើមនេះ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រេចបាននូវលទ្ធផលប្រកបដោយប្រសិទ្ធភាព។ ហើយក្រសួងពាណិជ្ជកម្មរីករាយក្នុងការសហការ និងជួយសម្របសម្រួលជូនដល់វិនិយោគិនទាំងឡាយ ក្នុងក្របខណ្ឌពាណិជ្ជកម្ម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបានកាន់តែច្រើនឡើងបន្ថែមទៀត៕